ការពេញចិត្តនឹងការងារ (Job satisfaction) គឺជាឬសគល់ដ៏សំខាន់បំផុតក្នុងការនាំឲ្យផលិតភាពការងារមានការគាប់ប្រសើរ។ វាស្រដៀងទៅនឹងការលើកទឹកចិត្តដែរតែគ្រាន់តែវាអាចធំទូលាយជាងនិងត្រូវការការយកចិត្តទុកដាក់ច្រើនជាង។ ការពេញចិត្តចំពោះការងារពាក់ព័ន្ធទាំងកត្តាផ្លូវចិត្តនិងផ្លូវកាយរបស់មនុស្សទៅលើការងាររបស់គេ។ ម្យ៉ាងវិញទៀតវាកើតអំពីការផ្តល់កម្លាំងចិត្ត ការលើកសរសើរ និងការឲ្យតម្លៃចំពោះការងារដែលខ្លួនបានធ្វើ។
ការពេញចិត្តនឹងការងាររបស់បុគ្គលិកកើតចេញពីកត្តាធំៗ២ដូចជា ៖
១. កត្តានិយោជក
និយោជកមានតួនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាពេញចិត្តនិងចង់ធ្វើការងាររបស់ពួកគេ។ ខាងក្រោមនេះជាកត្តាទាំងឡាយដែលអ្នកគ្រប់គ្រងគួរអនុវត្ត ៖
- ផ្តល់នូវបរិយាកាសការងារល្អ ៖ បរិយាកាសការងារគឺជារឿងសំខាន់ណាស់។ បើបុគ្គលិកមិនចូលចិត្តកន្លែងធ្វើការរបស់គេ ឬមានអារម្មណ៍ថាការងារដែលគេធ្វើគួរឲ្យធុញទ្រាន់នោះគេក៏មិនចង់មកធ្វើការដែរដែលវានាំឲ្យផលិតភាពការងារថយចុះទៅតាមហ្នឹងដូចគ្នា។
- ចូលទៅពាក់ព័ន្ធជាមួយបុគ្គលិក ៖ ការធ្វើបែបនេះគឺដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយបុគ្គលិកតែមិនត្រូវហួសហេតុពេកទេ។ បន្ទាប់ពីអ្នកទទួលបានភាពស្និទ្ធស្នាលពីបុគ្គលិកហើយ អ្នកត្រូវធ្វើយ៉ាងណាឲ្យបុគ្គលិកមានការពាក់ព័ន្ធជាមួយការងារឲ្យបានកាន់តែច្រើន។ ជាពិសេសអ្នកត្រូវបញ្ជ្រាបពីគោលដៅនិងបេសកកម្មរបស់ក្រុមហ៊ុនឲ្យបុគ្គលិកម្នាក់ៗយល់គ្រប់ៗគ្នា។ ការធ្វើបែបនេះនឹងជួយបង្កើនទំនុកចិត្តរបស់បុគ្គលិកមកលើអ្នកគ្រប់គ្រងជាន់ខ្ពស់។
- សន្តិសុខការងារ ៖ គេនឹងមិនអាក់ខានក្នុងការមកធ្វើការងារទេបើការងាររបស់គេមិនមានគ្រោះថ្នាក់ឬហានិភ័យការងារណាមួយកើតឡើង។ សំខាន់អ្នកត្រូវធ្វើឲ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ថាការងាររបស់គេជាការងារដែលមានភាពសុចរិត ត្រឹមត្រូវ មានសុវត្ថិភាព និងមិនប្រថុយប្រថាន។ ជាពិសេសពួកគេត្រូវបានការពារយ៉ាងពេញលេញដើម្បីធានាសន្តិសុខផ្ទាល់ខ្លួននិងមិត្តរួមការងាររបស់គេ។
- ឱកាសក្នុងការប្រើប្រាស់ជំនាញនិងសមត្ថភាពរបស់គេ ៖ បុគ្គលិកនឹងសប្បាយចិត្តបំផុតបើអ្នកបើកឱកាសឲ្យពួកគេបានបញ្ចេញសមត្ថភាពនិងទេពកោសល្យដែលពួកគេមាន។ ជាពិសេសការដែលអ្នកធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនគេក៏មានចំណែកក្នុងការងារឬក្រុមហ៊ុនរបស់គេដែរ។
- ផ្តល់ការបណ្តុះបណ្តាល ៖ ជាការពិតមនុស្សម្នាក់ៗត្រូវការការអភិវឌ្ឍទៅមុខនិងមិនត្រូវការប្រព្រឹត្តរឿងច្រំដែលឡើយ។ ការផ្តល់វគ្គបណ្តុះបណ្តាលឬសកម្មភាពផ្សេងៗដូចជាការលេងល្បែងកម្សាន្ត ការចុះទស្សនកិច្ច ចូលរួមសិក្ខាសាលា និងផ្តល់សម្ភារៈសិក្សាជាដើមគឺជាវិធីល្អៗដើម្បីអាចឲ្យពួកគេឈានហួសពីព្រំដែនដែលគេធ្លាប់ចេះ។
