តើអ្នកធ្លាប់ញ៉ាំChicken Nugget (ប្រហិតសាច់មាន់បំពង)ដែរឬទេ? តើអ្នកជឿទេថា ឥឡូវនេះមានប្រហិតសាច់មាន់សុទ្ធ (មិនមែនជាអាហារបួសកែច្នៃ) អាចផលិតឡើងបានដោយមិនចាំបាច់សម្លាប់មាន់យកសាច់?
នេះគឺជារឿងអស្ចារ្យមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Eat Just ដែលជាអាជីវកម្មបង្កើតថ្មីមួយចេញពីសហរដ្ឋអាមេរិក ដោយផលិតសាច់មាន់ចេញពីមន្ទីពិសោធន៍ ដោយមិនចាំបាច់ចិញ្ចឹមសត្វមាន់តាមបែបប្រពៃណីនោះទេ។ សាច់មានទាំងនោះគឺច្នៃចេញពីកោសិការមាន់ណាមួយដែលគេយកចេញពីមាន់រស់ ហើយធ្វើការចិញ្ចឹមវាក្នុងមន្ទីរពិសោធន៍រហូតដល់វាអាចរីកធំធាត់ក្លាយទៅជាសាច់មាន់បែបសាច់ចញ្ច្រាំក្នុងរយៈពេលប្រមាណ១៤ថ្លៃ។
កាលពីចុងឆ្នាំ២០២០ថ្មីៗនេះ ប្រទេសសឹង្ហបុរីក្លាយជាប្រទេសទី១ក្នុងពិភពលោកដែលអនុញ្ញាតិឱ្យចរាចរសាច់មាន់ផលិតចេញពីមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Eat Just ហើយក្រុមហ៊ុននេះបានសាកល្បងផលិតNugget ពីសាច់មាន់ចិញ្ចឹមចេញពីកោសិកាមាន់ដាក់លក់សាកល្បងកាលពីថ្មីនេះក្នុងតម្លៃប្រហែល២០ដុល្លារសហរដ្ឋអាមេរិច។
លោក Josh Tetrick អគ្គនាយករបស់ក្រុមហ៊ុន Eat Justបានលើកឡើងថា នេះគឺជាលើកដំបូងបង្អស់របស់ពិភពលោក ដែលមនុស្សអាចញ៉ាំសាច់សត្វពិតឥតក្លែងក្លាយ ដោយមិនចាំបាច់ធ្វើការសម្លាប់ដើម្បីយកសាច់នោះទេ ក្នុងតម្លៃសមរម្យមួយ។
កាលពីឆ្នាំ២០១៣ ប៊ឺហ្គឺដែលផលិតចេញពីមន្ទីរពិសោធន៍តាមបែបស្រដៀងគ្នាធ្លាប់បានសាកល្បដំណើរការម្តងរួមកហើយ តែក្នុងតម្លៃដ៏ខ្ពស់មួយក្នុងការផលិតគឺប្រហែលរាប់ពាន់ដុល្លារឯណោះ។ តែសម្រាប់Eat Just វិញ ដោយសារតែមានការគាំទ្រលើការវិនិយោគមកពីក្រុមហ៊ុនធំៗនោះ បានធ្វើឱ្យតម្លៃនៃការផលិតមានតម្លៃកាន់តែទាបទៅៗ ហើយគេរំពឹងថា នឹងកាន់តែធូរថ្លៃនាពេលខាងមុខ ហើយអាចជំនួសឱ្យការប្រើប្រាស់សាច់ដែលបានមកពីការសម្លាប់សត្វនៅថ្ងៃអនាគត។
ប្រភព៖ Financial Time