spot_img
spot_img
Homeទូទៅមូលហេតុទាំង 18 ធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅ

មូលហេតុទាំង 18 ធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅ

-

មនុស្សភាគច្រើនតែងតែជួបនូវបញ្ហា ដែលមិនអាចសម្រេចគោលដៅផ្ទាល់ខ្លួនដែលបានកំណត់ តើមកពីមូលហេតុអ្វី? ខាងក្រោមនេះ ជាមូលហេតុចម្បងធំៗ ចំនួន 18 ដែលធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅខ្លួនឯងបាន។

1. គោលដៅគ្មានភាពច្បាស់លាស់

ជាមនុស្សវង្វេងនឹងគោលដៅខ្លួនឯង ដោយម្ដងចង់បាននេះ ម្ដងចង់បាននោះ ដោយគ្មានភាពថេរឡើយ។

2. គោលដៅដែលមិនអាចវាស់វែងបាន

កំណត់គោលដៅ ដែលគ្មានភាពអាចទៅរួច និងហួសពីសមត្ថភាពដែលខ្លួនកំពុងតែមាន។

3. មិនបានសរសេរគោលដៅដាក់ក្នុងក្រដាស

មានគោលដៅ ត្រូវតែសរសេរចេញក្រៅ បើមិនបានសរសេរទេ ថ្ងៃណាមួយអ្នកនឹងភ្លេច និងវង្វេងគោលដៅខ្លួនឯងមិនខាន។

4. មិនកំណត់ពេលវេលាដើម្បីសម្រេចគោលដៅជាក់លាក់

បើអ្នកមិនកំណត់ពេលវេលាជាក់លាក់ដើម្បីសម្រេចគោលដៅទេ នោះមួយជីវិតរបស់អ្នកនឹងគ្មានថ្ងៃទទួលបានលទ្ធផលល្អ និងមិនងាយសម្រេចបានជោគជ័យឡើយ ពីព្រោះធម្មជាតិរបស់មនុស្ស កាលណាគ្មានកាលបរិច្ឆេទកំណត់ទេ នោះមនុស្សនឹងខ្ជិល និងពន្យាពេលច្រើន ជាពិសេសគ្មានភាពខិតខំ តស៊ូឡើយ។

5. មិនដឹងពីរបៀបដើម្បីសម្រេច

មានគោលដៅល្អយ៉ាងណាក៏ដោយ ប៉ុន្តែបើអ្នកមិនដឹងពីរបៀបដើម្បីសម្រេចទេ នោះក៏គ្មានន័យអ្វីដែរ។

ដូច្នេះអ្នកត្រូវគិតអំពី៖

  • តើមានវិធីអ្វីខ្លះ ដើម្បីអាចធ្វើសកម្មភាពក្នុងការសម្រេចគោលដៅ?
  • តើនរណាអាចជួយជ្រោមជ្រែងអ្នកបាន?
  • តើមានឧបករណ៍ឬសម្ភារៈអ្វីខ្លះ ដើម្បីជំនួយដល់អ្នក?
6. រស់នៅក្នុងបរិបទដែលមិនគាំទ្រលើគោលដៅរបស់អ្នក

ចូរចៀសវាងពីទីកន្លែងណា ដែលជារនាំង ដើម្បីអាចសម្រេចក្ដីស្រមៃរបស់អ្នក។ ការរស់នៅទីកន្លែងណាដែលមិនមានការគាំទ្រ និងជំរុញបន្ថែម ដើម្បីជាផ្នែកសំខាន់មួយ ដើម្បីឆ្ពោះទៅកាន់គោលដៅដែលអ្នកបានកំណត់ គឺអ្នកមិនងាយសម្រេចបានបំណងឡើយ បើសម្រេចបាន ក៏វេទនាដែរ។

7. មិនចេះរក្សាចំណង់ឆេះឆួល

ចូរកុំធ្វើឱ្យខ្លួនឯងចង់សម្រេចអ្វីមួយតែអារម្មណ៍មួយឆាវៗ ប៉ុន្តែត្រូវរក្សាចំណង់ឆេះឆួលដែលចង់ធ្វើអ្វីមួយនោះឱ្យសម្រេចបានរហូតទទួលបានលទ្ធផលពិតៗតាមក្ដីប្រាថ្នា។

8. ខ្វះគោលបំណងជាក់លាក់

ការកំណត់គោលដៅ និងការធ្វើឱ្យសម្រេចគោលដៅនោះបាន លុះត្រាតែអ្នក​ មានគោលបំណងជាក់លាក់ ថាអ្នកកំណត់គោលដៅនោះ​ចង់បានអ្វីពិតប្រាកដ?

9. ធ្វើអ្វីដោយគ្មានភ្ជាប់ពាក្យ ហេតុអ្វី? ដោយរបៀបណា?

