តួនាទីការងាររបស់មនុស្សស្រីនៅក្នុងសង្គមយើងសព្វថ្ងៃឃើញថាមានការកើនឡើង។ យែនឌ័រនៅកម្ពុជាដែលបែងចែករវាងមនុស្សស្រីនិងមនុស្សប្រុសក៏មានការខុសប្លែកខ្លាំងបើធៀបទៅនឹងសម័យកាលមុន។ យោងតាមសម្តីដកស្រង់របស់លោកស្រី ឃួន សុដារី ជាប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាបានថ្លែងថា យែនឌ័រនៅកម្ពុជាមានការរីកចម្រើនជាងបណ្តាប្រទេសនៅក្នុងតំបន់។
ដោយឡែកផ្នត់គំនិតរបស់ខ្មែរដែលគិតថា “ស្រ្តីបង្វិលចង្ក្រានមិនជុំ” ឬ “មនុស្សស្រីមុជមិនជ្រៅទៅមិនដល់” ក៏មានការកែប្រែបន្តិចៗម្តងទៅតាមសម័យកាលបច្ចុប្បន្នដោយមនុស្សស្រីបានផ្លាស់ប្តូរគំនិតពីការនៅតែផ្ទះមកចូលរួមប្រឡូកក្នុងវិស័យការងារជាច្រើន។ យោងតាមរបាយការណ៍ជំរឿនទូទៅនៃប្រជារាស្ត្រកម្ពុជានៅឆ្នាំ២០០៨នៃវិទ្យាស្ថានជាតិស្ថិតិបានឲ្យដឹងថាការងារដែលប្រជាជនធ្វើច្រើនជាងគេគឺកសិកម្ម រុក្ខកម្ម និងនេសាទដែលមានមនុស្សស្រីប្រហែល៧៥% និងមនុស្សប្រុសប្រហែល៧០%។ យើងសង្កេតឃើញថាមានការចូលរួមការងារប្រហាក់ប្រហែលគ្នារវាងមនុស្សប្រុសនិងមនុស្សស្រី។
ថ្វីត្បិតតែមានការកែប្រែច្រើនប៉ុន្តែវានៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេព្រោះគេចាត់ទុកមនុស្សស្រីដែលជាជនជាតិខ្មែរថាសុភាពរាបសា សម្តីទន់ភ្លន់ ឧស្សាហ៍ព្យាយាម ត្រូវចេះធ្វើការងារផ្ទះ អ្នកមើលថែគ្រួសារ អ្នកទុកដាក់លុយកាក់ និងជាអ្នកផ្តល់ប្រឹក្សាដល់ស្វាមី។ ប្រការនេះធ្វើឲ្យមានការរើសអើងចំពោះមនុស្សស្រីផងដែរសម្រាប់ការងារមួយចំនួនដូចជា វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើមដោយមិនសូវមានការជម្រុញពីសង្គម គ្រួសារ ឬបងប្អូនតាំងពីការសិក្សាមុខវិជ្ជានេះមកម្ល៉េះនិងគិតថានារីមិនមានភាពសាកសមជាមួយការងារ។ ម្យ៉ាងទៀតយើងក៏នៅមានគំនិតរើសអើងមួយចំនួនចំពោះការរើសបុគ្គលិកស្រីមកធ្វើការដូចជាការងារជាអ្នកទទួលភ្ញៀវចាំបាច់តែជាមនុស្សស្រីដែលស្អាតជាដើមដោយគេមិនបានគិតថាចាំបាច់ត្រូវពឹងលើសមត្ថភាពទាំងស្រុងនោះទេ។
យ៉ាងណាមិញមិនមែនមានន័យថាស្រ្តីមិនអាចក្លាយជាបុគ្គលិកដែលពូកែនិងអាចធ្វើការផ្សេងៗដូចមនុស្សប្រុសនោះឡើយ។ ដោយហេតុថាសង្គមមានការកែប្រែហើយការរើសអើងក៏ថយចុះនោះការពង្រឹងខ្លួនឲ្យមានសមត្ថភាពខ្លាំងគឺជារឿងសំខាន់ជាងគេបំផុត។ មនុស្សស្រីដើម្បីអាចក្លាយខ្លួនជានិយោជិកដែលពូកែអាចឲ្យគេទុកចិត្តយកអ្នកទៅធ្វើការបានអ្នកត្រូវ ៖
