ប្រសិនបើអ្នកមានបំណងចង់ក្លាយជាសហគ្រិន អ្នកប្រាកដជាមានគំនិតមួយចំនួនដើម្បីចាប់ផ្ដើមអាជីវកម្មសម្រាប់ខ្លួនឯងហើយ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ដើម្បីជួយអ្នកបន្ថែមនោះគឺការយល់ច្បាស់អំពីភាពខុសគ្នារវាង Business Plan និង Business Model។
Business Plan (ផែនការអាជីវកម្ម)
ផែនការអាជីវកម្ម គឺជាឯកសារដែលសរសេររៀបរាប់លម្អិតអំពីគោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនោះ។ ហើយវាត្រូវបានគេចាត់ទុកថាជា “ប្លង់មេនៃអាជីវកម្ម” ពីព្រោះវាសង្ខេបទិដ្ឋភាពសំខាន់ៗទាំងអស់របស់ក្រុមហ៊ុន ដូចជាហិរញ្ញវត្ថុ ទីផ្សារ និងប្រតិបត្តិការ។
ផែនការអាជីវកម្មនឹងជួយបង្ហាញផ្លូវដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងវិនិយោគិន បានមើលឃើញពីដំណើរការចាប់តាំងពីចាប់ផ្ដើមអាជីវកម្មដំបូង រហូតអាចមានឱកាសរីកចម្រើនក្នុងរយៈពេលវែង ជារួមអាចមើលដឹងពីដំណាក់កាលនៃភាពជោគជ័យរបស់អាជីវកម្ម។
បន្ថែមពីនេះផែនការអាជីវកម្មប្រែប្រួលទៅតាមឧស្សាហកម្ម ប៉ុន្តែមានទម្រង់ទូទៅសម្រាប់ការសរសេរផែនការអាជីវកម្មដូចគ្នា ហើយអ្នកអាចពង្រីក ឬបង្រួមគំរូនេះដោយផ្អែកលើគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនរបស់អ្នកបាន។
- សង្ខេបប្រតិបត្តិ
- ការពិពណ៌នាអាជីវកម្ម
- ការវិភាគទីផ្សារ
- ពណ៌នាពីផលិតផល និងសេវាកម្ម
- យុទ្ធសាស្ត្រទីផ្សារ
- ផែនការទីផ្សារ
- ប្រតិបត្តិការ និងការគ្រប់គ្រង
- ផែនការហិរញ្ញវត្ថុ
ប្រភេទនៃការធ្វើផែនការអាជីវកម្ម រួមមាន៖
- ផែនការចាប់ផ្តើមអាជីវកម្ម (Start-Up Business Plans)
- ផែនការអាជីវកម្មផ្ទៃក្នុង (Internal Business Plans)
- ផែនការអាជីវកម្មជាយុទ្ធសាស្ត្រ (Strategic Business Plans)
- ផែនការអាជីវកម្មលទ្ធភាពដែលអាចទទួលបានការបណ្ដាក់ទុន (Feasibility Business Plans)
- ផែនការអាជីវកម្មប្រតិបត្តិការ (Operations Business Plans)
- ផែនការអាជីវកម្មដើម្បីរីកចម្រើន (Growth Business Plans)
Business Model (គំរូអាជីវកម្ម)
គំរូអាជីវកម្ម សំដៅលើហេតុផលរបស់ក្រុមហ៊ុន និងផែនការក្នុងការរកប្រាក់ចំណេញ ដោយវាពន្យល់ពីរបៀបដែលក្រុមហ៊ុនផ្តល់គុណតម្លៃជាក់លាក់មួយដល់អតិថិជនរបស់ខ្លួន។ គំរូអាជីវកម្មនឹងរួមបញ្ចូលព័ត៌មានលម្អិតអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទីផ្សារគោលដៅរបស់ខ្លួន និងការចំណាយទាំងអស់ទាក់ទងនឹងប្រតិបត្តិការ និងផលិតកម្ម។
គំរូអាជីវកម្មមានសារៈសំខាន់សម្រាប់អាជីវកម្មថ្មី និងអាជីវកម្មដែលបង្កើតឡើង ដោយវាជួយក្រុមហ៊ុនថ្មីដែលកំពុងអភិវឌ្ឍន៍ដើម្បីទាក់ទាញការវិនិយោគ ការជ្រើសរើសបុគ្គលិកចូលថ្មី និងលើកទឹកចិត្តអ្នកគ្រប់គ្រង និងបុគ្គលិកឱ្យខិតខំបន្តទៀត។
ចំពោះប្រភេទនៃ Business Model មានច្រើន ប៉ុន្តែភាគច្រើនគេពេញនិយមប្រើប្រាស់ប្រភេទដូចជា៖
- គំរូផ្សាយពាណិជ្ជកម្ម (Advertising model)
- គំរូនៃការជាវ (Subscription model)
- ផលិតផលទៅជាគំរូសេវាកម្ម (Product to service model)
- ម៉ូដែល Franchise (Franchise model)
- គំរូចែកចាយ (Distribution model)
- ម៉ូដែលក្រុមហ៊ុនផលិត (Manufacturer model)
- ម៉ូដែលលក់រាយ (Retailer model)
- ម៉ូដែលសម្ព័ន្ធ (Affiliate model)
- គំរូចំណូលដែលបានលាក់ (Hidden revenue model)
- គំរូលក់ផ្ទាល់ (Direct sales model)
- គំរូប្រឹក្សាយោបល់ (Consulting model)
- គំរូតាមភ្នាក់ងារ (Agency-based model)
- គំរូអប់រំតាមអ៊ីនធឺណិត (Online educational model)
- ។ល។
សមាសធាតុសំខាន់ៗដែលអ្នកត្រូវតែបញ្ចូលនៅក្នុងការធ្វើគំរូអាជីវកម្មរបស់អ្នក៖
- ចក្ខុវិស័យ
- គោលបំណងសំខាន់
- ទីផ្សារគោលដៅ
- បញ្ហា
- ដំណោះស្រាយ
- គុណតម្លៃផលិតផលឬសេវាកម្ម
- តម្លៃផលិតផលឬសេវាកម្ម
- ការធ្វើទីផ្សារ
- ថវិកាដែលត្រូវការស្នើសុំពីវិនិយោគិន
- ឱកាសរីកចម្រើន