ការធ្វើទីផ្សារមាតិកា(Content Marketing) ជារឿងចាំបាច់ណាស់ដែលម្ចាស់អាជីវកម្មនៅក្នុងយុគសម័យនេះ ត្រូវតែបង្កើត និងប្រើប្រាស់នៅក្នុងអាជីវកម្ម ពីព្រោះវាមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងសម័យកាលនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងជំរុញការលក់បានឆាប់រហ័ស។
ហេតុដូច្នេះ ម្ចាស់អាជីវកម្មទាំងអស់គួរតែឈ្វេងយល់បន្ថែម លើយុទ្ធសាស្រ្តខាងក្រោម ដើម្បីធ្វើទីផ្សារមាតិកាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។ យុទ្ធសាស្រ្តទាំងនោះ រួមមាន៖
យុទ្ធសាស្រ្តទី1. កំណត់គោលដៅ SMART
មានន័យថា S= Specific សំដៅលើ ភាពប្រាកដប្រជា
M= Measurable សំដៅលើ ការអាចវាស់វែងបាន
A= Attainable សំដៅលើ ការដែលអាចសម្រេចបាន
R= Relevant សំដៅលើ ភាពជាប់ពាក់ព័ន្ធ
T= Time Bound សំដៅលើ ការកំណត់ពេលវេលាជាក់លាក់
ដូច្នេះជារួមមក អ្នកត្រូវកំណត់គោលដៅ លើការបង្កើតទីផ្សារមាតិការបស់អ្នកបន្ថែម ឧទាហរណ៍ ដូចជាធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីម៉ាក, បង្កើនប្រាក់ចំណូល, បង្កើនភាពជឿជាក់លើម៉ាកយីហោរបស់អ្នក, បង្កើនការចូលរួមរបស់អតិថិជន, ទាក់ទាញដៃគូសហការ និងផ្សេងៗទៀត តាមការកំណត់ចង់បានរបស់អ្នកដោយប្រើការកំណត់គោលដៅ SMART ខាងលើ។
យុទ្ធសាស្រ្តទី2. កំណត់ KPIs របស់អ្នក
ជាការកំណត់កិច្ចការងារអាទិភាពសំខាន់ៗ ដើម្បីធ្វើសកម្មភាពក្នុងការសម្រេចឱ្យបានជាលទ្ធផលល្អលើគោលដៅដែលអ្នកបានកំណត់នៅក្នុងយុទ្ធសាស្រ្តទី1។
យុទ្ធសាស្រ្តទី3. សម្រេចចិត្តជ្រើសរើសប្រភេទមាតិកា
ដើម្បីជ្រើសរើសប្រភេទមាតិកាដែលសាកសមបំផុតសម្រាប់អតិថិជនគោលដៅរបស់អ្នក ជំហានដំបូង អ្នកត្រូវឆ្លើយសំណួរខាងក្រោមសិន៖
ទី1. តើពួកគេចង់បានអ្វីពីអ្នក?
ទី2. តើការប្រកួតប្រជែងបែបណាដែលអាចធ្វើឱ្យពួកគេចង់ចូលរួមលេងជាមួយអ្នក?
ទី3. ហេតុអ្វីបានជាពួកគេត្រូវការផលិតផលឬសេវាកម្មរបស់អ្នក?
ទី4. តើអ្នកអាចជួយពួកគេឱ្យសម្រេចបំណងប្រាថ្នាដោយរបៀបណា?
ទី5. តើភាគច្រើនពួកគេចំណាយពេលវេលាលើអ្វី នៅកន្លែងណា?
បន្ទាប់មកសូមក្រឡេកមើលប្រភេទមាតិកាផ្សេងៗដែលយើងបានពិនិត្យមុននេះ ដើម្បីសម្រេចថាតើមាតិកាប្រភេទណាដែលអ្នកនឹងបង្កើតឡើង ឱ្យត្រូវជាមួយនឹងអតិថិជនគោលដៅរបស់អ្នក។
យុទ្ធសាស្រ្តទី4. ជ្រើសរើសឆានែលមាតិការបស់អ្នក
កំណត់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានជាក់លាក់ថា តើអ្នកនឹងផ្សព្វផ្សាយមាតិការបស់អ្នកនៅកន្លែងណា?
យុទ្ធសាស្រ្តទី5. កំណត់ថវិកា
កំណត់កញ្ចប់ថវិកាដើម្បីចំណាយលើធនធានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យមាតិការបស់អ្នកកាន់តែមានភាពល្អឥតខ្ចោះ។ ហើយការកំណត់កញ្ចប់ថវិកានេះ គឺដើម្បីត្រៀមថា ៖
ទី1. តើអ្នកត្រូវការទិញកម្មវិធីឬបច្ចេកវិទ្យាណាមួយបន្ថែម ដើម្បីបង្កើតមាតិកាដែរឬទេ ដូចជាកម្មវិធីរចនាក្រាហ្វិចដូចជា Adobe Photoshop, Canva និងកាមេរ៉ា ដើម្បីថតរូបនិងវីដេអូដែលមានគុណភាពខ្ពស់)?
ទី2. តើអ្នកត្រូវការជួលអ្នកទីផ្សារឬអ្នករចនាមាតិកា (ដូចជាសិល្បករ អ្នកនិពន្ធ អ្នករចនា) ដែរឬទេ?
ទី3. តើអ្នកត្រូវការបង់ប្រាក់សម្រាប់កន្លែងផ្សាយពាណិជ្ជកម្មបន្ថែមដែរឬទេ?
ទី4. តើអ្នកត្រូវការការចូលប្រើឧបករណ៍ឬធនធាន ដើម្បីបង្កើនឬវាស់ស្ទង់ប្រភេទខ្លឹមសារជាក់លាក់របស់អ្នកដែរឬទេ?
យុទ្ធសាស្រ្តទី6. បង្កើតនិងផ្សព្វផ្សាយមាតិកា
ចាប់ផ្ដើមបង្កើតមាតិកាដែលមានគុណតម្លៃខ្ពស់ដើម្បីធ្វើការផ្សព្វផ្សាយ ដោយអាចទាក់ចិត្តអតិថិជនគោលដៅ និងលើកពីគុណតម្លៃដល់ម៉ាកយីហោអាជីវកម្មឱ្យកាន់តែមានភាពល្បីល្បាញ។
យុទ្ធសាស្រ្តទី7. វិភាគនិងតាមដានលទ្ធផលជាក់ស្ដែង
នៅក្នុងចំណុចនេះ អ្នកត្រូវយកគោលដៅដែលអ្នកបានកំណត់ ប្រៀបធៀបជាមួយលទ្ធផលជាក់ស្ដែង ថាតើអ្នកបានសម្រេចបាននូវលទ្ធផលល្អទេ តាមរយៈការផ្សព្វផ្សាយមាតិការបេស់អ្នក?
ប្រភព៖ https://blog.hubspot.com/marketing/content-marketing