អត្ថបទនេះជាការឆ្លុះបញ្ចាំងពីគំនិតថ្មីៗ ដែលមិនត្រឹមតែជាប្រភេទអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាគំនិតមួយដែលអាចជួយដល់សង្គមបានយ៉ាងច្រើនផងដែរ។
មរណភាពជារឿងដែលពិបាកទទួលយក
កើត ចាស់ ឈឺ ស្លាប់ គឺជារឿងធម្មតារបស់មនុស្សលោក តែមនុស្សជាច្រើនមិនអាចទទួលយកដំណាក់កាលចុងក្រោយនៃជីវិត គឺមរណភាព បានឡើយ។ នៅពេលដែលដឹងយ៉ាងច្បាស់ថាជិតបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន អារម្មណ៍ក្តុកក្តួល និងភាពសោកសង្រេងក៏ចាប់ផ្តើមកើតមានឡើងចំពោះក្រុមគ្រួសារនិងញាតិមិត្ត។ ខណៈពេលដែលម្នាក់ៗដែលនៅជុំវិញកំពុងតែមានទុក្ខយ៉ាងធំ អ្នកទាំងនោះត្រូវមានកាតព្វកិច្ចមួយដែលមិនអាចចៀសបាន គឺការរៀបចំពិធីបុណ្យតាមប្រពៃណីសម្រាប់អ្នកដែលបានធ្វើមរណកាលទៅហើយ។ សមាជិកគ្រួសារឬសាច់ញាតិ ត្រូវញាប់ដៃញាប់ជើងរៀបចំគេហដ្ឋាន ទាក់ទងទៅគ្រប់ទិសទី ព្រមទាំងជូនដំណឹង និងសុំការអនុញ្ញាតពីអាជ្ញាធរ ដើម្បីអាចរៀបចំពិធីបុណ្យ។ ក្នុងកាលៈទេសៈបែបនេះ ក្រុមគ្រួសារនិងញាតិមិត្តដែលជិតស្និទ្ធអាចគិតគូររៀបចំពិធីបានតិចតួចបំផុត ហើយចង់នៅក្បែរមនុស្សជាទីស្រឡាញ់របស់ខ្លួននៅក្នុងវិនាទីចុងក្រោយ។ ជាងនេះទៅទៀត បើមរណភាពដោយហេតុគ្រោះថ្នាក់ ឬភាពចៃដន្យអ្វីមួយវិញទៀតនោះ គ្មានសោះឡើយវិញ្ញាណ និងស្មារតីនៅក្នុងក្រុមគ្រួសារ កុំថាឡើយបានគិតគូរដល់ការរៀបចំពិធីឱ្យបានសមរម្យ។
ក្នុងកាលៈទេសៈកំពុងតែមានទុក្ខ ក្រុមគ្រួសារនិងញាតិមិត្តដែលជិតស្និទ្ធអាចគិតគូររៀបចំពិធីបានតិចតួចបំផុត ហើយចង់នៅក្បែរមនុស្សជាទីស្រឡាញ់របស់ខ្លួននៅក្នុងវិនាទីចុងក្រោយ!