១. ខិតខំរៀនសូត្រ ៖ បើអ្នកគិតថាជំនាញណាដែលអ្នកស្រឡាញ់ហើយវាសាកសមជាមួយសមត្ថភាពរបស់អ្នក អ្នកមិនត្រូវបោះបង់ដោយសារសង្គម គ្រួសារ មិត្តភក្តិ ឬតាមផ្នត់គំនិតរបស់ខ្លួនឯងនោះទេ។ អ្នកត្រូវមានឆន្ទៈពុះពារវាឲ្យបាននិងបង្ហាញឲ្យអ្នកដទៃឃើញថាអ្នកគិតត្រូវ។ ការរៀនសូត្រមិនមែនធ្វើតែក្នុងសាលាទេ អាចនៅក្នុងសង្គម ឬពីមនុស្សជុំវិញខ្លួន។ ម្យ៉ាងទៀតបើអ្នកប្រឡូកក្នុងវិស័យការងារហើយអ្នកត្រូវខិតខំរៀនសូត្រនៅក្នុងស្ថាប័នរបស់អ្នកឲ្យបានច្រើន។ បើអ្នកប្រតិបត្តិខ្លួននៅសាលារៀនបានល្អនោះ ពេលដែលអ្នកចេញទៅខាងក្រៅក៏មិនងាយនឹងមានកំហុសដែរ។
២. រើសអ្នកណែនាំ ៖ អាចជាបុគ្គលដែលធ្លាប់ទទួលបានជោគជ័យ អ្នកមានបទពិសោធនន៍ច្រើន មានចំណេះដឹង ឬជាមនុស្សម្នាក់ដែលអ្នកតែងតែគោរព។ ការរើសបានអ្នកណែនាំល្អគឺប្រៀបបានដូចជាការរកបានផែនទីដ៏ត្រឹមត្រូវ។ ប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកបានពិចារណាត្រឹមត្រូវមុនសម្រេចចិត្តថាអ្នកនឹងធ្វើតាមគេឬអត់ហើយគេមិនមានគំនិតមិនល្អមកលើអ្នក។ ជាពិសេសការណែនាំរបស់គេគឺស្របទៅតាមគោលបំណងរបស់អ្នកដែរ។
៣. ងើបចេញពីកន្លែងដែលធ្វើឲ្យអ្នកស្រណុកពេក ៖ ការធ្វើជាបុគ្គលិកល្អមិនមែនទៅធ្វើការហើយមកវិញឲ្យតែបាននោះទេ។ បើអ្នកសុខស្រួលពេកអ្នកមិនអាចជំនះឧបសគ្គឆ្ពោះទៅកាន់គោលដៅរបស់អ្នកបានឡើយ។ ឧទាហរណ៍ថាអ្នកចង់ក្លាយជាអ្នកធ្វើទីផ្សារដ៏ពូកែតែបើអ្នកគិតតែពីសំកុកធ្វើការជាប្រចាំមិនរកអ្វីថ្មីមករៀន មិនសាកដោះស្រាយបញ្ហា និងមិនហ៊ានទទួលការងារធំនោះវាក៏មិនអាចទៅរួចដែរ។ ជាពិសេសអ្នកនឹងនៅតែផ្តុំភាពភ័យខ្លាចទុកនៅក្នុងខ្លួនដដែល។
៤. ចេះវាយតម្លៃគោលការណ៍របស់ក្រុមហ៊ុន ៖ ជាប្រការសំខាន់ក្នុងនាមអ្នកជាមនុស្សស្រីដែលអ្នកត្រូវដឹងថាក្រុមហ៊ុនរបស់អ្នកមិនមានការរើសអើង កញ្ចប់អត្ថប្រយោជន៍ កម្មវិធីអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការអនុវត្តការរើសបុគ្គលិកដោយសុក្រឹតជាដើម។ ប្រសិនបើក្រុមហ៊ុនរបស់អ្នកជាក្រុមហ៊ុនដែលផ្តល់ឱកាសដល់បុគ្គលិកឲ្យមានការពាក់ព័ន្ធជាមួយគ្រោងការណ៍ណាមួយរបស់ក្រុមហ៊ុនថែមទាំងមានការរៀបចំឲ្យមនុស្សស្រីមានការលើកលែងពេលឈប់សម្រាកកំឡុងពេលមានផ្ទៃពោះទៀតនោះគឺកាន់តែប្រសើរ។
