spot_img
spot_img
Homeបច្ចេកវិទ្យាថ្នាំគ្រាប់វីតាមីនE អាចនឹងបង្កើនគ្រោះថ្នាក់មហារីកប្រូស្តាត

ថ្នាំគ្រាប់វីតាមីនE អាចនឹងបង្កើនគ្រោះថ្នាក់មហារីកប្រូស្តាត

-

ថ្វីត្បិតតែវីតាមីន​គឺជា​សារធាតុ​ដែល​ទ្រទ្រង់ដល់សុខភាព​របស់​យើង​គ្រប់​រូប ប៉ុន្តែ​វីតាមីន​ខ្លះ​អាច​នឹង​ផ្តល់​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នៅ​ពេល​ដែល​គេ​ទទួល​ទាន​វា​ក្នុង​កម្រិត​ច្រើន​លើស​ពី​តម្រូវ​ការ។ ជាក់​ស្តែង​ យោង​តាម​ការសិក្សាមួយ​បាន​ឲ្យដឹង​ថា គ្រាប់​ថ្នាំ​បំប៉នវីតាមីន​E អាច​បង្កើន​កម្រិត​នៃ​ការ​ប្រឈម​មុខ​នៃ​ការ​កើតជម្ងឺ​មហារីក​ប្រូស្តាត។

ការសិក្សារ​នេះ​ធ្វើឡើង​ទៅលើក្រុម​មនុស្ស​ប្រុស​ដែល​ទទួល​ទានថ្នាំ​វីតាមីនEកម្រិត​ខ្ពស់រយៈពេល៥ឆ្នាំ។ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពួក​គេ​ទាំងនោះ​នឹង​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជម្ងឺ​មហារីក​ប្រូស្តាត ដែល​ភាគ​រយ​នៃ​ការ​កើត​គឺ​មាន​ច្រើន​ជាងធៀប​នឹង​មនុស្ស​ធម្មតា។

លោក​វេជ្ជបណ្ឌិត Eric Klein ដែល​ជា​គ្រូពេទ្យ​ប្រចាំ​ឃ្លីនិក Cleveland បាន​លើឡើង​ថា “មនុស្សភាគ​ច្រើន​យល់​ឃើញ​ថា វីតាមីនគឺជា​សារធាតុ​ដែល​មិន​ផ្តល់​គ្រោះថ្នាក់ ដោយ​គេចាត់​ទុក​វា​ដូចជា​ស៊ុប​មាន់​អញ្ចឹង ដែលទទួល​ទាន​លើស​បន្តិច​ក៏​មិន​អីដែរ”។ គាត់ក៏​បាន​បន្ថែម​ទៀត​ថា “ ប្រសិនបើអ្នកមាន​វីតាមីន​គ្រប់​គ្រាន់​នៅក្នុង​ខ្លួន​ហើយ ការ​ទទួល​ទាន​បន្ថែម​គឺ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍អ្វីដល់អ្នក​ទេ។ ប៉ុន្តែ​បើអ្នកទទួលទាន​វា​ច្រើនពេក វាអាច​ផ្តល់​គ្រោះ​ថ្នាក់​ដល់​អ្នកបាន”។

ការពិសោធន៍​ទៅលើ​មនុស្ស​ប្រុស​ដែល​ទទួល​ទាន​ថ្នាំ​គ្រាប់​វីតាមីនEប្រភេទ​៤០០រាល់ថ្ងៃ​រយៈពេល​៥ឆ្នាំបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​កើត​ជម្ងឺ​មហារីក​ប្រូស្តាត១៧%ច្រើនជាងអ្នក​ដែលទទួលទានDummy Pills។

