មិត្តភាពគឺជាផ្នែកមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងសុខុមាលភាពរបស់មនុស្សយើងគ្រប់រូប។ ប៉ុន្តែដើម្បីរក្សារ និងបង្កើតវានោះគឺមិនមែនជាការងាយស្រួលនោះទេ។ ការយល់ដឹងអំពីសារៈសំខាន់នៃមិត្តភាពនៅក្នុងជីវិតរបស់យើង នឹងធ្វើអោយយើងងាយស្រួលក្នុងបង្កើតមិត្តភាពថ្មី និងអភិវឌ្ឍចំណងមិត្តភាពនេះ។
តើមិត្តភាពមានសារៈសំខាន់យ៉ាងដូចម្តេច?
មានមិត្តភ័ក្តល្អច្រើន គឺធ្វើអោយយើងមានសុខភាពល្អ។ មិត្តភ័ក្តគឺជាអ្នកដែលចេះជួយយកអសារ ពោលគឺជួយអបអរនៅពេលដែលអ្នកសប្បាយចិត្ត និងជួយរំលែកទុក្ខនិងគាំទ្រអ្នកនៅពេលដែលមានទុក្ខលំបាក។ មិនត្រឹមតែប៉ុណ្ណោះ មិត្តភ័ក្តគឺជាអ្នកដែលជួយអោយអ្នកបំបាត់នូវភាពឯកោ និងផ្តល់នូវភាពស្និទ្ធស្នាលដែលអ្នកត្រូវការទៀតផង។ក្រៅពីនេះ មិត្តអាចជួយអោយអ្នក៖
- កាត់បន្ថយនូវភាពតប់ប្រមល់
– ធ្វើអោយអ្នកយល់ថាខ្លួនមានតម្លៃ
– អាចជួយដោះស្រាយទុក្ខលំបាករបស់អ្នក នៅពេលដែលអ្នកមានអាសន្ន
– លើកទឹកចិត្តអ្នកអោយអ្នកកែប្រែនូវទម្លាប់អាក្រក់ក្នុងជីវិតរស់នៅ
– ជួយបង្កើនសេចក្តីរីករាយ ។ល។
ហេតុអ្វីនៅពេលខ្លះវាពិបាកនឹងរកមិត្តភ័ក្តថ្មី និងរក្សាចំណងមិត្តភាព?
មានមនុស្សជាច្រើនដែលមានបញ្ហាលំបាកក្នុងការកសាងមិត្តភាពថ្មី ឬក៏រក្សាចំណងមិត្តភាពដែលពួកគេកំពុងតែមាន។ ស្ថានភាពនេះកើតឡើងនៅពេលដែលអ្នកមានការមមាញឹកក្នុងជីវិតប្រចាំថ្ងៃ ហើយអ្នកភ្លេចគិត និងរវីរវល់អំពីចំណងមិត្តភាព។ នៅពេលខ្លះ អ្នកត្រូវផ្លាស់លំនៅឋានទៅកាន់ទីកន្លែងថ្មី ដែលធ្វើអោយអ្នកពិបាករក្សារទំនាក់ទំនងជាមួយមិត្តចាស់របស់អ្នក។ ហើយពេលខ្លះទៀត ចំណងមិត្តភាពរបស់អ្នកត្រូវបានប្រេះឆាដោយសារតែមានទំនាស់បន្តិចបន្តួច ឬក៏ទំនាស់ផលប្រយោជន៍។ ចំណែកឯការរកចំណងមិត្តភាពថ្មីក៏មិនមែនជាការងាយស្រួលផងដែរ។ ថ្វីត្បិតតែក្នុងពិភពលោកនេះមានមនុស្សច្រើនមែន ប៉ុន្តែមិត្តដែលស្គាល់ចិត្ត ថ្លើម គឺពិបាកនឹងរកណាស់។ ហេតុនេះហើយ អ្នកត្រូវតែធ្វើការអត់ធ្មត់ និងព្យាយាមដើម្បីបង្កើនចំណងមិត្តភាព និងរក្សាវា។
ចំណងមិត្តភាពគឺអាចផ្តល់អោយអ្នកនូវភាពសប្បាយរីករាយ បំបាត់ភាពឯកាដែលជាកត្តាដែលធ្វើអោយផ្លូវចិត្តរបស់អ្នកមានសុខភាពល្អ។ ទោះបីជាការបង្កើតចំណងមិត្តភាពថ្មី និងរក្សារវាមានការលំបាកបន្តិចមែន ប៉ុន្តែវាពិតជាមានតម្លៃក្នុងការធ្វើរឿងទាំងនេះ។
តើត្រូវមានមិត្តភ័ក្តប៉ុន្មានអ្នកទើបល្អ?