មិនបានគិតគូរឡើយដល់ការរៀបចំពិធីបុណ្យសព
ការរៀបចំពិធីបុណ្យមួយតាមប្រពៃណីគឺមិនងាយស្រួលនោះទេ ព្រោះត្រូវដឹងពីក្បួនទម្លាប់់ ដឹងថាត្រូវទៅរកអ្វី ហើយរកពីអ្នកណា។ អ្វីដែលកាន់តែលំបាកទៀតនោះ គឺម្ចាស់ដើមបុណ្យមិនដែលជួបប្រទះរឿងបែបនេះ មិនដឹងថាត្រូវធ្វើអ្វីមុន អ្វីក្រោយ អ្វីចាំបាច់ អ្វីមិនចាំបាច់ និងថាតើទាក់ទងអ្នកណាខ្លះ ហើយរៀបចំយ៉ាងដូចម្ដេច ដើម្បីឱ្យត្រឹមត្រូវតាមប្រពៃណី ឱ្យសមនឹងការគោរពនិងក្តីស្រឡាញ់ ដែលខ្លួនមានចំពោះអ្នកដែលបានចែកឋានទៅ។
បើនិយាយពីខ្ទង់ចំណាយវិញ សម្រាប់ពិធីបុណ្យផ្សេងៗ ប្រហែលជាអាចប៉ាន់ប្រមាណបាន ប៉ុន្តែសម្រាប់ការរៀបចំពិធីបុណ្យសព គឺពិបាកនឹងប៉ាន់ប្រមាណណាស់ ដោយសារតែភាគច្រើនគឺជាការរៀបចំភ្លាមៗដោយមិនបានព្រៀងទុក។ ពេលខ្លះការចំណាយគឺច្រើនលើសលប់ ដោយសារតែគ្រួសារសពមិនអាចតថ្លៃ ឬគ្មានពេលវេលានិងកម្លាំងក្នុងការតថ្លៃ ឬដោយសារតែត្រណមមិនតថ្លៃក្នុងពិធីបុណ្យ ដើម្បីឱ្យវាប្រព្រឹត្តិទៅដោយរលូន។ ចំណាយភាគច្រើនមិនបានសមនឹងតម្រូវការរបស់សាច់ញាតិបងប្អូន តែដោយសិ្ថតនៅក្នុងស្ថានភាពមានទុក្ខបែបនេះ ម្នាក់ៗគឺត្រូវតែសង្កត់ចិត្តព្រមទទួលយកអ្វីៗដែលមាន បើទោះបីជាមិនបានសមតាមចិត្តដែលចង់បានក៏ដោយ។
«ហាងមរតក» ចង់ជួយសម្រួលបន្ទុកដល់គ្រួសារសព
ដោយសង្កេតឃើញពីស្ថានភាពលំបាកនៃគ្រួសារសពបែបនេះ លោក យស ប៊ុនហោ សហការជាមួយនឹងដៃគូបរទេសម្នាក់ទៀត បានរួមគ្នាបង្កើតហាងផ្ដល់សេវាកម្មរៀបចំបុណ្យសពមួយឡើង ដោយបានដាក់ឈ្មោះហាងថា មរតក។ ស្ថាបនិកទាំងពីររូបនេះបានពន្យល់ថា ពួកគាត់បានមើលឃើញពីការលំបាកនៃគ្រួសារនានាក្នុងសង្គមប្រឈមនឹងមរណភាពសមាជិកគ្រួសាររបស់ខ្លួន។ លោកអ៊ំបាននឹកគិតដល់ការជួយសម្រួលបន្ទុកដល់ក្រុមគ្រួសារដែលមានវិបត្តិ ដើម្បីឱ្យពួកគាត់បានចំណាយពេលវេលាចុងក្រោយជាមួយអ្នកជាទីស្រឡាញ់ឱ្យដល់ទីបញ្ចប់។ គំនិតដ៏ល្អនេះហើយ ដែលនាំឱ្យមានការផ្ដួចផ្ដើមបង្កើតជាហាង មរតក នេះឡើង។
លក្ខណៈពិសេសនៃ «ហាងមរតក»
ពួកគាត់មានទស្សនៈថា ពីធីបុណ្យសពធ្វើឡើងមានគោលបំណង២យ៉ាង។ ទី១នោះគឺជាកិត្តិយសសម្រាប់អ្នកស្លាប់ និងទី២គឺជាអនុស្សាវរីយ៍ចុងក្រោយបង្អស់សម្រាប់អ្នកដែលនៅរស់។ ដូចនេះហើយ ពួកគាត់ចង់ធ្វើយ៉ាងណាឱ្យពីធីបុណ្យមានការរៀបចំត្រឹមត្រូវតាមក្បួនខ្នាត តាមប្រពៃណីនៃក្រុមគ្រួសារសព និងប្រព្រឹត្តទៅរលូន ដោយមិនឱ្យក្រុមគ្រួសារសពមានការលំបាកឡើយ។
