លោកចាន់ បូរីម៉ា ជាស្ថាបនិកនៃក្រុមហ៊ុន Nham24 ដែលបច្ចុប្បន្ននេះកំពុងតែមានការគាំទ្រ និងមានភាពល្បីល្បាញជាខ្លាំងនៅប្រទេសកម្ពុជា។ Nham24 គឺជាវេទិកាបញ្ជាទិញ និងដឹកជញ្ជូនអាហារតាមអ៊ីនធឺណិត ដែលប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះ មិនថាតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទនោះទេ អ្នកប្រើប្រាស់ទាំងអស់អាចស្វែងរកការដឹកជញ្ជូនអាហារ និងភេសជ្ជៈពីភោជនីយដ្ឋានដែលនៅក្បែរទីតាំងរបស់អ្នក ហើយអ្នកក៏មានជម្រើសក្នុងការទូទាត់ជាសាច់ប្រាក់នៅពេលដឹកជញ្ជូន ឬប្រើការទូទាត់តាមអេឡិចត្រូនិក។
គួរបញ្ជាក់ផងដែរថា ឆ្លងតាមបទពិសោធន៍ផ្ទាល់របស់លោកបូរីម៉ា ទម្រាំសម្រេចចិត្តចាប់ផ្ដើមក្រុមហ៊ុន Nham24 គឺលោកបានធ្វើការនៅក្រុមហ៊ុនបរទេសមួយចំនួន ដូចជាថ្នាំជក់ 555 របស់ប្រទេសអាមេរិក-អង់គ្លេស ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនទូរស័ព្ទ Mfone និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនផ្សេងទៀតអស់រយៈពេល 20ឆ្នាំ ដោយភាគច្រើនលោកកាន់តួនាទីលើផ្នែកលក់និងទីផ្សារ ហើយបើគិតអំពីប្រាក់ខែដែលលោកទទួលបានគឺខ្ទង់ប្រហែល 6000$ក្នុងមួយខែ។ បន្ទាប់មក លោកក៏សម្រេចចិត្តបោះបង់ប្រាក់ខែខ្ទង់ពាន់ ហើយមកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។
សកម្មភាពនេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើនតែងតែសួរមកកាន់លោកថា ហេតុអ្វីបានជាសម្រេចចិត្តបោះបង់ប្រាក់ខែរាប់ពាន់ហើយមកចាប់ផ្ដើមអាជីវកម្ម? និងសំណួរមួយទៀតបានសួរលោកដែរថា តើធ្វើដូចម្ដេចទើបអាចធ្វើឱ្យខ្លួនឯងសម្រេចចិត្តបានត្រឹមត្រូវ មុនពេលឈប់ធ្វើការឱ្យគេ ហើយមកបើកអាជីវកម្មខ្លួនឯងបាន? ហេតុនេះលោក ចាន់ បូរីម៉ា ធ្លាប់បានបកស្រាយ និងលើកឡើងនូវហេតុផលមួយចំនួន នៅតាមកិច្ចសម្ភាសន៍មួយ ដោយលោកបានមានប្រសាសន៍ថា “ការចាប់ផ្ដើមអាជីវកម្មមួយវាមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលសម្រេចចិត្តបោះបង់ការងារដែលមានប្រាក់ខែខ្ពស់ ហើយមកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននេះ គឺមានកត្តាសំខាន់ៗ ចំនួន 2” ។
1. ក្ដីស្រលាញ់លើការចង់ចាប់ផ្ដើមអាជីវកម្ម
