ក្នុងរយៈពេលជាងមួយទស្សវត្សន៍មកនេះ ថ្ងៃ១៤កុម្ភៈគឺជាថ្ងៃដែលក្មេងៗជំទង់ យុវវ័យ មនុស្សចាស់មួយចំនួនបានទិញកាដូឱ្យគ្នា ជាពិសេសបាច់ផ្កាជូនទៅមនុស្សដែលខ្លួនស្រឡាញ់ដើម្បីបញ្ជាក់ក្តីស្នេហ៍គ្នាទៅវិញទៅមក ដែលថ្ងៃនេះគឺជាការទទួលឥទ្ធិពលវប្បធម៌លោកខាងលិច ដែលគេឱ្យឈ្មោះថាទិវានៃក្តីស្រឡាញ់។ ប៉ុន្តែ ដើម្បីជាប្រយោជន៍ និងគុណតម្លៃ យើងគួរតែមានការផ្លាស់ប្តូរឥរិយាបថនេះ ដោយជំនួសឱ្យការឱ្យបាច់ផ្តា យើងគួរតែឱ្យអ្វីផ្សេងដើម្បីបញ្ជាក់ពីក្តីស្រឡាញ់របស់យើងចំពោះមនុស្សពិសេស។
ខ្ញុំគិតថា សៀវភៅគឺជាកាដូដ៏វិសេសសម្រាប់យើងឱ្យទៅមនុស្សដែលយើងស្រឡាញ់ជាងការឱ្យបាច់ផ្កា។ ហេតុអ្វី? ព្រោះថា នៅប៉ុន្មានខាងមុខបន្ទាប់ពីឱ្យផ្កា ផ្កានោះនឹងបាត់បង់សម្រស់ និងស្វិតស្រពោន ឬក៏អស់ន័យខ្លឹមសារនៅពេលណាមួយ ប៉ុន្តែអត្ថន័យនៅក្នុងសៀវភៅនឹងដិតជាប់ឋិតឋេរជានិរន្តនិងផ្តល់នូវគុណតម្លៃចំណេះដឹងថ្មីៗដល់មនុស្សជាទីស្រឡាញ់របស់អ្នកផងដែរ។ សៀវភៅអាចជម្រុញ និងលើកទឹកចិត្ត ធ្វើឱ្យយើងភ្លឺស្វាង បង្រៀននិងអប់រំ ផ្តល់ការកម្សាន្តអារម្មណ៍ បំភ្លឺជីវិត និងពង្រឹងការគិតរបស់យើងផងដែរ។
ប៉ុន្តែអ្វីដែលគួរឱ្យសង្វេកនៅថ្ងៃទិវានៃក្តីស្រឡាញ់នោះ មនុស្សជាច្រើនបានចំណាយលុយមិនត្រូវនិងមិនបានផលត្រឡប់ជាគុណតម្លៃទាល់តែសោះដោយសារតែការតម្រង់ជួរគ្នាទិញផ្កា តែមានមិនសូវច្រើនប៉ុន្មានទេដែលទិញសៀវភៅ។ តែនេះ ក៏ជាកត្តាមួយដ៏សំខាន់សម្រាប់បែងចែកក្រុមអ្នកមានឱកាសជោគជ័យច្រើន និងអ្នកដែលរស់នៅតាមយថាកម្មផងដែរ ព្រោះថា ប្រសិនបើយើងធ្វើដូចគេដូចឯង យើងប្រាកដមានស្ថានភាពដូចអ្នកទាំងនោះផងដែរ។ ប៉ុន្តែ មនុស្សមួយក្រុមដែលឱ្យតម្លៃលើសៀវភៅ ហើយទិញសៀវភៅឱ្យអ្នកដែលខ្លួនស្រឡាញ់ គាត់គឺជាអ្នកបង្ហាញផ្លូវ និងជួយជម្រុញឱ្យមនុស្សដែលគាត់ស្រឡាញ់មានភាពលេចធ្លោ និងមានដើរលឿនជាងអ្នកដទៃ។
វាគឺជាពេលវេលាមួយសមរម្យដែលយើងគួរតែផ្លាស់ប្តូរ ប្រសិនបើយើងមិនអាចទប់ស្កាត់ឥទ្ធិពលវប្បធម៌ទេ យើងគួរតែកែខៃ និងទាញយកផលចំណេញមកវិញមកពីទិវាទាំងនោះដោយជំនួសឱ្យការផ្តល់បាច់ផ្កា ឬបន្ទះសូកូលា ទៅជាការដូសៀវភៅវិញសម្រាប់បង្ហាញពីក្តីស្នេហ៍ឬក្តីស្រឡាញ់របស់យើង។
បច្ចុប្បន្នគឺជាសម័យកាលឌីជីថលដែលទាមទារឱ្យយើងមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីអាចរស់បានសុខស្រួល និងដើរលឿនជាងគេបាន។ អាស្រ័យហេតុនេះ ការឱ្យកាដូជាសៀវភៅគឺជាជម្រើសដ៏ប្រសើរបំផុតដែលប្រៀបដូចជាយើងឱ្យគុណតម្លៃ ឱ្យចំណេះដឹង និងធ្វើជាពលរដ្ឋគំរូផងដែរ ព្រោះថា ប្រទេសកម្ពុជាត្រូវការអ្នកចេះដឹង ត្រូវការអ្នកឆ្លាតវៃ ត្រូវការអ្នកដើរតាមទាន់សម័យបច្ចេកវិទ្យាដើម្បីភាពរីកលូតលាស់លឿន និងដើម្បីភាពរីកចម្រើនជានិរន្ត។