អាការៈញ៉ាំមិនបាន គេងមិនលក់ បក់មិនល្ហើយ និងមិនអាចប្រមូលអារម្មណ៍ធ្វើកិច្ចការផ្សេងៗបាននឹងកើតមានឡើងនៅពេលដែលអ្នកចាប់ចិត្តប្រតិព័ទ្ធលើនរណាម្នាក់។ ប្រសិនបើ ស្ថានភាពដូចបានរៀបរាប់ខាងលើនេះកើតមានមែន គឺមានន័យថាអ្នកកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ។ ដំណាក់ដំបូងបង្អស់ក្នុងជីវិតស្នេហានោះគឺ នៅពេលដែលអ្នកចាប់អារម្មណ៍ទៅលើនរណាម្នាក់ អ្នកតែងតែគិតអំពីគេជានិច្ច។ ប៉ុន្តែ ក្រៅពីភាសាស្នេហាដែលអ្នកអាចយកមកបរិយាយបាន តើអ្នកមានបានដឹងអំពីវិទ្យាសាស្ត្រស្តីពីការលង់ស្រឡាញ់ និងស្នេហាដែរឬទេ? ដូចនេះ គេហទំព័រ«គំនិត»សូមធ្វើការបកស្រាយចំណេះដឹងមួយចំនួនស្តីពីស្នេហារវាងស្រី និងប្រុសដែលមានទំនាក់ទំនងនឹងវិទ្យាសាស្ត្រ។
– អ្នកវិទ្យាសាស្ត្របានរកឃើញថា ការធ្លាក់ក្នុងអន្លង់ស្នេហ៍គឺប្រៀបបានទៅនឹងការសេពថ្នាំកូកាអ៊ីន ដែលយ៉ាងហោចណាស់វាកើតឡើងនៅក្នុងខួរក្បាលរបស់យើង។ មានមូលហេតុមួយដែលធ្វើឲ្យមនុស្សជាច្រើនមានការពិបាកក្នុងការកាត់ចិត្តពីរឿងស្នេហា និងផ្តាច់គ្រឿងញៀន។ ហេតុផលនោះគឺ វាបានធ្វើឲ្យមជ្ឈមណ្ឌលរីករាយនៅក្នុងខួរក្បាលសកម្មឡើង ដែលកត្តានេះបានធ្វើឲ្យមនុស្សយើងមានចំណង់កាន់តែខ្លាំងឡើងៗ។
– ការថើបគ្រាដំបូងគឺមានសារៈសំខាន់ណាស់សម្រាប់គូស្នេហ៍នីមួយៗ។ ដោយសារតែទឹកមាត់របស់បុរសមានផ្ទុកនូវ អ័រម៉ូនតិះស្តូស្ត័ររ៉ូន (Testosterone) ដែលជាសារធាតុបង្កើននូវចំណង់ស៊ិចសម្រាប់បុរស និងស្ត្រី ការថើប និងបបោសអង្អែលថ្នមៗនឹងអាចធ្វើឲ្យគូភាគីទាំងពីរមានសេចក្តីសុខកាន់តែប្រសើរឡើង។
– យោងតាមនរវិទូដ៏ល្បីល្បាញ អ្នកស្រី ហេឡិន ហ្វ៊ីស្សឺ(Helen Fisher) បានឲ្យដឹងថា បុរសធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនជាងស្ត្រីដោយសារតែពួកបុរសគឺមានទំនោរទៅលើរូបរាងខាងក្រៅ។
– ទោះបីជាមនុស្សមិនទាន់ចង់បានអ្នកស្នងត្រកូលក៏ដោយ រាងកាយបានធ្វើការឆ្លើយតបទៅនឹងការវិវត្តន៍ដើម្បីស្វែងរកដៃគូរជីវិត។ មូលហេតុនេះហើយបានជាការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យឃើញថា ប្រតិកម្មរបស់ស្ត្រីចំពោះបុរសនៅពេលដែលកំពុងតែបញ្ចេញអូវុលមានសភាពខុសប្លែកពីធម្មតា។ ចំណែកឯមនុស្សប្រុសវិញក៏ដូចគ្នាផងដែរ។
