ក្នុងនាមជាមនុស្សម្នាក់ មិនថានៅក្នុងសង្គម នៅក្នុងស្ថាប័នណាមួយ ឬនៅក្នុងក្រុមណាមួយនោះទេ ទាំងអស់គ្នាមិនគួរប្រកាន់គោលជំហរមិនរវីរល់ ឬមិនជួយយកអាសារគ្នាឡើយ។ យើងគួរតែមានគោលជំហរចេះជួយគ្នា និងចេះជួយយកអាសារអ្នកដទៃ ហើយយើងគួរមានគោលជំហរមួយថា ទាល់តែអាចជួយអ្នកដទៃឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ។
មានរឿងនិទានមួយបានដំណាលថា កសិករម្នាក់បានដាក់អង្គុបចាប់កណ្តុរនៅក្បែរជម្រុកស្រូវ។ សត្វកណ្តុរឃើញដូចនេះក៏ប្រាប់ទៅមេមាន់។ នៅពេលដែលឮដូចនេះ មេមាន់ក៏ស្រែកថា៖ “រឿងនឹងវាគ្មានទាក់ទងអីនឹងយើងទេ រឿងនេះគឺជារឿងរបស់ឯងទេតើ! អញ្ចឹងប្រយ័ត្នខ្លួនឯងឱ្យល្អទៅ!” និយាយចប់ មេមាន់ក៏ដើរចេញទៅបាត់!
បន្ទាប់មកកូនកណ្តុរនោះក៏រត់ទៅប្រាប់លោកបងជ្រូក។ ហើយលោកជ្រូកកន្ធាត់នោះក៏ឆ្លើយតបថា៖ “រឿងរបស់ឯងទេ មិនចាំបាច់មកប្រាប់យើងទេ ប្រយ័ត្នខ្លួនឯងឱ្យល្អទៅអាវ៉ា!” ស្រែករួចក៏ដើរចេញទៅបាត់!
មិនទាន់អស់ចិត្ត កូនកណ្តុរក៏បន្តរត់ទៅប្រាប់សត្វគោទៀត តែត្រូវបានសត្វគោនោះតបដោយចំអកថា៖ “តាំងពីកើតមក ឯងធ្លាប់ឃើញអង្គុបចាប់កណ្តុរអាចសម្លាប់គោណាមួយបានដែរឬទេ? ជូនពរឱ្យឯងសំណាងល្អចុះ!” និយាយចប់ គោនោះក៏ដើរយ៉ាងក្អេងក្អាងចេញទៅបាត់ទៅ។
ក្រោយមក មានថ្ងៃមួយ អង្គុបចាប់កណ្តុរនោះក៏ចាប់បានពស់មានពិសមួយក្បាល។ នៅពេលយប់ ប្រពន្ធកសិករដែលដាក់អង្គុបនោះដើរចូលទៅយកស្រូវនៅក្បែរនោះ ដោយមិនប្រយ័ត្ន និងមិនចាប់ភ្លឹកថាមានពស់ ក៏ត្រូវបានពស់នោះចិក ហើយត្រូវបានបញ្ចូនទៅមន្ទីរពេទ្យព្យាបាល។
ដោយឃើញប្រពន្ធត្រូវពស់ចិក និងមានសុខភាពខ្សោយ កសិករនោះក៏បានកាប់មាន់ដើម្បីធ្វើស៊ុបប៉ូវសុខភាពប្រពន្ធរបស់ខ្លួន។
បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ ញាតិមិត្តបងប្អូនក៏បានមកសួរសុខទុក្ខ ហើយដើម្បីទទួលភ្ញៀវ កសិករនោះក៏សម្រេចចិត្តកាប់ជ្រូករបស់ខ្លួនដើម្បីធ្វើជាអាហារទទួលភ្ញៀវ។
រីឯសត្វគោក៏មិនរួចខ្លួនដែរ ព្រោះដោយសារតែចំណាយលុយអស់ច្រើនក្នុងការព្យាបាលប្រពន្ធ កសិករនោះក៏សម្រេចចិត្តលក់គោមួយក្បាលនោះទៅកសិដ្ឋានកាប់គោយកសាច់ដើម្បីយកប្រាក់មកដោះទាល់ជីវភាព។
បន្ទាប់ពីបានអានរឿងនេះហើយ អ្នកយល់យ៉ាងណា? ក្នុងសង្គម ក្នុងស្ថាប័នក្រុមហ៊ុន ក្នុងក្រុម សុទ្ធតែអាចមានរឿងស្រដៀងគ្នានេះកើតឡើង ហើយមនុស្សមិនតិចទេដែលព្យាយាមមិនខ្វល់ខ្វាយពីអ្នកដទៃទោះបីជាគេអាចជួយបានក៏ដោយ ដោយប្រកាន់យកគោលជំហរសក់អ្នកណាក្បាលអ្នកហ្នឹង។ តែចូរចាំថា រឿងដែលអ្នកមិនរវីរវល់ពេលនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកនៅពេលណាមួយ ប្រៀបដូចជាការដួលរលំនៃគ្រាប់ដូមីណូដែលដំរៀបជួរគ្នាអញ្ចឹង។
ក្នុងនាមជាមនុស្សម្នាក់ មិនថានៅក្នុងសង្គម នៅក្នុងស្ថាប័នណាមួយ ឬនៅក្នុងក្រុមណាមួយនោះទេ ទាំងអស់គ្នាមិនគួរប្រកាន់គោលជំហរមិនរវីរល់ ឬមិនជួយយកអាសារគ្នាឡើយ។ យើងគួរតែមានគោលជំហរចេះជួយគ្នា និងចេះជួយយកអាសារអ្នកដទៃ ហើយយើងគួរមានគោលជំហរមួយថា ទាល់តែអាចជួយអ្នកដទៃឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ។
រឿងនិទានដកស្រង់ចេញពី៖ 青春正能量