វាគឺជារឿងស្មុគស្មាញមួយចំពោះអ្នកដែលមានគ្រួសារនិងជាឪពុកម្តាយគេ។ វាពិតជាពិបាកក្នុងការសម្រេចចិត្តណាស់ថាគួរធ្វើការនៅខាងក្រៅឬនៅផ្ទះដើម្បីមើលថែរក្សាកូនជាពិសេសចំពោះមនុស្សស្រីតែម្តង។ បើនៅផ្ទះនាំឲ្យបាត់បង់ចំណូលផ្គត់ផ្គង់គ្រួសារនិងមិនអាចសម្រេចក្តីសុបិន្តដែលធ្លាប់ប៉ងទុកតាំងពីមិនទាន់មានគ្រួសារ។ ដោយឡែកបើចេញទៅធ្វើការនៅខាងក្រៅវិញនាំឲ្យបាត់បង់ភាពស្និទ្ធស្នាលជាមួយកូនៗហើយត្រូវចំណាយលុយទៅលើអ្នកមើលថែរក្សាក្មេងទៀត។ ប៉ុន្តែដូចដែលយើងដឹងស្រាប់ថាយើងមិនអាចខ្វះមួយណាបានឡើយហើយបញ្ហាគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ។ យ៉ាងណាមិញការធ្វើឲ្យមានតុល្យភាពរវាងការងារនិងជីវិតប្រចាំថ្ងៃកើតចេញពីការកំណត់អទិភាពប្រកបដោយប្រសិទ្ធភាពរបស់អ្នក។ ខាងក្រោមនេះជាវិធីមួយចំនួនដែលជួយអ្នកក្នុងការកំណត់តុល្យភាពក្នុងការងារនិងជីវិតឲ្យកាន់តែប្រសើរឡើង ៖
ការធ្វើឲ្យមានតុល្យភាពរវាងការងារនិងជីវិតប្រចាំថ្ងៃកើតចេញពីការកំណត់អទិភាពប្រកបដោយប្រសិទ្ធភាពរបស់អ្នក
- បង្កើតកាលវិភាគ ៖ អ្នកត្រូវកំណត់កាលវិភាគមួយជាក់លាក់ថាពេលណាអ្នកធ្វើការនិងពេលណាអ្នកនៅជាមួយគ្រួសារ។ មួយវិញទៀតអ្នកអាចប្រើប្រាស់ប្រតិទិនរួមគ្នាមួយរបស់គ្រួសារអ្នកដើម្បីកំណត់ថាត្រូវធ្វើអ្វីខ្លះជុំគ្នាដូចជាខួបកំណើត ដំណើរកម្សាន្ត ការជួបជុំគ្នាញ៉ាំអាហារពេលល្ងាចជាដើម។
- មានពេលឲ្យគ្រួសារ ៖ មិនថាអ្នករវល់ប៉ុណ្ណាទេ អ្នកត្រូវឆ្លៀតពេលខ្លះឲ្យគ្រួសារនិងកូនៗរបស់អ្នកជាពិសេសគឺពេលល្ងាចនិងពេលយប់។ អ្នកគួរតែញ៉ាំបាយជួបជុំគ្រួសារយ៉ាងហោចណាស់ក៏មួយថ្ងៃម្តងដែរ។ អ្នកអាចបង្កើតពេលវេលារីករាយជុំគ្នានៅពេលយប់ដូចជាអង្គុយជុំគ្នានិយាយពីសកម្មភាពពេញមួយថ្ងៃថាបានធ្វើអ្វីខ្លះ បានជួបអ្នកណា និងមានរឿងអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លះជាដើម។ មួយវិញទៀតអ្នកអាចប្រើជីវិតសាមញ្ញដោយមិនមានទូរស័ព្ទនិងកុំព្យូទ័រនៅជាមួយគ្រួសារដូចជានៅក្នុងថ្ងៃចុងសប្តាហ៍និងថ្ងៃសម្រាកជាដើម។