អាត្រា​នៃ​ការ​ប្រឈម​មុខ​នឹង​ជម្ងឺ​មហារីកប្រូស្តាត​កាន់តែ​ខ្ពស់ ​នៅ​ពេលដែល​អាយុ​កាន់តែ​ច្រើន។ អាការៈនៃជម្ងឺនេះ​គឺ​ពិបាក​នឹងប៉ាន់ស្មាន​ណាស់។ អាការៈនៃ​ជម្ងឺ​មាន​ដូចជា​ការ​នោម​ញឹកញាប់ ប៉ុន្តែ​អាការៈបែបនេះ​ក៏​អាច​កើតឡើង​ពីជម្ងឺ​ផ្សេងៗ​ផងដែរ។ ប្រសិន​បើការ​រីករាលដាល​នៃ​ជម្ងឺ​មាន​សភាព​យឺត​នោះ នោះអ្នក​ជម្ងឺ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​ករណី​ខ្លះ​តម្រូវ​អោយ​មាន​ការ​វះកាត់​ដើម្បី​ព្យាបាល ដែលវិធី​នេះ​អាចធ្វើអោយប៉ះ​ពាល់​ដល់ប្រព័ន្ធ​បន្ត​ពូជ ។

ថ្នាំ​គ្រាប់​បំប៉ន​វីតាមីនE​ត្រូវ​បាន​គេផ្សព្វផ្សាយ​ថាគឺជា​ភ្នាក់ងារ​ប្រឆាំង​នឹងជម្ងឺ ប៉ុន្តែ​យោង​តាម​ការសិក្សាស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បានធ្វើការ​បដិសេធទាំងស្រុងនូវ​ការលើក​ឡើង​ខាង​លើ។ ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ថា ថ្នាំគ្រាប់​ទាំង​នោះ​អាច​នឹង​ធ្វើ​ឲ្យកើន​ឡើង​ការប្រឈមនឹងគ្រោះ​ថ្នាក់​ចំពោះ​ជម្ងឺ​ផ្សេងៗ ឧទាហរណ៍ដូចជា ការចុះខ្សោយនៃបេះដូងជាដើម។

អ្នកជំនាញ​ជា​ច្រើន​បាន​យល់​ស្រប​គ្នាថា ចំណី​អាហារ​គឺជា​ប្រភព​ដ៏ពិសេស​តែមួយ​គ់ត​ក្នុង​ការ​ទទួល​បាន​នូវ​សារធាតុវីតាមីនសម្រាប់​ទ្រទ្រង់សុខភាព។ ហើយ​សម្រាប់​សារធាតុ​វីតាមីន​Eវិញ យើង​អាច​រក​បាន​ពី​អាហារជា​ច្រើន​ដូចជា ប្រភេទ​គ្រាប់​ធុញ្ញជាតិ ប្រេងបន្លែ គ្រាប់​សណ្តែក ។ល។ សារធាតុ​អាហារ​ទាំងនេះ ជួយ​អោយ​ប្រព័ន្ធ​ប្រសាទ សាច់ដុំ សរសៃ​ឈាម​ ប្រព័ន្ធ​ការពារ​សារពាង្គកាយ​មាន​ដំណើរការ​ល្អ។

ដូចនេះ មុន​នឹង​ធ្វើការ​ទទួលទាន​វីតាមីន​បន្ថែម ប្រិយមិត្ត​គួរ​តែធ្វើការ​ពិព្រោះ​ជាមួយនឹង​គ្រូពេទ្យ​ ឬអ្នកជំនាញជាមុនសិន ដើម្បីជៀសវាង​ការប្រឈមមុខ​នឹងគ្រោះថ្នាក់ដល់សុខភាព។ ចូរចងចាំថា អ្វី​ៗ​ក៏​ដោយ​ឲ្យ​តែ​ហួស​កម្រិត គឺមិនដែល​ល្អ​នោះទេ។

បន្ថែម៖ ប្រសិនបើប្រិយមិត្ត​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ដែល​ទាក់ទង់​នឹងជម្ងឺមហារីកប្រូស្តាត លោកអ្នកអាច​ចុចត្រង់នេះដើម្បី​ធ្វើការ​ស្តាប់​ការពន្យល់​របស់​វេជ្ជបណ្ឌិត​ជំនាញ​នៅក្នុង​កម្មវិធីសុខភាព​និង​អនាម័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិជាភាសាខ្មែរ។

ឯកសារយោង៖

http://www.philly.com/

http://www.cbsnews.com/

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