ការចាប់ផ្ដើមតែងតែមានបញ្ហា ហើយដើម្បីបង្ការបញ្ហា យើងត្រូវតែមានការត្រៀមលក្ខណៈទុកជាមុនសិន ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញអំពីគន្លឹះក្នុងការត្រៀមលក្ខណៈឱ្យបានរួចរាល់ មុននឹងសម្រេចចិត្តបើកអាជីវកម្ម។ គន្លឹះទាំងនោះ រួមមាន៖
1. ចំណេះដឹងលើវិស័យដែលចង់ចាប់ផ្ដើម
មុននឹងអាចធ្វើអាជីវកម្មនៅក្នុងវិស័យណាមួយ ចូរអ្នកឈ្វេងយល់ឱ្យបានច្បាស់ ក៏ដូចជាប្រឡូកនៅក្នុងវិស័យនោះឱ្យបានច្រើន ដើម្បីឈ្វេងយល់ ក៏ដូចជាយកបទពិសោធន៍សំខាន់ៗ ដើម្បីធ្វើឱ្យមានភាពប្រសើរនៅក្នុងការចាប់ផ្ដើមរបស់អ្នក។
2. ជំនាញរឹង និងជំនាញទន់
- តើជំនាញឯកទេសឬជំនាញរឹងរបស់អ្នកខ្លាំងកម្រិតណាហើយ? តើអាចជាស្នូលដ៏សំខាន់ដើម្បីជំនួយដល់អាជីវកម្មរបស់អ្នកឬនៅ? ហើយជំនាញនោះ ផ្សារភ្ជាប់នឹងអ្វីដែលអ្នកចង់ធ្វើឬនៅ?
- តើអ្នកមានជំនាញទន់គ្រប់គ្រាន់ដើម្បីដឹកនាំក្រុម និងអាចប្រើការបាននៅក្នុងការគ្រប់គ្រងមនុស្សឬនៅ?
3. ដើមទុន
- តើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រាន់ឬនៅ?
- តើអ្នកនឹងត្រូវឈ្វេងរកប្រភពដើមទុនមកពីណាបន្ថែមទៀត?
4. គម្រោងអាជីវកម្ម
- តើអាជីវកម្មប្រភេទណាដែលអ្នកចង់ចាប់ផ្ដើម?
- តើអ្វីជាទស្សនវិស័យ បេសកកម្មរបស់អ្នក?
- តើនរណាជាអតិថិជនគោលដៅ?
- តើអ្វីជាទិសដៅទីផ្សារអ្នក?
- តើអ្នកនឹងមានយុទ្ធសាស្រ្តទីផ្សារបែបណា?
- តើត្រូវរៀបចំផែនការហិរញ្ញវត្ថុបែបណា?
- តើអ្វីជាគន្លឹះសំខាន់ ដើម្បីធ្វើឱ្យអាជីវកម្មទទួលបានភាពរីកចម្រើន?
- តើអ្នកត្រូវវិភាគដៃគូប្រកួតប្រជែងបែបណា?
5. ដៃគូរកស៊ី
- តើដៃគូរកស៊ីប្រភេទណាដែលសាកសមបំផុតក្នុងការចាប់ដៃគ្នារកស៊ី?
- ដៃគូប្រភេទនោះ តើអ្នកនឹងត្រូវស្វែងរកដោយរបៀបណា? នៅទីណា?
- លើសពីនេះ ត្រូវកសាងក្រុមឱ្យខ្លាំង ឱ្យរឹងមាំ ជាមុនសិន ដើម្បីសម្រេចចុងក្រោយក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មជាមួយគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់។
6. យល់ច្បាស់ពីទីផ្សារ
មុននឹងអាចធ្វើអាជីវកម្មបាន ចូរសិក្សា និងវិភាគទីផ្សារឱ្យបានច្បាស់លាស់ ហើយត្រឹមត្រូវបំផុត ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ឱ្យត្រូវនឹងតម្រូវការទីផ្សារ និងមានទីផ្សារខ្ពស់។
7. យល់ច្បាស់ពីបញ្ហាដែលនឹងកើតឡើង
ការធ្វើអាជីវកម្ម តែងតែមានបញ្ហាកើតឡើង ដូច្នេះអ្នកត្រូវគិតពីបញ្ហាដែលនឹងអាចកើតមានឡើងនៅពេលដែលចាប់ផ្ដើមអាជីវកម្មរបស់អ្នក ដូចជា ៖
- បញ្ហាការងារជាក្រុម
- បញ្ហាហិរញ្ញវត្ថុ
- បញ្ហាគ្មានទីផ្សារ ដូចអ្វីដែលបានរំពឹងទុក
- និងបញ្ហាផ្សេងៗទៀត។
បន្ទាប់ពីស្វែងយល់ពីបញ្ហាដែលអាចកើតឡើងរួចហើយ ចូរត្រៀមលក្ខណៈទុកជាមុន ដូចជារៀបចំផែនការដោះស្រាយបញ្ហាទុកជាមុនជាដើម។
8. អ្នកប្រឹក្សាយោបល់
ចំណុចនេះ ពិតជាសំខាន់ ដើម្បីធ្វើអាជីវកម្មមួយឱ្យមានភាពប្រសើរនៅពេលចាប់ផ្ដើមដំបូង អ្នកគួរតែស្វែងរកអ្នកជំនាញ អ្នកមានបទពិសោធន៍នៅក្នុងវិស័យអាជីវកម្មដែលអ្នកកំពុងចង់ចាប់ផ្ដើមជាមុនសិន។