spot_img
spot_img
Homeទូទៅប៉ារីសក្លែងក្លាយ ?

ប៉ារីសក្លែងក្លាយ ?

-

ថ្មី​ៗ​នេះ​មាន​ដំណឹង​លិចឮពី​រដ្ឋធានី​នៃ​ប្រទេស​បារាំង អំពី​គំម្រោង​យ៉ាង​អាថកំបាំង​មួយ​នា​ចុង​​​សង្គ្រាម​លោក​លើក​ទី​១ ឆ្នាំ​១៩១៨ ។ នោះ​គឺ​ជា​គំម្រោង​សាងសង់​ក្រុង​ប៉ារីស​ក្លែងក្លាយ​មួយ​ ដើម្បី​បំភ័ន្ត​ និង​បញ្ជៀស​រដ្ឋធានី​ខ្លួន​អំពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​ យន្ដហោះ​ចម្បាំង​ហ្កូតារបស់​សត្រូវ​អាឡឺម៉ង់ ។ អត្ថបទដែល​ចេញ​ផ្សាយ​ដោយ​កាសែត ឡឺ ម៉ុនដ៏ (Le Monde)​ និង ឡឺ ហ្វីហ្ការ៉ូ  (Le Figaro) បង្ហាញ​ថា​គម្រោង​នេះ​អាច​នឹង​ទទួល​បាន​ផល​វិជ្ជមាន ដោយ​ហេតុ​បច្ចេកវិទ្យា​រ៉ាដ៉ា​នៅ​ពុំ​ទាន់​រីក​ចម្រើន​នៅ​ឡើយ ។

គម្រោង​នេះ​ត្រូវ​លើក​បង្ហាញ​ឡើង​ដំបូង​បង្អស់​ដោយ​ កាសែត The Illustrated  London News តាំង​ពី​ជាង​ ៩០​ឆ្នាំ​មុន​ម្លេះ​គឺ​កំឡុង​ឆ្នាំ ១៩២០ និង​បន្ទាប់​មកត្រូវ​លាក់​ទុក​យ៉ាង​កំបាំង រហូត​ថ្មីៗ​នេះ​ទើប​ផែនទី​ថត​ចម្លង​មួយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​ ឡឺ ហ្វីហ្ការ៉ូ

គម្រោង​នេះ​ចាប់​ផ្ដើម​ពី​ការ​រើស​ទីតាំង​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប៉ារីស​ ជា​ទីតាំង​មួយ​ដែល​ទន្លេ​សែន​ហូរ​បត់​កាត់​មាន​រាង​ដូច​នៅ​ក្នុង​ប៉ារីស​ដែរ ។ សណ្ឋាន​ដី​ និង​អាគារ​សំខាន់​ៗ​ជា​ច្រើន​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ រួម​ទាំង​ ស្ថានីយ៍​រថភ្លើង Gare du Nord និង Gare de l’Est  ព្រមទាំង​តំបន់​ឧស្សាហកម្ម​ យ៉ាង​ណា​ឲ្យ​មើល​ទៅ​ដូច​ប៉ារីស​មែនទែន ។ គម្រោង​នេះ​ក៏​បាន​រៀប​ចំ​ប្លង់​បង្កើត​ វិថី​អាវឺនុយដេ​​ស្សង់ហ្សេលីហ្សេ (Avenue des Champs-Élysées) និង​ ក្លោង​ទ្វារ អាកដឺ​ទ្រីអុមផ៍ (Arc de Triomphe) ដ៏​ល្បីល្បាញ​ផង​ដែរ​។

ដើម្បី​ឲ្យ​កាន់​តែ​ដូច​ជា​ទីក្រុង​ពិត គេ​បាន​ព្យាយាម​លាប​ផាត់​ព៌ណ​ដំបូល​អាគារ​ឲ្យ​ដូច​ជា​របស់​ចាស់ ហើយ​លោក​វិស្វករ​អគ្គិសនី ហ្វឺ​ណង់ ចាកុបប៉ូហ្ស៊ី (Fernand Jacopozzi) អ្នក​ជំនាញ​តុបតែង​ដែល​ក្រោយ​មក​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស ក្នុង​ការ​តុប​តែង​ភ្លើង​ ប៉ម​ទួរ​អីហ្វែល និង ស្សង់ហ្សេលីហ្សេ ត្រូវ​បាន​ចាត់​ឲ្យ​តុប​តែង​ បំភ្លឺ​ភ្លើង​ក្រុង​បន្លំ​មួយ​នេះ តាំង​ពី​ភ្លើង​តាម​វិថី​ រហូត​ដល់​​ភ្លើង​នានា​ឲ្យ​មើល​ទៅ​ថាពិត​ជា​មាន​មនុស្ស​រស់នៅ និង​មាន​​រថភ្លើង​ដំណើរ​ការ ។

ទោះ​បី​ជា​ការ​គ្រោង​ទុក​មើល​ទៅ​គួរ​ឲ្យ​ស្ញប់ស្ញែងក៏​ដោយ​ គម្រោង​មួយ​នេះ​មិន​​ត្រូវ​បាន​សម្រេច​ជា​រូបរាង​ឡើយ ដោយ​ហេតុ​អាឡឺម៉ង់​សុំ​ចុះ​ចាញ់​មុន​គម្រោង​បាន​បញ្ចប់ ។ តំបន់​ខាងលើ​ត្រូវ​បាន​គេ​សាង​សង់​ និង​អភិវឌ្ឍជាន់​ពី​លើ​អ្វី​ដែល​សល់​ពី​គម្រោង​នេះ ធ្វើ​ឲ្យគម្រោង​ដ៏​ល្អិតល្អន់​មួយ​នេះ​​លិច​កប់​បាត់​ក្លាយ​ជា​អាថកំបាំង​ដែល​សូម្បី​តែ​ជនជាតិ​បារាំង​ក៏​គ្មាន​អ្នក​ដឹង​ច្រើន​ឡើយ រហូត​ដល់​ពេល​នេះ ។

 

          

 

ឯកសារ​​យោង៖

http://newsfeed.time.com/2011/11/11/france-built-a-decoy-paris-to-fool-german-bombers-during-world-war-i/

http://www.telegraph.co.uk/news/worldnews/europe/france/8879053/Second-Paris-built-towards-end-of-First-World-War-to-fool-Germans.html

http://www.thelocal.fr/1697/20111108/

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