ដើម្បីសម្រេចបាននូវកិច្ចការខាងលើ ពួកគាត់បានខិតខំផ្តោតសំខាន់លើ៣ចំណុចដូចខាងក្រោម៖
- ការប្រឹក្សាយោបល់៖ ផ្ដល់ការប្រឹក្សាយោបល់ដល់ក្រុមគ្រួសារអំពីដំណើរការនៃពិធីបុណ្យយ៉ាងច្បាស់លាស់និងលម្អិត ដែលនាំមកនូវអារម្មណ៍ស្ងប់ក្នុងចិត្ត អាចជួយរំលែកទុក្ខសោកដ៏ធំធេងរបស់គាត់បានមួយកម្រិត។
- ផលិតផល៖ ផ្ដល់ជូនតែផលិតផលក្នុងពិធីបុណ្យ ដែលល្អប្រណីត សម្រាប់ជាកិត្តិយសដល់អ្នកដែលបានស្លាប់ និងជាទីពេញចិត្តនៃញាតិមិត្តបងប្អូន។
- សេវាកម្ម៖ ភ្ជាប់ជាមួយនូវសេវានានាដែលចាំបាច់ ដើម្បីជួយសម្រួលដល់ដំណើរការនិងភាពប្រសើរនៃកម្មវិធីបុណ្យសព តាំងពីការលើកដាក់ ការតុបតែង រហូតដល់ការយាមកំដរ។
លើសពីនេះទៅទៀត ស្ថាបនិកទាំង២រូប ក៏បានគិតគូរដល់ខ្ទង់ចំណាយនៃក្រុមគ្រួសារសពផងដែរ។ ពួកគាត់និយាយថា ពួកគាត់មិនផ្ដោតចម្បងលើការរកប្រាក់នោះទេ ព្រោះពួកគាត់យល់ដល់ផ្លូវចិត្តនិងអារម្មណ៍នៃក្រុមគ្រួសារ សូម្បីតែតម្លៃក៏បានគិតគូរយ៉ាងល្អិតល្អន់។ គិតដូចនេះ ពួកគាត់បានបង្កើតជា «កញ្ចប់» ដែលមានទាំងផលិតផល និងសេវាអមជាមួយ មានចែងច្បាស់លាស់ ដើម្បីកាត់បន្ថយចំណាយឱ្យបានច្រើន និងផ្ដល់ជូនក្នុងតម្លៃសមស្របបំផុត ។ នេះក៏ដើម្បីអារម្មណ៍ស្ងប់ចិត្តនិងការជឿជាក់នៃក្រុមគ្រួសារសព ដែលត្រូវការពេលវេលាឱ្យបានច្រើនបំផុតជាមួយមនុស្សជាទីស្រឡាញ់របស់គាត់ជាចុងក្រោយ គ្មានពេលឡើយមកខ្វាយខ្វល់អំពីការរៀបចំពិធីទាំងនេះ។ សម្រាប់ការចាប់ផ្ដើមប្រតិបត្តិដំបូង មរតក មាន «កញ្ចប់» ៣ប្រភេទ សម្រាប់រយៈពេល ៣ថ្ងៃ ៥ថ្ងៃ ឬ ៧ថ្ងៃ ទៅតាមការចង់បានរបស់ក្រុមគ្រួសារសព។ ទោះក្នុងកញ្ចប់ណាមួយក៏ដោយ គ្រួសារសពនឹងទទួលបានសេវានិងផលិតផលដែលមានគុណភាព ដែលរួមមាន៖ លិខិតស្នាមពាក់ព័ន្ធ, ការសម្អាតនិងរក្សាសព, ក្ដារមឈូសប្រណីតនិងជើងទម្រ, ការតុបតែងផ្កា, និងការជួយសម្រួលដល់ពិធីបុណ្យ ។
មិនផ្ដោតចម្បងលើការរកប្រាក់នោះទេ ព្រោះពួកគាត់យល់ដល់ផ្លូវចិត្តនិងអារម្មណ៍នៃក្រុមគ្រួសារ
ស្ថាបនា «ហាងមរតក» មិនមែនជារឿងងាយទេ!