ចំនួនមិត្តភ័ក្តច្រើន ឬតិចគឺវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះគឺគុណភាពនៃចំណងមិត្តភាព។ សម្រាប់អ្នកខ្លះ គេចូលចិត្តមានមិត្តភ័ក្តច្រើន រីឯអ្នកខ្លះទៀតគេនិយមមានមិត្តភ័ក្តតិច តែជិតស្និទ្ធ។ ចំណងមិត្តភាពក៏មានប្រភេទខុសគ្នាផងដែរ។ ក្នុងនោះមានមិត្តដែលជិតស្និទ្ធបំផុតដែលអ្នកអាចចែករំលែកនូវអារម្មណ៍ និងទុក្ខលំបាករបស់អ្នក និងមិត្តភ័ក្តធម្មតាដែលអ្នកតែងតែលែងកីឡាជា ឬក៏ធ្លាប់ដើរកម្សាន្តជាមួយ។
តើធ្វើយ៉ាងម៉េចដើម្បីអាចរក្សាចំណងមិត្តភាពបាន?
ការអភិវឌ្ឍន៍ និងរក្សារចំណងមិត្តភាពអោយគង់វង្សនោះគឺតម្រូវអោយមានការចេះយោគយល់ និងការលះបង់ខ្លះៗ។ អ្នកត្រូវធ្វើអោយមិត្តរបស់អ្នកយល់ថា អ្នកយកចិត្តទុកដាក់ចំពោះគេ។ ត្រូវតែចេះគោរពគ្នាទៅវិញទៅមក និងមិនត្រូវប្រណាំងប្រជែងគ្នាយកឈ្នះចាញ់ដូចជាអួតពីទ្រព្យសម្បត្តិដាក់គ្នានោះទេ។ ត្រូវចេះស្តាប់មិត្តរបស់អ្នកនិយាយ ហើយអ្នកត្រូវចៀសវាងការនិយាយតែម្នាក់ឯងដោយមិនទុកឱកាសអោយមិត្តរបស់អ្នកនិយាយអ្វីទាល់តែសោះ។ អ្នកត្រូវព្យាយាមផ្តល់យោបល់ នៅពេលដែលមិត្តអ្នកត្រូវការដោយមិនត្រូវគេចវេសឡើយ។ ក្រៅពីនេះ អ្នកត្រូវគោរពឯកជនភាពរបស់មិត្តអ្នក ពោលគឺមិនត្រូវទម្លាយនូវរឿងរាវផ្ទាល់ខ្លួន ដែលគេបានប្រាប់អ្នក ប្រាប់ទៅអ្នកដ៏ទៃនោះទេ។
ចូរចាំថា វានឹងមិនយឺតពេលក្នុងការកសាងមិត្តភាពឬក៏ធ្វើការទំនាក់ទំនងជាមួយនឹងមិត្តចាស់របស់អ្នកឡើងវិញនោះទេ។ ការចំណាយពេលវេលាដើម្បីស្វែងរកមិត្តភ័ក្ត និងធ្វើអោយទំនាក់ទំនងរបស់កាន់តែប្រសើរឡើងនោះ នឹងធ្វើអោយអ្នកមានជិវិត និងសុខភាពកាន់តែប្រសើរ។
ដកស្រង់ និងប្រែសម្រួលពី ៖ http://www.mayoclinic.com/health/friendships