ភពផែនដីគឺជាទីលំនៅរបស់មនុស្ស សត្វ និងរុក្ខជាតិ។ វាគឺជាទីកន្លែងតែមួយគត់ដែលអំណោយផលល្អដល់ជីវិតរស់នៅ ដោយសារតែនៅទីនេះ មានខ្យល់អុកស៊ីសែនសម្រាប់ដកដង្ហើម ទឹកសម្រាប់ប្រើប្រាស់ និងធនធានដ៏ទៃៗទៀតដែលជាវត្ថុមិនអាចខ្វះបានក្នុងជីវិតរស់នៅ ការលូតលាស់និងការអភិវឌ្ឍ។ ប៉ុន្តែ តើអ្នកបានសួរខ្លួនឯងដែរឬទេ ថាតើអ្នកបានដឹងអ្វីខ្លះអំពីភពមួយនេះដែលជាទីកន្លែងកំណើតរបស់អ្នក?
ថ្ងៃនេះគេហទំព័រគំនិត នឹងលើកយកចំណេះដឹងមួយចំនួនដែលយើងទាំងអស់គ្នាគួរយល់ដឹងអំពីភពមួយនេះមកចែកជូនប្រិយមិត្តអ្នកអាន។ ដើម្បីកុំអោយខាតពេលយូរ យើងទៅតាមដានទាំងអស់គ្នា។
១-ភពផែនដីគឺជាភពលេខរៀងទីបីក្នុងប្រព័ន្ធព្រះអាទិត្យ
ភពផែនដីមានចម្ងាយប្រមាណ ១៤៩ ៣៩៧៨៩០គីឡូម៉ែត្រពីព្រះអាទិត្យ ឬក៏ស្មើនឹង១AU(Astronomical Unit)។ ភពនេះស្ថិតនៅចន្លោះភពព្រះសុក្រ(Venus) និងភពព្រះអង្គារ(Mars)។
២-ភពផែនដីគឺជាភពធំបំផុតលំដាប់ទីប្រាំក្នុងប្រព័ន្ធព្រះអាទិត្យ
ផែនដីមានអង្កត់ផ្ចិតប្រមាណ១២៧៥៦គីឡូម៉ែត្រដែលវាស់នៅត្រង់ចំនុចអេក្វាទ័រ(ចំនុចកណ្តាល)។ ភពនេះមិនមានរាងមូលនោះទេ តែវាមានរាងដូចផ្លែក្រូច ហើយសំប៉ែតបន្តិចត្រង់តំបន់ប៉ូល។ អង្កត់ផ្ចិតនៅត្រង់តំបន់ប៉ូលគឺប្រមាណ១២ ៧១០គីឡូម៉ែត្រ។
៣-ភពផែនដីគឺជាភពតែមួយគត់ដែលអំណោយផលដល់ជីវិត
ភពផែនដីគឺជាទីកន្លែងដែលបានផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងសម្រាប់ការរស់នៅ។ ការកកើតឡើងនូវភពមួយនេះគឺវាមានភាពស្មុគស្មាញ ហើយជួនកាលគឺមិនអាចស្មានដឹង។ ខ្យល់ ទឹក ដី និងជីវិត ដែលរួមមានមនុស្សផងដែរនោះ បានធ្វើអោយភពមួយនេះមានការកែប្រែជាច្រើន ដែលអ្នកវិទ្យាសាស្ត្របាននឹងកំពុងតែធ្វើការសិក្សាស្រាវជ្រាវដើម្បីស្វែងយល់ពីភពមួយនេះ។
៤-ភពផែនដីគឺគ្របដណ្តប់ភាគច្រើនដោយទឹក
ភាគច្រើននៃផ្ទៃផែនដីគឺត្រូវបានគ្របដណ្តប់ដោយទឹក ដែលមានប្រមាណ៧១%នៃផ្ទៃសរុប។ រហូតមកដល់ពេលនេះ ភពផែនដីគឺជាភពតែមួយគត់ដែលមានទឹកគ្របដណ្តប់នៅលើផ្ទៃដី។ ហេតុដូចនេះហើយទើបភពនេះ គឺជាភពតែមួយគត់ដែលមានជីវិតរស់នៅ។
៥- ភពផែនដីផ្តល់នូវបរិយាកាសដែលអំណោយផលដល់ជីវិត
នៅក្នុងបរិយាកាសនៃភពផែនដីមាន អាសូត(N) ៧៧% អុកស៊ីសែន(O2) ២១% រួមសមាសធាតុឧស្ម័នផ្សេងៗទៀតដូចជា អាកុង(Ar) កាបូនឌីអុកស៊ីត (CO2)។ល។ បរិយាកាសនេះអំណោយផលដល់ជីវិតនានានៅលើភពនេះ ហើយវាបានជះឥទ្ធិពលដល់អាកាសធាតុភពផែនដីទាំងរយៈពេលវែង និងរយៈពេលខ្លី ហើយវាបានបញ្ចៀសយើងចេញពីជាតិវិទ្យុសកម្មដែលប្រកបដោយគ្រោះថ្នាក់នានាស្ទើរតែទាំងអស់ ពីព្រះអាទិត្យ។