តើអ្នកជឿទេថាក្នុងរយៈពេល ៣ទៅ ៥ ឆ្នាំទៀតថ្ម(ពិល)ទូរសព្ទដៃ ឬ កុំព្យូទ័រចល័ត ឬ iPad2 អាចប្រើបានដល់ទៅ ៨០ម៉ោងហើយត្រូវការពេលសាកតែកន្លះម៉ោងប៉ុណ្ណោះ?
ថ្ងៃនេះ «គំនិត» សូមលើកយកអត្ថបទមួយទាក់ទងនឹងថ្មសាកបានដែលមានធ្វើពី លីតចូមដែលគេនិយមហៅថា ថ្មលីតចូម ប្រើក្នុងទូរសព្ទដៃ (Iphone, Android) កុំព្យូទ័រចល័ត ម៉ាស៊ីនស្តាប់ចម្រៀងចល័ត ព្រមទាំងឧបករណ៍ចល័តទាំងឡាយដែលដើរដោយថាមពលអគ្គិសនីព្រោះឧបករណ៍ទាំងនេះ ត្រូវបានចាត់ទុកជាផ្នែកមួយនៃជិវិតរបស់មនុស្សទាន់សម័យ។ អត្ថបទនេះនឹងក្លាយជាអត្ថបទដែលអ្នកពេញចិត្តបើអ្នកគិតថា រយៈពេលដែលទូរសព្ទដៃ ឬ កុំព្យូទ័រចល័ត ឬ iPad2 របស់អ្នកដំណើរការក្រោយការសាកម្តងៗមិនបំពេញនូវតម្រូវការរបស់អ្នក (ឧ. រលត់ចំកណ្តាលពេលសំខាន់អ្វីមួយ) ព្រោះអត្ថបទនេះនឹងលើកយក បច្ចេកវិទ្យាថ្មីមួយដែលអ្នកវិទ្យាសាស្រ្តទើបនឹងរកឃើញដែលអាចផលិតថ្មលីតចូមដែលអាចដំណើរការបាន ១០ដងវែងជាងមុន (ឧ. ពី ៨ ម៉ោងទៅ ៨០ម៉ោង)។ ដូច្នេះអ្នកលែងព្រួយបារម្ភពីការសាក ទូរសព្ទដៃ (Iphone, Android) កុំព្យូទ័រចល័ត ម៉ាស៊ីនស្តាប់ចម្រៀងចល័ត ឬ iPad2 របស់អ្នកទៀតហើយ។
សូមរីករាយនូវអត្ថបទនេះដូចតទៅ៖
យើងទាំងអស់គ្នាដឹងហើយថាថ្មត្រូវបានចែកចេញជា ២ ប្រភេទ៖ សាកបាន និង មិនសាក(ធម្មតា)បាន។ សូមបើករង្វង់កញ្ចកដើម្បីពន្យល់ពីប្រភេទថ្មបន្តិច៖
ភាខុសគ្នាចម្បងនោះគឺថ្មសាកបានមានតម្លៃរាងថ្លៃជាងថ្មធម្មតាបន្តិចតែវាមានសារប្រយោជន៍ច្រើនជួយសន្សំសំចៃព្រមទាំងមិនសូវប៉ះពាល់ដល់បរិស្ថានផងដែរ។ អាយុ(រយៈពេលដែលថ្មនោះមានអនុភាព)របស់ថ្មសាកបានជាលក្ខណៈសំខាន់មួយពោលគឺ អាយុថ្មកាន់តែវែងកាន់តែល្អព្រោះយើងទាំងអស់គ្នាមិនចង់សាកវាញឹកពេកទេ។ ម្យ៉ាងវិញទៀតរយៈពេលសាកក៏មានសារៈសំខាន់ដូ
ច្នោះដែរព្រោះទោះជាវាមានអាយុវែងតែបើត្រូវការពេលសាកយូរនោះវាក៏មិនសូវជាល្អដែរព្រោះយើងទាំងអស់គ្នាមិនចូលចិត្តរងចាំ។
ថ្មសាកបានបច្ចុប្បន្នមានដូចជា ថ្មលីតចូម (ដែលពួកយើងស្គាល់ជាទូទៅ) ថ្ម នីកែលកាដដ្យូម និងថ្មជាច្រើនទៀតដែលមានឈ្មោះជាភាសាបច្ចេកទេស និង បរ
ទេស។ រយៈពេលប្រើប្រាស់របស់វាជាមធ្យមគឺ ពី ៨ ទៅ ១០ ម៉ោងសម្រាប់ ទូរសព្ទដៃទាន់សម័យ ឬ កុំព្យូទ័រចល័ត ឬ iPad2 ។ ហើយត្រូវការពេលសាកឲ្យពេញយ៉ាងហោចណាស់ក៏ ១ ទៅ ៣ ម៉ោងដែរ។ មូលហេតុគឺថ្មនេះត្រូវការឲ្យ អ៊ីយ៉ុង លីតចូមផ្លាស់ទី ពី អេឡិចត្រូតមួយទៅអេឡិចត្រូតមួយទៀត។ហើយដំណើរការនេះត្រូវការពេលយូព្រោះអ៊ីយ៉ុងទាំងនោះត្រូវធ្វើដំណើរលើបន្ទះ កាបូនក្រាភីន (carbon-based graphene sheets )មួយដែលបង្ករឲ្យមានភាពយឹតយាវ។ ម្យ៉ាងវិញទៀតការប្រើបន្ទះកាបូនក្រាភីន នេះជាមូលដ្ឋាននៃការធ្វើដំណើររបស់ លីតចូមមិនអនុញ្ញាតឲ្យបន្ទះនេះផ្ទុក អ៊ីយ៉ុងលីតចូមបានច្រើនទេ។ នេះ ជាហេតុដែលធ្វើឲ្យថ្មលីតចូមបច្ចុប្បន្នអាចដំណើរការជាមធ្យមបានយ៉ាងច្រើន ៨ ទៅ ១០ ម៉ោង។
