ការដឹកនាំក្រុមមួយ តែងតែមានគោលបំណង និងមានបេសកកម្ម ដើម្បីធ្វើសកម្មភាពទាំងឡាយណាក្នុងការសម្រេចបាននូវអ្វីដែលបានកំណត់នោះ។ ទោះបីជាយ៉ាងនេះក្ដី ក៏ការដឹកនាំដើម្បីឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅរួមបានលឿន និងល្អ វាក៏ពឹងអាស្រ័យលើការដឹកនាំល្អផងដែរ។
បន្ថែមពីនេះ អ្នកក៏ត្រូវដឹងផងដែរថា នៅក្នុងការដឹកនាំក្រុមមួយ តែងតែមានអ្នកដែលមានដំណែងខ្ពស់ ឬមានតួនាទីដឹកនាំក្រុម តាំងខ្លួនឯងជាចៅហ្វាយនាយ និងអ្នកខ្លះក៏តាំងខ្លួនឯងជាអ្នកដឹកនាំ។ ដូច្នេះនៅក្នុងចំណុចនេះ សួរថា តើការដឹកនាំដោយតាំងខ្លួនឯងជាចៅហ្វាយនាយ និងជាអ្នកដឹកនាំ ដើម្បីដឹកនាំក្រុមក្នុងការសម្រេចបាននូវគោលដៅ និងបេសកកម្មរួម មួយណាល្អជាង?
ដើម្បីស៊ីជម្រៅនៃភាពខុសគ្នារវាងចៅហ្វាយនាយ និងអ្នកដឹកនាំ ខាងក្រោមនេះនឹងពន្យល់បកស្រាយ ហើយបន្ទាប់មកអ្នកអាចពិនិត្យមើលខ្លួនឯងបន្ថែមប្រសិនបើអ្នកកំពុងមានតួនាទីជាអ្នកដឹកនាំក្រុម ថាតើរាល់ថ្ងៃនេះអ្នកកំពុងតាំងខ្លួនឯងជាចៅហ្វាយនាយ ឬជាអ្នកដឹកនាំ ក្នុងការដឹកនាំក្រុម?
អំពី ចៅហ្វាយនាយ “Boss”
ចរិតលក្ខណៈនៃការដឹកនាំរបស់អ្នកដែលតាំងខ្លួនឯងជាចៅហ្វាយនាយ
- សម្រុកធ្វើការតែឆ្ពោះទៅរកគោលដៅដែលបានកំណត់ដោយថ្នាក់លើរបស់ពួកគេឱ្យបានល្អ
- ចូលចិត្តនិយាយបញ្ជាច្រើនទៅកាន់អ្នកនៅក្រោមបង្គាប់ ជាជាងការដឹកនាំបង្ហាញផ្លូវ
- តែងតែគិតផ្ដោតខ្លាំងលើការចង់បានប្រាក់ចំណេញ និងគិតប្រយោជន៍បុគ្គលច្រើនជាងប្រយោជន៍ រួមរបស់ក្រុមទាំងមូល
- ចូលចិត្តធ្វើអ្វីដោយគិតឃើញតែលទ្ធផលរយៈពេលខ្លី ជាជាងគិតអំពីលទ្ធផលរយៈពេលវែង
- ចូលចិត្តតាំងខ្លួនឯងជា “មេ”
- គិតផ្ដោតលើលទ្ធផលដំបូងគេ ដោយមិនសូវខ្វល់អំពីមតិយោបល់របស់អ្នកផ្សេងទៀត
- ចង់ដឹងតែពីរបៀបធ្វើការងារឱ្យបានសម្រេចតាមការគ្រោងទុកប៉ុណ្ណោះ
- តែងតែព្យាយាមធ្វើជាអ្នកគ្រប់គ្រងអ្នកនៅក្រោមបង្គាប់ ជាជាងការជួយជំរុញលើកទឹកចិត្តពួកគេឱ្យបង្កើតគំនិតច្នៃប្រឌិត និងព្យាយាមធ្វើការឱ្យបានល្អស្របតាមទេពកោសល្យ
- មិនសូវបង្កើតទំនាក់ទំនងល្អក្នុងការធ្វើការជាមួយអ្នកក្រោមបង្គាប់ឡើយ ដោយព្យាយាមសម្រេចចិត្តតែតាមការយល់ឃើញផ្ទាល់
អំពី អ្នកដឹកនាំ “Leader”
ចរិតលក្ខណៈនៃការដឹកនាំរបស់អ្នកដែលតាំងខ្លួនឯងជាអ្នកដឹកនាំ
- អ្នកដឹកនាំតែងតែទទួលយកនូវផ្នត់គំនិតរីកចម្រើន ដោយជាមនុស្សបើកចិត្ត និងរៀនពីគំនិតថ្មីៗពីអ្នកនៅក្រោមបង្គាប់ ព្រមទាំងសាកល្បងធ្វើតាមនូវគំនិតរបស់ពួកគេ
- តែងតែជំរុញលើកទឹកចិត្តអ្នកនៅក្រោមបង្គាប់ឱ្យមានគំនិតច្នៃប្រឌិតជានិច្ច
- តែងតែធ្វើជាអ្នកស្ដាប់ដ៏ល្អ និងមានការកំណត់ការរំពឹងទុកបានច្បាស់លាស់
- ជំរុញទឹកចិត្តបុគ្គលិកនៅក្រោមបង្គាប់ឱ្យរក្សានូវមហ្ឆិចតាផ្ទាល់ខ្លួន និងបន្តធ្វើអ្វីដែលកាន់តែល្អ
- តែងតែរៀបចំជាប្រព័ន្ធការងារ រួមជាមួយនឹងដំណើរការនៃការបំពេញការងារបានយ៉ាងល្អ ព្រមទាំងផ្តល់ភាពងាយស្រួលដល់បុគ្គលិកក្នុងការសម្រេចចិត្តដោយខ្លួនឯងក្នុងការធ្វើសកម្មភាពនានា
- ចូលចិត្តត្រួសត្រាយផ្លូវដល់អ្នកនៅក្រោមបង្គាប់ក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យ
- តែងតែគិតពីផលប្រយោជន៍រួម និងគិតដល់ភាពរីកចម្រើនរបស់អ្នកនៅក្រោមការដឹកនាំខ្លួនរបស់ខ្លួនឯង
- ជាបុគ្គលដែលចូលចិត្តផ្ដោតលើដំណោះស្រាយ និងលទ្ធផលរយៈពេលវែង