spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើអ្វីទៅនឹងធ្វើឲ្យជីវិតអ្នកល្អប្រសើរ?

តើអ្វីទៅនឹងធ្វើឲ្យជីវិតអ្នកល្អប្រសើរ?

-

តើអ្នកដឹងទេ កត្តាអ្វីខ្លះដែលធ្វើឱ្យយើងមានជីវិតកាន់តែប្រសើរ? ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សាឲ្យខ្លួនឯងមានសុខុមាលភាព​និង​ភាពសប្បាយរីករាយ?​តើរាល់ថ្ងៃនេះអ្នកបានចំណាយពេលទៅលើអ្វីខ្លះ?

​        យើងគួរតែសួរទៅកាន់មនុស្សទាំងអស់នោះថាតើគោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺអ្វី?​រីឯចម្លើយដែលបានមកគឺ​ ប្រហែលជា៨០%នៃមនុស្សទាំងអស់ គឺ​គោលដៅជីវិតរបស់ពួកគេគឺក្លាយជាអ្នកមាន រីឯ៥០%បាននិយាយថា​គោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺ​ក្លាយជាអ្នកល្បីល្បាញម្នាក់​ដូចនេះហើយដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត​យើងត្រូវជម្រុញខ្លួនឯង ឲ្យខិតខំបំពេញការងារ ព្យាយាមធ្វើការឲ្យបានល្អ។​យ៉ាងណាមិញទំនាក់ទំនងល្អនឹងធ្វើឲ្យមនុស្សមានសុខភាពល្អ និង មានភាពសប្បាយរីករាយនៅក្នុងជីវិត​ហើយពួកយើងក៏បានរៀនមេរៀន៣ធំៗពីទំនាក់ទំនង។​

​        មេរៀនទី១គឺទំនាក់ទំនងនៅក្នុងសង្គមតាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបង្កើនទំនាក់ទំនងក្នុងសង្គមពិតជាល្អមែនទែនសម្រាប់ពួកយើងទាំងអស់គ្នាដើម្បីបង្កើននូវសុខភាពផ្លូវចិត្ត និង សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំ និង រីករាយ។ ជាក់ស្ដែងមនុស្សដែលមានទំនាក់ទំនងល្អជាមួយគ្រួសារ ជាមួយមិត្តភិក្ត ជាមួយមិត្តរួមការងារ និង ជាមួយសហគមន៍ គឺយើងឃើញថាពួកគេមានសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត​ និង រស់នៅបានយូរជាងមនុស្សដែលខ្វះការទំនាក់ទំនង ឬ​មនុស្សដែលមិនចូលចិត្តទាក់ទងគេឯង ពោលគឺ ចូលចិត្តធ្វើអ្វីតែឯងៗ គ្មានមនោសញ្ចេតនា…ជាដើម។ភាគច្រើនមនុស្សដែលខ្វះការទំនាក់ទំនងនឹងធ្វើឲ្យពួកគេតែងជួបនឹងបញ្ហាមួយចំនួនដូចជា បាក់ទឹកចិត្ត​​ ស្មុគស្មាញចិត្តគំនិត និង​មានអារម្មណ៍តប់ប្រមល់ ឬ ធុញថប់ជាដើម ជាពិសេសសុខភាព និង មុខងារខួរក្បាលរបស់ពួកគេនឹងថយចុះជាលំដាប់ធ្វើឲ្យគេរស់មិនសូវបានយូរ។