ក្ដីស្រលាញ់ដែលចង់ចាប់ផ្ដើមអាជីវកម្មនេះ គឺលោកមានតាំងពីនៅរៀន ដោយលោកចាប់អារម្មណ៍ខ្លាំងជាងគេគឺលើវិស័យ e-commerce ប៉ុន្តែដោយសារតែអំឡុងពេលនោះ លោកមានជីវភាពមិនល្អដែលមិនអាចមានលទ្ធភាពក្នុងការចាប់ផ្ដើមបាន រួមផ្សំជាមួយនឹងកត្តាទីផ្សារមិនអំណោយផលទៀត ដូច្នេះទើបលោកសម្រេចចិត្តធ្វើការសន្សំលុយ សន្សំចំណេះជំនាញ និងបទពិសោធន៍ឱ្យខ្លាំងជាមុនសិន។ តាមរយៈការខិតខំធ្វើការជាច្រើនកន្លែងទាំងនៅក្រុមហ៊ុនតូច និងក្រុមហ៊ុនធំៗនៅបរទេស ហើយថែមទាំងទទួលបានការបណ្ដុះបណ្ដាលផ្សេងៗនៅកន្លែងការងារបានជាច្រើនដែលធ្វើឱ្យលោកមានចំណេះជំនាញខ្លាំង និងមានការឈ្វេងយល់បានច្រើនពីកន្លែងការងារ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែក្ដីស្រលាញ់ និងឆន្ទៈដែលលោកមានកន្លងមក វានៅតែធ្វើឱ្យលោកនៅតែបន្តចង់ចាប់ផ្ដើមអាជីវកម្មខ្លួនឯង។ កត្តានេះហើយ ទើបធ្វើឱ្យលោកសម្រេចចិត្តលាឈប់ធ្វើការ ហើយសម្រេចចិត្តបង្កើតអាជីវកម្មលើវិស័យ e-commerce ដែលជាក្ដីស្រលាញ់ និងជាក្ដីស្រមៃដែលលោកចង់ធ្វើវាឡើងតាំងពីនៅសិក្សាមកម្ល៉េះ។
2. យល់ច្បាស់ពីបរិបទទីផ្សារដែលចង់ចាប់ផ្ដើម
បន្ថែមពីនេះ លោកក៏បានបន្តទៀតថា មុននឹងពេលលោកសម្រេចចិត្តលាឈប់ពីការងារ ហើយចាប់ផ្ដើមក្រុមហ៊ុន Nham24 នេះ ក៏លោកបានសង្កេតមើលពីបរិបទទីផ្សារ ថាតើទីផ្សារអំណោយផលសម្រាប់អាជីវកម្មបែប e-commerce របស់លោកឬទេ? ព្រមទាំងលោកព្យាករណ៍អំពីលទ្ធភាព ថាតើលោកអាចចាប់ផ្ដើមលើវិស័យ e-commerce នេះអាចទៅមុខបានឬទេ?
ប៉ុន្តែជាក់ស្ដែងអំឡុងពេលនោះ លោកបានសង្កេតឃើញថា ទីផ្សារគឺមានអំណោយផលល្អប្រសិនបើ ចាប់យកការកម្ម៉ង់អាហារតាមអនឡាញ ទោះបីជាពេលនោះមនុស្សកំពុងមានការយល់ដឹង និងអាចប្រើប្រាស់សេវាកម្មកម្ម៉ង់អាហារ និងទទួលយកការដឹកជញ្ចូនតាមរយៈការប្រើប្រាស់អ៊ីនធឺណិតនៅមានកម្រិតក៏ដោយ។ លើសពីនេះ មនុស្សក៏មិនទាន់យល់ដឹងទូលំទូលាយខ្លាំងលើការកម្ម៉ង់ ការទទួលសេវាកម្មដឹក និងទូទាត់តាមអនឡាញដែរ ប៉ុន្តែដោយសារតែឆន្ទៈចង់ចាប់ផ្ដើម លោកក៏នៅតែបន្តសិក្សាអំពីទីផ្សារ ហើយលោកបានសន្មត់ថាពេលនោះមនុស្សជាច្រើនមានទូរស័ព្ទដៃទំនើបស្ទើគ្រប់គ្នា ព្រមទាំងមានអ៊ីនធឺណិតប្រើប្រាស់ ដូច្នេះទើបលោកចាប់ផ្ដើមគិតថា នឹងធ្វើអ្វីដើម្បីឱ្យមនុស្សយល់ដឹងបន្ថែមទៀតដើម្បីប្រើប្រាស់ក្នុងការកម្ម៉ង់អាហារតាមអនឡាញ អាចទូទាត់តាមអនឡាញ និងជឿជាក់លើការដឹកជញ្ជូន ព្រមទាំងអាចបញ្ជាអាហារដែលខ្លួនចង់បាន ដោយមិនចាំបាច់ទៅហាងផ្ទាល់។ល។ ហើយរហូតមកទល់ពេលនេះ លោកក៏អាចសម្រេចក្ដីស្រលាញ់បាន ដោយមនុស្សជាច្រើនបានស្គាល់ Nham24 និងកាន់តែមានការពេញនិយមខ្លាំងក្នុងការប្រើប្រាស់។