ភពផែនដីយើងមានអាយុប្រហែល៤,៥ពាន់លានឆ្នាំមកហើយ។ ប៉ុន្តែហ្វូស៊ីលដែលមានអាយុចំណាស់ជាងគេដែលគេរកឃើញបានបង្ហាញថា ជីវិតនៅលើផែនដីគឺចាប់ផ្តើមឡើងប្រហែល៣,៥ពាន់លានឆ្នាំមុន។
ដំបូងឡើយភពផែនដីយើងនេះមានកម្តៅក្តៅខ្លាំង ស្ងួត នឹងពោរពេញទៅដោយផែនធូលី ហើយព្រមទាំងគ្មានខ្យល់អ៊ុកស៊ីសែនសម្រាប់ទ្រទ្រង់ជីវិតទៀតផង។ យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា សារាយសមុទ្រ(algae) ខៀវ-បៃតង គឺជាភាវៈដែលមានជីវិតមុនគេនៅក្នុងភពមួយនេះ។ រុក្ខជាតិទាំងនោះវាអាចផលិតអាហារ និងអ៊ុកស៊ីសែនដោយខ្លួនឯងតាមរយៈការប្រើប្រាស់រស្មីព្រះអាទិត្យដែលដំណើរនេះគេឲ្យឈ្មោះថា “ការធ្វើរស្មីសំយោគ” (រុក្ខជាតិបច្ចុប្បន្នក៏មានដំណើរនេះផងដែរ)។ បន្តិចម្តងៗ បរិមាណអ៊ុកស៊ីសែននៅលើផែនដីយើងនេះមានការកើនឡើង ដែលនាំឲ្យសរីរាង្គធំៗមានលទ្ធភាពធ្វើការវិវឌ្ឍន៍។
ប៉ុន្តែ មានអ្នកវិទ្យាសាស្ត្រមួយចំនួនទៀតបានលើកឡើងថា ជីវិតមិនបានវិវឌ្ឍឡើងដោយខ្លួនឯងនៅលើផែនដីនេះទេ តែ មកពីភពផ្សេង។ ពួកគេជឿថា មានផ្កាយដុះកន្ទុយបានបុកប៉ះនឹងផែនដី ហើយនាំមកជាមួយនូវប្រូតេអ៊ីនដែលជាហេតុធ្វើឲ្យជីវិត កកើតឡើង។ មានទ្រឹស្តីជាច្រើនដែលនិយាយបកស្រាយអំពីកំណកំណើតជីវិតនៅលើផែនដីនេះ ប៉ុន្តែមិនទាន់មានទ្រឹស្តីណាមួយត្រូវបានបញ្ចាក់ឲ្យបានច្បាស់លាស់នៅឡើយទេ។
ប្រហែលប្រមាណជាង៥០០លានឆ្នាំមុន ជីវិតសត្វកកើតឡើងដំបូងបង្អស់គឺនៅក្នុងសមុទ្រ។ ពួកវាមានខ្លួនទន់ និងរាងសំប៉ែត។ ពួកវាទាំងនេះ គឺជាដូនតារបស់ ពពួកសត្វត្រីសមុទ្រAnemone Urchin ខ្ញែសមុទ្រ និងដង្កូវ។ពួកវាទាំងអស់សុទ្ធតែជានិប្បិដ្វ្យាដ្ឋិកសត្វ(សត្វឥតឆ្អឹងខ្នង)។
សត្វដែលមានឆ្អឹងខ្នងដំបូងគេបង្អស់នៅលើផែនដីយើងនេះត្រូវបានគេឲ្យឈ្មោះថា “ពីកា” (Pikaia) ដែលមានរូបរាងស្រដៀងនឹងព្រូនសំប៉ែតហើយមានប្រវ៉ែងប្រហែល៥ ស.ម។ វាធ្វើការហែលទៅជិតបាតសមុត្រដោយធ្វើការរលាស់ខ្លួនទៅវិញទៅមក ព្រមទាំងប្រើប្រាស់កន្ទុយដើម្បីតម្រង់ទិសដៅ។ បច្ចុប្បន្ននេះ ពីកាបានផុតពូជបាត់ទៅហើយ។
ពីកាត្រូវបានបន្តវេណដោយសត្វត្រីដែលគ្មានថ្គាម និងចង្កា ដែលជាហេតុធ្វើឲ្យពួកគេត្រូវតែចំហរមាត់រហូតដើម្បីចាប់រុក្ខជាតិ និងសត្វជាចំណីអាហារ។ ក្រោយមក ប្រហែល៤៥០លានឆ្នាំមុន ស៊ីឡាខាន់ (Coelacanth ដែលជាសត្វត្រីមួយប្រភេទ) បានធ្វើការវិវឌ្ឍថ្គាម និងធ្មេញ។ ដោយសារតែពួកគេអាចស៊ីចំណីបានច្រើនជាងមុន ធ្វើឲ្យពពួកត្រីនេះមានការធំធាត់បានយ៉ាងរហ័ស។ រឿងដ៏គួរឲ្យអស្ចារ្យបំផុតនោះ ពពួកត្រីស៊ីឡាខាន់នៅមានវត្តមានក្នុងភពផែនដីយើងនៅឡើយ។
ដោយសារតែនៅក្នុងសមុទ្រ ជីវិតសត្វកាន់តែមានច្រើនទៅៗដែលពិបាកក្នុងការចំណីអាហារសម្រាប់ចិញ្ចឹមជីវិតនោះ ពពួកត្រីខ្លះបានចាប់ផ្តើមបម្លាស់ទីមកលើគោក ដើម្បីគេចវេសពីសត្រូវ និងដើម្បីងាយស្រួលក្នុងការរកអាហារចិញ្ចឹមជីវិត។ សត្វខ្លះបានវិវឌ្ឍខ្លួនប្រាណទៅជាសត្វល្អិតដែលក្រោយមកវាចាប់ផ្តើមមានសួត ហើយកន្ទុយរបស់វាបានប្រែក្លាយទៅជាជើង។ វាគឺជាថលជលិក(សត្វដែលអាចរស់ក្នុងទឹកនិងលើគោក)ដំបូងបង្អស់ដែលពពួកសត្វនេះមានជិវិតក្នុងកំឡុងពេលនោះត្រូវបានគេឲ្យឈ្មោះថា “អាខានធូសេ្តកា” (acanthostega)។ វាមានជើង៤ ដែលមានរូបរាងស្រដៀងទៅនឹងសត្វបង្គួយសព្វថ្ងៃ។
ការវិវឌ្ឍន៍របស់ជីវិតនៅលើផែនដីគឺមានប្រវត្តិវែងឆ្ងាយណាស់ ប៉ុន្តែ«គំនិត»សូមបញ្ចប់តែត្រឹមនេះសិន ហើយសន្យាថា និងបកស្រាយបន្តនៅពេលខាងមុខ។
ដកស្រង់នឹងប្រែសម្រួលពី៖ សៀវភៅ The Great Book of Questions and Answer បោះពុម្ភឆ្នាំ២០០៧។