មេរៀនទី២ដែលសំខាន់គឺ គុណភាពនៃមិត្តភាព​ ​ព្រោះមិត្តភាពក៏ជាផ្នែកមួយដែលជួយធ្វើឲ្យជីវិតរបស់អ្នកមានភាពល្អប្រសើរដែរ។ តួយ៉ាងវាមិនសំខាន់ទេថាអ្នកមានមិត្តភិក្តប៉ុន្មាននាក់ ហើយធ្វើយ៉ាងម៉េចទៅលើទំនាក់ទំនងនេះ​ តែអ្វីដែលសំខាន់គឺគុណភាពនៃទំនាក់ទំនងជិតស្និទ្ធ។​មូលហេតុដែលយើងត្រូវគិតទៅលើគុណភាពនៃមិត្តភាព ព្រោះការរស់នៅដោយការឈ្លោះប្រកែកគ្នាគឺវាពិតជាមានឥទ្ធិពលអាក្រក់ដល់សុខភាព ជួនកាលអាចធ្វើឲ្យអ្នកគិតច្រើន ឬពិបាកចិត្តដោយសារតែជម្លោះនេះក៏ថាបាន។

មេរៀនទី៣ដែលយើងរៀនពីទំនាក់ទំនងដែលជួយដល់សុខភាពគឺថា ទំនាក់ទំនងល្អមិនមែនការពារបានតែរាងកាយរបស់យើងប៉ុណ្ណោះទេ តែវាក៏ជួយការពារខួរក្បាលរបស់យើងផងដែរ។តួយ៉ាងយើងឃើញថា មនុស្សដែលមានអាយុ៨០ឆ្នាំ ហើយកំពុងស្ថិតនៅក្នុងទំនាក់ទំនងល្អ ឬ ហៅបានថា​ជាទំនាក់ទំនងស្អិតរមួតជាមួយគ្នា ចេះយល់ចិត្តគ្នា ហើយពួកគាត់មានអារម្មណ៍ថាទោះបីជាខ្លួនឯងចាស់ហើយក៏ដោយ ក៏នៅមានអ្នកពឹងពាក់បាន មានអ្នកចាំជួយចាំគាំទ្រខ្លួន នោះគាត់ជាប្រភេទមនុស្សដែលរូបរាងកាយចាស់ តែខួរក្បាលរបស់គាត់នៅចងចាំល្អ ហេតុអ្វី? គឺដោយសារតែទំនាក់ទំនងល្អដែលមាននៅអាយុ៨០ជួយព្យាបាលការគិត ព្យាបាលខួរក្បាល និង អារម្មណ៍របស់គាត់ឲ្យចងចាំបានល្អ។ ប៉ុន្តែចំពោះអ្នកដែលមានទំនាក់ទំនងរដិបរដុប ទំនាក់ទំនងដែលមានភាពរកម្មរកុសជាមួយគ្នា មិនចេះយល់ចិត្តគ្នា ឬ ពេលខ្លះមានអារម្មណ៍ថាគ្មានអ្នកណាអាចជាទីពឹងបាន នោះពួកគាត់នឹង ឆាប់បាត់បង់ការចងចាំនៅមុនអាយុ៨០ទៅទៀតក៏ថាបាន។

ជារួមយើងឃើញថាទំនាក់ទំនងល្អវាពិតជាជួយឲ្យយើងមានសុខភាពល្អ អារម្មណ៍ល្អ និង សប្បាយរីករាយ។តាមរយៈការសរសេររបស់លោកម៉ាកថ្វេន បានសរសេរថា “ វាមិនមានពេលច្រើននោះទេ ដូចនេះមនុស្សគ្រប់គ្នាគួរតែរីករាយនៅក្នុងជីវិត និង​ ផ្ដល់ឲ្យគ្នានូវក្ដីស្រលាញ់ពិតប្រាកដ​ រួចបោះចោលនូវការឈ្លោះប្រកែកគ្នា ការមិនចេះអភ័យទោស ឬ អាធ្យាស្រ័យឲ្យគ្នា ការហែកហួរគ្នា និង ការគុំគួនគ្នាទៅ។ ជាចុងបញ្ចប់ជីវិតដែលល្អប្រសើរគឺជាជិវិតដែលត្រូវបានបង្កើតឡើងដោយទំនាក់ទំនងល្អ

ប្រែសម្រួលពី Ted Talk: Robert Waldinger

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