ក្នុងការធ្វើឱ្យឧត្តមគំនិតនេះក្លាយជាការពិតបាន ស្ថាបនិកទាំង២រូប បានឆ្លងកាត់ការលំបាកគ្រប់សព្វបែបយ៉ាងតាំងពីដើមទីមកម្ល៉េះ។ ពួកគាត់បានបង្ហើបឱ្យដឹងអំពីការលំបាកក្នុងការនិយាយពីគំនិតរបស់ពួកគាត់ដោយបើកចំហ ព្រោះទោះបីវាជារឿងដ៏ប្រពៃ ដែលពួកគាត់គិតគូរដល់សុខទុក្ខអ្នកមានវិបត្តិក៏ដោយ ក៏មនុស្សជាទូទៅមិនទាន់អាចទទួលយកបាននៅឡើយនូវការពិភាក្សាអំពីបុណ្យសព ឬអំពីការគ្រោងបុណ្យសព។ តែពួកគាត់មិនរួញរាឡើយ ហើយបានព្យាយាមពន្យល់ដោយអស់ពីចិត្តអំពីការលំបាកនៃក្រុមគ្រួសារសព និងអំពីអ្វីដែលពួកគាត់អាចជួយបាន ដែលនេះនាំឱ្យមានមនុស្សកាន់តែច្រើនឡើង បានបើកចិត្តទូលាយ ហើយថែមទាំងគាំទ្រ និងជ្រោមជ្រែងពួកគាត់ឱ្យទទួលបានជោគជ័យទៀតផង។
គំនិតឧត្ដមសមនឹងទទួលជោគជ័យ
បើតាម «គំនិត», សេវាកម្មដែលបង្កើតឡើងដោយស្ថាបនិកទាំង២រូបខាងលើ អាចនឹងទទួលបានជោគជ័យ និងការគាំទ្រច្រើនពីមហាជនទូទៅ។ គាំទ្រគឺដោយសារតែសេវាកម្មនេះនឹងជួយសម្រាលបន្ទុកជាច្រើន ដោយបានផ្តល់អារម្មណ៍ធូរស្រាល និងភាពជឿជាក់ ធ្វើឱ្យសមាជិកគ្រួរសារ ព្រមទាំងសាច់ញាតិ មានពេលកាន់តែច្រើននៅជាមួយអ្នកជាទីស្រឡាញ់របស់ខ្លួន ព្រោះជាពេលវេលាដ៏មានតម្លៃបំផុត និងជាពេលជួបមុខគ្នាចុងក្រោយ។ ភាពជឿជាក់នៃគ្រួសារសពនឹងកើតចេញពីការយល់ច្បាស់ពីដំណើរការនៃការរៀបចំពិធី ការដឹងពីកម្រិតសេវាកម្មនិងអ្វីផ្សេងៗដែលនឹងទទួលបាន និងការដឹងជាក់លាក់ពីខ្ទង់ចំណាយ។ ប៉ុន្តែសេវាកម្មដែលមិនធ្លាប់មានពីមុនមួយនេះ អាចនឹងត្រូវការពេលវេលាពន្យល់ដោយមានហេតុផលសមស្រប ដើម្បីបញ្ជ្រាបចូលទៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរ ឱ្យពួកគាត់យល់ច្បាស់ និងចាត់ទុកវាដូចការរៀបចំពិធីផ្សេងៗទៀត។ ភាពជឿជាក់នៃមហាជន និងការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពួកគាត់ទៅលើការរៀបចំពិធីបុណ្យសពនេះហើយ នឹងនាំមកនូវភាពជោគជ័យសម្រាប់ មរតក។