ដើម្បីដោះស្រាយបញ្ហាខាងលើនេះអ្នកវិទ្យាសាស្រ្តនៃក្រុមស្រាវជ្រាវ កុង (Kung) នៃសាកលវិទ្យាល័យ នតវែស (Northwestern University)បានរកឃើញបច្ចេកវិទ្យាថ្មីដោយប្រើ បន្ទះសីលីខុនដែលស្រោបដោយបន្ទះកាបូនក្រាភីនជំនួសបន្ទះកាបូនក្រាភីនតែឯកឯងវិញ។ ការធ្វើដូចនេះគឺអ្នកវិទ្យាសាស្រ្តអាចបន្កើនចំនួន អ៊ីយ៉ុងលីតចូមដែលអាចផ្ទុកក្នុងថ្មនោះបានចំនួនច្រើនជាងមុន ១០ ដងព្រោះ អាតូមកាបូន៦អាចផ្ទុក អ៊ីយ៉ុងលីតចូម១ តែ អាតូម ស៊ីលីខុនមួយអាចផ្ទុក អ៊ីយ៉ុងលីតចូមបានដល់ទៅ ១០។ នេះ ជាមូលហេតុនៃការពន្យាអាយុរបស់ថ្មពិលលីតចូមឲ្យមានអាយុកាលវែងជាមុន ១០ ដង។ ដោយសារតែចំនួនអាតូមដែលត្រូវការផ្ទុក អ៊ីយ៉ុងលីតចូម ទាំងនេះថយចុះ ព្រមទាំងទម្រង់របស់ស៊ីលីខុនអនុញ្ញាតឲ្យការដឹកជញ្ជូនអ៊ីយ៉ុងលីតចូមមានភាពងាយស្រួលជាងមុន រយៈពេលនៃការសាកក៏ត្រូវបានកាត់បន្ថយដូច្នោះដែរ។ អ្នកវិទ្យាសាស្រ្តនៃក្រុមស្រាវជ្រាវ កុង បាននិយាយថាក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំទៅមុខទៀតថ្មនេះនឹងត្រូវបានផលិតសម្រេចជាស្ថាពរសម្រាប់ចែកចាយតាមទីផ្សាសម្រាប់មហាជនទូទៅប្រើប្រាស់បាន។ ក្នុងខ្លឹមសារនេះពួកគេសង្ឃឹមថារបកគំហើញនេះនឹងបើកផ្លូវមួយដល់ការរីកលូតលាស់នៃរថយន្ត អគ្គិសនីផងដែរ។ ដូចនេះសូមកុំភ្លេចតាមដាន «គំនិត» ព្រោះបើមានព័ត៌មានថ្មីទាក់ទងនឹងបច្ចេកវិទ្យានេះ «គំនិត» នឹងលើកយកមកចែករំលែកជាថ្មីម្តងទៀត។
សម្រាប់ពាក្យបច្ចេកទេសមួយចំនួនដែលអ្នកមិនយល់ អ្នកអាចសួរដោយសរសេរជាវាចា នៅខាងក្រោមអត្ថបទ។
ឯកសារយោង៖
ដកស្រង់ចេញពីគេហទំព័រ៖ http://www.sciencedaily.com/releases/2011/11/111114142047.htm
និងអត្ថបទដើម៖
Xin Zhao, Cary M. Hayner, Mayfair C. Kung, Harold H. Kung. In-Plane Vacancy-Enabled High-Power
Si-Graphene Composite Electrode for Lithium-Ion Batteries. Advanced Energy Materials, 2011; 1 (6): 1079 DOI: 10.1002/aenm.201100426
រូបភាពទី១៖
http://www.infobarrel.com/media/image/37923.jpg
រូបភាពទី២៖
http://gritzmacher.net/wp/wp-content/uploads/2010/08/deal-rude-people-200X200.jpg
រូបភាពទី៣៖
http://us.cdn4.123rf.com/168nwm/blackcurrent1/blackcurrent11105/blackcurrent1110500027/9530754-woman-looking-in-disbelief-at-her-laptop-screen.jpg
* ចំណាំ៖ ថ្ម ក្នុងអត្ថបទនេះ គឺចង់សំដៅទៅលើថ្ម (គ្រឿងអេឡិចត្រូនិច) មិនមែនថ្ម (ឬ ដុំថ្ម) ឡើយ។