– ផលធៀបរវាងចង្កេះ និងត្រកៀកគឺជាកត្តាដ៏សំខាន់មួយដែលធ្វើឲ្យបុរសកំណត់ថាតើនារីនោះមានភាពទាក់ទាញឬអត់។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ផលធៀបរវាងត្រកៀក និងចង្កេះ ០,៧ របស់ស្ត្រីគឺមានភាពទាក់ទាញបំផុតចំពោះបុរស មានន័យថា ចង្កេះតូចជាងត្រកៀក។ ផលធៀបរវាងចង្កេះ និងត្រកៀក ពី០,៧ ដល់ ១,១៨ ក៏ត្រូវបានចាត់ទុកថាទាក់ទាញផងដែរ ដែលផលធៀបនេះអាចបញ្ចាក់ពីសុខភាពរាងកាយ និងសុខភាពតំណពូជរបស់ស្ត្រីបាន។
– ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ស្ត្រីអាចប្រើប្រាស់ច្រមុះក្នុងការស្វែងរកបុរសដែលមានហ្សែនខុសពីពួកគេ ដើម្បីធានាបានអ្នកស្នងត្រកូលដែលមានហ្សែនរួមបញ្ចូលគ្នាដ៏ល្អមួយនាពេលអនាគត។ ផ្ទុយមកវិញ ស្ត្រីដែលកំពុងតែប្រើប្រាស់ថ្នាំពន្យាកំណើតអាចនឹងមានអារម្មណ៍ថាបុរសដែលមានរាងរៅតំណពូជ(Genetic Code)ប្រហាក់ប្រហែលគ្នាមានភាពទាក់ទាញជាង។
– យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា មុខ និងភាពស៊ីម៉េទ្រីនៃផ្ទៃមុខរបស់ស្ត្រីគឺជាចំណុចដែលបុរសសម្រេចចិត្តថាគួរសាងស្នេហ៍ និងរួមរស់ជាមួយនឹងនាង។
– ការស្រាវជ្រាវមួយនាឆ្នាំ២០០៧បានរកឃើញថា មនុស្សយើងចូលចិត្តជ្រើសរើសដៃគូដែលមានភាគរយ ជាតិខ្លាញ់ក្នុងរាងកាយប្រហាក់ប្រហែលគ្នា។ មូលហេតុនេះបណ្តាលមកពី យើងម្នាក់ៗចាប់អារម្មណ៍ចំពោះមនុស្សណាដែលមានរូបរាង គំនិត និងអាកប្បកិរិយាស្រដៀងនឹងយើង។
-អារម្មណ៍ស្នេហាពុះកញ្ច្រោលរវាងមនុស្សពីរនាក់គឺមិនស្ថិតស្ថេររហូតនោះទេ វាមានរយៈពេលតែពី១៨ខែ ទៅ៣ឆ្នាំប៉ុណ្ណោះ។ ដូច្នេះចូរថែរក្សាពេលវេលា និងទទួលភាពសប្បាយរីករាយនៅពេលដែលអ្នកអាចក្នុងកំឡុងពេលនោះ។ មូលហេតុគឺដោយសារតែខួរក្បាលរបស់យើងមិនអាចទ្រទ្រង់សភាពរំភើបដដែលៗបាននោះទេ។ ប៉ុន្តែមិនមានន័យថាអ្នកទាំងពីរត្រូវតែចែកផ្លូវគ្នាដើរនោះទេ ហើយផ្ទុយទៅវិញវាមានន័យថា អ្នកទាំងពីរត្រូវព្យាយាមអត់ធ្មត់បន្តិចដើម្បីរក្សារភ្លើងស្នេហ៍នេះឲ្យឆេះបានរហូត។
ដកស្រង់ចេញពី៖ www.howstuffworks.com, What goes on in your brain when you’re attracted to someone?