ដើម្បីសម្រេចអ្វីមួយបាន អ្នកត្រូវតែកំណត់គោលដៅ កំណត់សកម្មភាព ដោយភ្ជាប់ពាក្យថា ហេតុអ្វី? និងត្រូវធ្វើដោយរបៀបណា?

10. ខ្វះការអនុវត្ត

មនុស្សគ្មានការអនុវត្ត គឺគ្មានលទ្ធផលឡើយ ដូច្នេះបើចង់សម្រេចអ្វី គឺទាមទារឱ្យមានការអនុវត្តឱ្យបានច្រើនជាចាំបាច់។

11. ផ្ដោតខ្លាំងលើអ្វីដែលខ្លួនឯងគ្មាន

ចូរកុំផ្ដោតខ្លាំងលើអ្វីដែលខ្លួនគ្មាន ឬខ្វះខាត ឬចំណុចអវិជ្ជមានរបស់ខ្លួនឯង ប៉ុន្តែត្រូវតែផ្ដោតលើអ្វីដែលអ្នកចង់ទទួលបាន និងរបៀបធ្វើ ដើម្បីឱ្យសម្រេច។

12. ខ្វះការផ្ដោត

ចង់សម្រេចអ្វី ត្រូវតែផ្ដោតលើវាឱ្យខ្លាំង បើមិនអ៊ីចឹងទេ អ្នកក៏មិនងាយសម្រេចដែរ។

13. ខ្វះមានជឿជាក់

កំណត់គោលដៅហើយ ត្រូវតែបង្កើតទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង ថានឹងអាចធ្វើបាន។ ការមាន ទំនុកចិត្ត និងភាពជឿជាក់ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការងាយនឹងធ្វើអ្វីមួយពោរពេញដោយកម្លាំងចិត្ត។

14. មិនរៀនពីកំហុស ដើម្បីកែតម្រូវ

ការធ្វើអ្វីក៏ដោយ តែងតែមានកំហុសឆ្គង ដូច្នេះត្រូវរៀនពីអ្វីដែលខ្លួនបានធ្វើខុស ឬធ្វើសកម្មភាពណាមួយដែលធ្វើឱ្យគោលដៅរបស់អ្នកមិនទទួលបានលទ្ធផលល្អជាដើម។ បន្ទាប់មករៀនពីកំហុសឆ្គង ដើម្បីកែតម្រូវ ដោយធ្វើយ៉ាងណាឱ្យមានលទ្ធផលល្អប្រសើរជាងមុន។

15. កំណត់គោលដៅដែលមិនទាក់ទងនឹងជីវិតផ្ទាល់ខ្លួន

ជីវិតរបស់អ្នកចង់បានអ្វី អ្នកត្រូវកំណត់គោលដៅបែបនោះ ចូរកុំកំណត់គោលដៅដែលខុសប្រាស់ចាកពីជីវិតខ្លួនឯងឱ្យសោះ។

16. មិនចាកចេញពី Comfort Zone

Comfort Zone ជាតំបន់ដែលសុខស្រួលដែលមនុស្សភាគច្រើនចង់រស់នៅ ដូចជាខ្ជិល ធ្វើអ្វីស្រួលៗជាដើម ប៉ុន្តែប្រសិនបើអ្នកមិនចាកចេញពីវាទេ អ្នកក៏មិនងាយសម្រេចគោលដៅដែរ។ ការសម្រេចបាននូវអ្វីមួយ ទាមទារឱ្យមានការលះបង់ច្រើន ឧស្សាហ៍ព្យាយាម និងហានប្រឈមមុខនឹងបញ្ហានានាជាដើម។

17. ឆាប់បោះបង់

ចូរកុំបោះបង់លឿនពេក នៅពេលធ្វើអ្វីមួយបរាជ័យ ឬជួបបញ្ហាច្រើន ដូច្នេះត្រូវជំនះ និងរកដំណោះស្រាយ ព្រមទាំងមានចិត្តអំណត់ឱ្យខ្លាំង ដើម្បីឆ្ពោះទៅរកភាពជោគជ័យតាមក្ដីស្រមៃ។

18. មិនចេះបែងចែកជាគោលដៅតូចៗ

គោលដៅ ភាគច្រើនគឺមានទំហំធំ ដើម្បីអាចសម្រេចវាបាន ដូច្នេះទាមទារឱ្យអ្នកអាចកំណត់ជាផ្នែកតូចៗ ក្នុងការធ្វើសកម្មភាព។ ការបែងចែកជាផ្នែកតូចៗនេះ នឹងជួយអ្នកឱ្យងាយស្រួលក្នុងការធ្វើសកម្មភាពដើម្បីសម្រេច។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