អ្នកចិត្តវិទូ និងអ្នកស្រាវជ្រាវបានលើកឡើងនូវទ្រឹស្តីផ្សេងៗគ្នាជាច្រើនអំពីស្នេហា។ ស្នេហាគឺជាតម្រូវការដ៏ចាំបាច់មួយសម្រាប់មនុស្សលោកយើងនេះ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវាមិនមែនជាការងាយស្រួលទេក្នុងការចង់ដឹងថា ហេតុអ្វីបានជាស្នេហាមាននៅលើលោកយើងនេះ? ជាក់ស្តែង រយៈពេលកន្លងមក មានមនុស្សជាច្រើនបានធ្វើការលើកឡើងថា ស្នេហាគឺជាអ្វីដែលវិទ្យាសាស្ត្រមិនអាចយល់ និងពិបាកនឹងបកស្រាយ។ថ្ងៃនេះ គេហទំព័រគំនិតនឹងលើកយកទ្រឹស្តីចំបងៗចំនួន៤ ដើម្បីធ្វើការបកស្រាយអំពីអ្វីៗដែលទាក់ទងទៅនឹងសេចក្តីស្នេហាដូចជា សេចក្តីចូលចិត្ត(like) សេចក្តីស្រឡាញ់(Love) និងអារម្មណ៍ជាប់ជំពាក់ (Emotional Attachment)។
សេចក្តីចូលចិត្ត និងសេចក្តីស្រឡាញ់
អ្នកចិត្តវិទូ Zick Rubin បានលើកឡើងថា ស្នេហាអណ្តែតអណ្តូង(Romantic Love)គឺផ្សំឡើងដោយធាតុផ្សំ៣យ៉ាងគឺ សេចក្តីជំពាក់ចិត្ត(Attachment) សេក្តីថ្នាក់ថ្នម(Caring) និងភាពស្និទ្ធស្នាល(Intimacy)។ សេចក្តីជំពាក់ចិត្ត គឺជាតម្រូវការក្នុងការទទួលភាពថ្នាក់ថ្នម ការយល់ព្រម និងការប៉ះពាល់ផ្នែករាងកាយជាមួយនឹងអ្នកដ៏ទៃ។ សេចក្តីថ្នាក់ថ្នមគឺជាការផ្តល់នូវតម្រូវការ និងភាពរីករាយទៅដល់ដៃគូរ ឲ្យដូចទៅនឹងការផ្តល់ទៅឲ្យខ្លួនអ្នកផ្ទាល់។ ភាពស្និទ្ធស្នាល គឺចង់សំដៅទៅលើ ការចែករំលែកគំនិត សេចក្តីប្រាថ្នា អារម្មណ៍គ្នាទៅវិញទៅមករវាងអ្នកនិងដៃគូរ។
Compassionate Vs. Passionate Love
យោងតាមចិត្តវិទូ Elaine Hatfield និងអ្នករួមការងាររបស់នាង បានចែកស្នេហាជាពីរប្រភេទផ្សេងៗគ្នាគឺ ស្នេហាដោយការអាណិតអាសូរ(Compassionate Love) និងស្នេហាដោយសារតម្រេក(Passionate Love)។ ស្នេហាដោយការអាណិតអាសូរមានចរិកលក្ខណៈដូចជា ចេះគោរពគ្នា មានចិត្តប្រតិព័ទ្ធ ស្រឡាញ់ចូលចិត្តគ្នា និង ទុកចិត្តគ្នាទៅវិញទៅមក។ ស្នេហាប្រភេទនេះកើតឡើងដោយសារតែការយល់ដឹងច្បាស់ពីអារម្មណ៍គ្នាទៅវិញទៅមក ហើយនិងការការគោរពគ្នាទៅវិញទៅមក។
ស្នេហាដោយសារតម្រេក គឺជាស្នេហាដែលមានចរិកលក្ខណៈដូចជា ការរំជើបរំជួលផ្លូវអារម្មណ៍ និងផ្លូវភេទ សេចក្តីភ័យខ្លាច និងសេចក្តីស្រឡាញ់។ នៅពេលការរំជើបរំជួលផ្លូវអារម្មណ៍ត្រូវបានបំពេញតាមតម្រូវការ មនុស្សទាំងនោះនឹងមានអារម្មណ៍សប្បាយរីករាយ និងស្កប់ស្កល់។ ផ្ទុយទៅវិញបើស្នេហាមិនសមតាមអ្វីដែលគេចង់បាន ឬតាមការគិតទេនោះ ស្នេហានេះនឹងក្លាយជាស្នេហាសោកសង្រេង ហើយនឹងឈានទៅរកភាពបែកបាក់។ បើតាមអ្នកចិត្តវិទូHatfieldបានលើកឡើងថា ស្នេហាប្រភេទនេះគឺមិនអាចឋិតឋេរយូរអង្វែងទេ ហើយជាធម្មតាវាមានអាយុប្រហែពី៦ខែ ទៅ៣០ខែ។