៥. ជាមនុស្សពូកែស្ដាប់និងសួរ ៖ បើអ្នករឹងទទឹងមិនព្រមស្ដាប់អ្នកណានោះនឹងគ្មានអ្នកចង់យកអ្នកទៅធ្វើការឬធ្វើការជាមួយអ្នកឡើយ។ បុគ្គលិកល្អគឺគេពូកែស្ដាប់ យកទៅវិភាគ បន្ទាប់មកសួរបើគេនៅមិនទាន់យល់ច្បាស់ចំណុចណាមួយ។ បើអ្នកមិនស្ដាប់គេសិនទេអ្នកនឹងងាយមានកំហុសណាស់។ ម្យ៉ាងវិញទៀតការសួរត្រូវមានភាពវ័យឆ្លាតក្នុងការប្រើសំណួរហើយត្រូវប្រាកដថាអ្នកបានខិតខំរកចម្លើយដោយខ្លួនឯងរួចហើយមុននឹងយកទៅសួរគេ។ មួយវិញទៀតបើអ្នកធ្វើការជាក្រុមអ្នកត្រូវសួរពីតម្រូវការរបស់អ្នកនៅក្នុងក្រុមដើម្បីអាចបំពេញតម្រូវការរបស់គេបានងាយស្រួល។
៦. យកចិត្តទុកដាក់ ៖ អ្នកត្រូវយកចិត្តទុកដាក់ធ្វើការងារឲ្យបានល្អបំផុតព្រោះអ្នកមិនដឹងថាអ្នកណាខ្លះកំពុងតែចាំឃ្លាំមើលអ្នកឡើយ។ បើអ្នកខ្វល់ខ្វាយពីក្រុមហ៊ុនអ្នកប្រាកដជារកវិធីសាស្រ្តយ៉ាងណាដើម្បីអាចដោះស្រាយបញ្ហាបាន។ ចំពោះមិត្តរួមការងារវិញបើអ្នកយកចិត្តទុកដាក់ចំពោះពួកគេវិញគេនឹងធ្វើបែបនេះមកកាន់អ្នកដូចគ្នាហើយយូរៗទៅវានឹងក្លាយជាវប្បធម៌នៅក្នុងក្រុមហ៊ុនរបស់អ្នក។ ជាពិសេសនៅក្នុងការធ្វើការអ្នកត្រូវផ្តោតអារម្មណ៍ឲ្យមែនទែនថាអ្វីដែលធ្វើឲ្យអ្នកមានកំហុសដើម្បីឲ្យអ្នកបានរៀនសូត្រពីវា ធ្វើឲ្យវាកាន់តែប្រសើរ និងបង្ការកុំឲ្យមានលើកក្រោយទៀត។
៧. សុបិន្តឲ្យធំ ៖ មនុស្សស្រីក៏អាចធ្វើកិច្ចការធំបានដែរ។ អ្នកមិនត្រូវឃុំឃាំងខ្លួនឯងជាមួយនឹងគំនាបពីអ្នកដទៃនោះទេ។ ភាពស្មើគ្នាគឺពិតជាមានបើអ្នកមិនព្រមឲ្យគេបិទបាំងសិទ្ធិរបស់អ្នក។ អ្នកត្រូវរៀនដាក់គោលដៅខ្លួនឯងឲ្យធំសិនដើម្បីធ្វើវាបានបើទោះបីអ្នកមិនមែនជាមនុស្សប្រុសក៏ដោយ។
៨. មានជំនាញទំនាក់ទំនង ៖ បើទោះបីជាមានសមត្ថភាពខ្លាំងប៉ុណ្ណាតែបើអ្នកខ្វះជំនាញនេះនោះក៏វាធ្វើឲ្យផ្លូវដែលអ្នកចង់ទៅដល់ក៏ពិបាកដែរ។ ការចេះប្រាស្រ័យទាក់ទងជាមួយមនុស្សនឹងធ្វើឲ្យអ្នកទទួលបានចំណេះដឹងយ៉ាងច្រើនពីពួកគេ។ ជាការពិតអ្នកត្រូវចាំថាមនុស្សដែលពូកែនិយាយមិនប្រាកដថាជាអ្នកពូកែទំនាក់ទំនងដោយប្រសិទ្ធភាពនោះទេ។
៩. ជឿជាក់ខ្លួនឯងនិងក្រុមហ៊ុនរបស់អ្នក ៖ ចាំបាច់ណាស់ដែលអ្នកត្រូវជឿថាអ្នកពិតជាអាចធ្វើបានហើយក្រុមហ៊ុនអ្នកក៏អាចធ្វើបានដូចគ្នា។ បើអ្នកមិនប្រថុយខ្លះអ្នកក៏មិនអាចយកបានអ្វីដែលល្អដែរ។
ឆន្ទៈនិងការតាំងចិត្តរបស់អ្នកនឹងជួយឲ្យអ្នកអាចសម្រេចគោលដៅបាន។
ឯកសារយោង ៖
Documents/Gender_Booklet_Kh_2011.pdf |www.businessnewsdaily.com | www.fastcompany.com