- មានអ្នកមើលថែកូនដែលអាចជឿទុកចិត្តបាន ៖ នៅក្នុងសង្គមខ្មែរភាគច្រើនអ្នកមើលថែកូនឲ្យយើងគឺជាឪពុកម្តាយរបស់យើងនោះឯងដែលពួកគាត់គឺជាមនុស្សដែលគួរឲ្យទុកចិត្តបំផុតនិងមើលថែកូនរបស់យើងបានល្អបំផុត។ ប៉ុន្តែបើឪពុកម្តាយរបស់អ្នកមិនអាចមើលថែកូនរបស់អ្នកបានទេដោយប្រការណាមួយអ្នកគួររកមនុស្សដែលអ្នកស្គាល់ច្បាស់ ចេះស្រលាញ់មើលថែក្មេងពិតប្រាកដ និងមានការអត់ធ្មត់ច្រើន។ ម្យ៉ាងវិញទៀតឪពុកម្តាយមួយចំនួនបញ្ជូនកូនទៅសាលាមត្តេយ្យដែលនៅទីនោះមានលោកគ្រូអ្នកគ្រូដែលអាចទុកចិត្តមើលថែកូនៗរបស់គេបាន។
- ពិភាក្សាជាមួយគ្រួសារអ្នក ៖ ជួនកាលបញ្ហាមិនអាចដោះស្រាយបានតែម្នាក់ឯងទេ។ អ្នកអាចពិក្សារកដំណោះស្រាយនិងធ្វើឲ្យវាកាន់តែប្រសើរឡើងជាមួយភរិយា ស្វាមី ឬកូនៗរបស់អ្នកចំពោះបញ្ហាបែបនេះ។ ទង្វើបែបនេះមិនត្រឹមតែអាចឲ្យអ្នករកផ្លូវចេញឃើញនោះទេវាថែមទាំងធ្វើឲ្យសមាជិកគ្រួសារទាំងមូលបានយល់ពីកាតព្វកិច្ចរបស់អ្នកនៅកន្លែងការងារថែមទៀតផង។
- ទទួលយកភាពមិនស្មើភាពគ្នា ៖ អ្នកត្រូវដឹងថាគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ ជាពិសេសភាពមិនស្មើគ្នាគឺជារឿងដែលចៀសមិនរួចឡើយ។ វាក៏មានពេលខ្លះដែលអ្នកអាចលម្អៀងទៅម្ខាងៗដែរ។ ឧទាហរណ៍ថាមានសមាជិកគ្រួសារឈឺអ្នកប្រាកដជាត្រូវសុំច្បាប់ការងារមកមើលថែគេ។ ម្យ៉ាងទៀតបើមានការប្រជុំបន្ទាន់អ្នកក៏ត្រូវខកខានការជួបជុំគ្រួសារដែរ។ សំខាន់បំផុតអ្នកមានហេតុផលសមរម្យអាចឲ្យភាគីម្ខាងៗទទួលយកបាននិងមិនងប់ងល់ទៅខាងណាជ្រុលពេក។
អ្នកមិនត្រូវមានអារម្មណ៍ថាមានកំហុសទេតែត្រូវជឿជាក់ទៅលើអត្ថប្រយោជន៍នៃទង្វើរបស់អ្នក។ ការទៅធ្វើការបានល្អនិងបំពេញតួនាទីជាឪពុកម្តាយបានល្អវាគឺជាគម្រូដ៏អស្ចារ្យមួយសម្រាប់កូនៗរបស់អ្នក។ ការមានផែនការណ៍ត្រឹមត្រូវ ការរៀបចំខ្លួនបានល្អនឹងនាំឲ្យតុល្យភាពរវាងការងារនិងជីវិតប្រចាំថ្ងៃរបស់អ្នកមិនលម្អៀងទៅខាងណា។ ជាពិសេសមិនថាអ្នករវល់តាមចាប់ក្តីស្រមៃរបស់ខ្លួនប៉ុណ្ណាទេក៏អ្នកមិនត្រូវភ្លេចមនុស្សសំខាន់ប៉ុន្មាននាក់ដែលរង់ចាំអ្នកនៅឯផ្ទះដែរ។