Hatfield ក៏បានបន្ថែមថា ស្នេហាដែលកើតឡើងដោយសារតម្រេកនេះ(Passionate Love)កើតឡើងដោយសារតែវប្បធម៌នៅក្នុងសង្គមនោះ ដែលជំរុញឲ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រភេទទាំងនេះ។ ពេលខ្លះ ស្នេហាប្រភេទនេះបានវិវឌ្ឍ និងប្រែប្រួលទៅជាស្នេហាដោយការអាណិតអាសូរ(Compassionate Love) ដែលស្នេហាប្រភេទនេះមានរយៈកាលយូរអង្វែង។
ស្នេហាប្រៀបបីដូចជាពណ៌
នៅក្នុងសៀវភៅដែលមានចំណងជើងថា “ពណ៌នៃស្នេហា” ដែលបានបោះពុម្ភផ្សាយនាឆ្នាំ១៩៧៣របស់លោក John Lee បានធ្វើការបែងចែកស្នេហាដែលមានបែបបទផ្សេងៗគ្នាបីប្រភេទដែលក្នុងនោះមាន Eros Ludos និង Storge.
១-Eros: ស្រឡាញ់មនុស្សដែលស័ក្តិសម
២- Ludos: ស្នេហាគឺជាល្បែងហ្គែម
៣- Storge: ស្នេហាគឺជាមិត្តភាព
ប្រៀបដូចជាពណ៌ដូច្នេះដែរ ស្នេហាទាំងបីនេះ អាចលាយបញ្ចូលគ្នាហើយបង្កើតបានជាស្នេហា ៩ផ្សេងៗទៀតដែល៣ក្នុងចំណោមចំណោមនោះមានដូចតទៅ៖
១- Mania (Eros+Ludos): ស្នេហាដែលគិតមមៃ(Obsessive Love)
២- Pragma (Ludos + Storge) : ស្នេហាដែលពោរពេញទៅដោយភាពប្រកដប្រជា
៣- Agape (Eros + Storge): ស្នេហាដែលមិនគិតពីខ្លួនឯង។
ទ្រឹស្តីត្រីកោណនៃស្នេហា
ចិត្តវិទូលោកRobert Sternberg បានលើកឡើងពីទ្រឹស្តីមួយដែលហៅថា ទ្រឹស្តីត្រីកោណនៃស្នេហា ដែលគាត់បានបង្ហាញថា ស្នេហាកើតឡើងដោយធាតុផ្សំ៣ គឺ ភាពស្និទ្ធស្នាល(Intimacy) តណ្ហា(Passion) និងការលះបង់(Commitment)។ ការបញ្ចូលគ្នារវាងធាតុទាំងបីនឹងអាចបង្កើតបានជាស្នេហាផ្សេងៗទៀត។ ឧទាហរណ៍ ការបញ្ចូលគ្នារវាង ភាពស្និទ្ធស្នាល និងការលះបង់ បង្កើតបានជាស្នេហាដោយការអារណិតអាសូរ(Compassionate Love) រីឯការបញ្ចូលគ្នារវាង តណ្ហា និងភាពស្និទ្ធស្នាលនាំទៅរកស្នេហាដោយសារតម្រេក(Passionate Love)។
យោងតាមលោក Sternberg ទំនាក់ទំនងស្នេហាដែលកើតឡើងដោយការរួមបញ្ចូលគ្នាដោយធាតុ២ ឬច្រើននាំឲ្យស្នេហានោះឋិតឋេរយូរអង្វែងជាងស្នេហាដែលកើតឡើងដែលមានធាតុផ្សំតែមួយ។ គាត់បានប្រើប្រាស់ពាក្យថាស្នេហាពេញលក្ខណៈ(Consummate Love) សម្រាប់ធ្វើការសម្គាល់ទៅលើស្នេហាដែលផ្សំឡើងដោយ ភាពស្និទ្ធស្នាល តណ្ហា និងការលះបង់។ ស្នេហាប្រភេទនេះគឺជាស្នេហាដែលមានឥទ្ធិពលខ្លាំង និងយូរអង្វែងបំផុត ប៉ុន្តែលោកSternbergបានលើកឡើងថា ស្នេហាប្រភេទនេះគឺមិនងាយជួបប្រទះនោះទេ។
ដកស្រង់ចេញពី៖ http://psychology.about.com/od/loveandattraction/a/theoriesoflove.htm