- ខ្វល់ខ្វាលពីសុខុមាលភាពបុគ្គលិក ៖ មានដូចជាការផ្តល់ធានារ៉ាប់រងសុខភាព ការផ្តល់ការឈប់សម្រាក ប្រាក់រង្វាន់លើកទឹកចិត្ត ការឡើងដំណែងជាដើម។
- មានលំនឹងផ្នែកហិរញ្ញវត្ថុ ៖ ជាក្រុមហ៊ុនដែលមិនងាយជួបប្រទះការដួលរលំ និងមានដើមទុនគ្រប់គ្រាន់។
២. កត្តាខ្លួនឯង
មិនថាអ្នកគ្រប់គ្រងធ្វើបានល្អប៉ុណ្ណាទេ តែបើបុគ្គលិកមិនពេញចិត្តខ្លួនឯងនោះវាពិតជាមិនអាចទៅរួចឡើយក្នុងការបង្ខំគេឲ្យពេញចិត្តចំពោះការងារ។ បើអ្នកមានអារម្មណ៍ថាមិនសូវពេញចិត្តចំពោះការងារខ្លួនឯង វិធីខាងក្រោមនេះអាចជួយអ្នកបាន ៖
- ផ្លាស់ប្តូរទម្លាប់ការងាររបស់ខ្លួន ៖ ស្វែងរកឲ្យឃើញថាតើអ្នកចូលចិត្តធ្វើអ្វីនៅក្នុងការងារហើយប្រឹងប្រែងធ្វើវាឲ្យបានល្អបំផុត។ បើអ្នកគិតថាអ្នកធ្វើកិច្ចការណាមួយហើយអ្នកធុញ អ្នកគួរចំណាយពេលលើវាតិចបានហើយ។ មួយវិញទៀតកាត់បន្ថយសកម្មភាពទាំងឡាយដែលងាយនាំឲ្យអ្នកមានភាពតានតឹងឬអារម្មណ៍តប់ប្រមល់។ ឧទាហរណ៍បញ្ហាចរាចរណ៍ជារឿងដែលធ្វើឲ្យអ្នកឈឺក្បាលរាល់ថ្ងៃមុនមកដល់កន្លែងការងារនៅម៉ោង៨ព្រឹក។ អ្នកអាចផ្លាស់ទម្លាប់មកធ្វើការនៅម៉ោង៧ព្រឹកវិញដើម្បីចៀសឆ្ងាយពីបញ្ហានោះ។
- ផ្លាស់ប្តូរទំនាក់ទំនងនៅកន្លែងការងារ ៖ មនុស្សដែលនៅជុំវិញខ្លួនអ្នកអាចមានឥទ្ធិពលមកលើការបំពេញការងាររបស់អ្នកបាន។ បើអ្នកមានជម្លោះជាមួយមិត្តរួមការងារណាម្នាក់ អ្នកពិតជាមិនសូវចង់មកធ្វើការនោះទេ។ ហេតុនេះហើយអ្នកគួរឆ្លៀតពេលបង្កើនភាពស្និទ្ធស្នាលឬទំនាក់ទំនងល្អជាមួយអ្នកដែលនៅជុំវិញខ្លួនដូចជាមិត្តរួមការងារ អតិថិជន អ្នកគ្រប់គ្រង ឬអ្នកមើលការខុសត្រូវអ្នកជាដើមដោយអ្នកអាចបង្កើតជាកម្មវិធីជួបជុំ ញ៉ាំអាហារជុំគ្នា ដំណើរកម្សាន្ត ឬការពិភាក្សាជាដើម។
- គិតពីទស្សនៈរបស់អ្នកទៅលើការងារឡើងវិញ ៖ ការយល់ច្បាស់ពីគោលដៅនិងបេសកកម្មរបស់ក្រុមហ៊ុនជារឿងសំខាន់ណាស់។ អ្នកមិនត្រូវធ្វើការដោយគ្មានទិសដៅនោះទេព្រោះវាធ្វើឲ្យអ្នកឆាប់ធុញ។ អ្នកត្រូវសាកសួរនិយោជកឲ្យបានច្បាស់លាស់និងមានទស្សនៈតែមួយដូចក្រុមហ៊ុននិងព្យាយាមរកវិធីសាស្រ្តបែបណាឲ្យក្រុមហ៊ុនឆាប់ដល់គោលដៅ។ ការមើលឃើញពីលទ្ធផលនឹងជួយឲ្យអ្នកមិនងាយបាក់ទឹកចិត្តនិងអស់ការជឿជាក់ចំពោះក្រុមហ៊ុននោះទេ។ អ្នកត្រូវផ្លាស់ប្តូរការយល់ឃើញមិនល្អចោលទាក់ទងនឹងការងាររបស់អ្នក។ ឧទាហរណ៍ថាអ្នកធ្វើការជាអ្នកអនាម័យ អ្នកអាចប្តូរការយល់ឃើញរបស់អ្នកពីអ្នកធ្វើការថ្នាក់ទាបមកជាមនុស្សម្នាក់ដែលជួយឲ្យមនុស្សមានផាសុកភាពនោះវានឹងជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងចំពោះការងារ។