ការដឹកនាំ និងរបៀបបង្រៀនក្រុមការងារឱ្យមានសមត្ថភាពខ្លាំង សហគ្រិននីមួយៗតែងតែមានក្បួន មានតិចនិក និងវិធីសាស្រ្តខុសៗគ្នា។
ចំពោះលោក Steve Jobs វិញ ការបង្រៀនក្រុមការងារឱ្យខ្លាំង និងអាចមានសមត្ថភាពធ្វើអ្វីដែលអស្ចារ្យ លើសពីអ្វីដែលពួកគេមិនធ្លាប់ធ្វើ តាមយុទ្ធសាស្រ្តមួយចំនួន ដូចខាងក្រោម៖
1. បណ្ដុះការចេះរិះគិតដោយខ្លួនឯង
លោកSteve jobs តែងតែផ្ដល់ឱកាសឱ្យបុគ្គលិកមានការរិះគិតដោយខ្លួនឯងបន្ថែម ដើម្បីស្វែងរកដំណោះស្រាយល្អប្រសើរ និងធ្វើអ្វីឱ្យកាន់តែមានភាពជោគជ័យជាងមុន ដោយកុំពឹងផ្អែកតែលើប្រធាន ឬថ្នាក់ដឹកនាំក្នុងការជួយទាំងស្រុង។ ត្រង់ចំណុចនេះ មានន័យថា បុគ្គលិកត្រូវហ៊ានបញ្ចេញមតិយោបល់ ហ៊ានដោះស្រាយបញ្ហាដោយខ្លួនឯងលើបញ្ហាមួយចំនួន និងដឹងច្បាស់ថាអ្វីគួរធ្វើ និងមិនមិនគួរធ្វើជាដើម។
2. មិនឱ្យបុគ្គលមើលងាយពីអ្វីដែលខ្លួនកំពុងមានឡើយ
នៅពេលដែលបុគ្គលិកណាម្នាក់ មានការមើលងាយនូវអ្វីដែលខ្លួនឯងកំពុងតែមាន ឬមិនពេញចិត្តនូវអ្វីជាបច្ចុប្បន្នភាពរបស់ខ្លួនឯង លោក Steve Jobs តែងតែធ្វើសកម្មភាពផ្សេងៗ ដើម្បីធ្វើឱ្យបុគ្គលិកមានការគិតម្ដងទៀត និងដឹងដោយខ្លួនឯងថា មិនគួរបន្តធ្វើបែបនេះ និងហ្វឹកហាត់សមត្ថភាព ក៏ដូចជាជឿជាក់លើអ្វីដែលខ្លួនកំពុងមាន ដើម្បីធ្វើឱ្យមានភាពប្រសើរជាងមុន។
3. ផ្ដល់នូវមេរៀនជាក់ស្ដែង
លោក Steve Jobs តែងតែធ្វើសកម្មភាព ក៏ដូចជាផ្ដល់នូវមេរៀនដល់បុគ្គលិកលើកិច្ចការងារណាដែលបុគ្គលិកមិនជឿជាក់លើខ្លួនឯង បង្កើតកំហុសច្រើនដង និងគ្មានលទ្ធផលការងារ។ ធ្វើបែបនេះ ក្នុងគោលបំណងឱ្យបុគ្គលិកមានភាពឈឺចាប់ មានការរិះគិត ទទួលបាននូវបទពិសោធន៍ជីវិតថ្មី ចេះដោះស្រាយបញ្ហាដោយខ្លួនឯង និងធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំ កាន់តែរីកចម្រើនក្នុងអាជីពការងារ ព្រមទាំងអាចយកទៅអនុវត្តន៍នៅក្នុងជីវិតជាក់ស្ដែង ដើម្បីទទួលបានភាពជោគជ័យនាពេលអនាគត។
4. បណ្ដុះផ្នត់គំនិតរីកចម្រើន
លោក Steve Jobs តែងតែធ្វើឱ្យបុគ្គលិកមានការភ័យខ្លាចលើគាត់ ក្នុងការធ្វើអ្វីខុសឆ្គងលើការងារ ពីព្រោះបើបុគ្គលិកធ្វើខុសច្រើន ឬធ្វើការងារមិនបានសម្រេច គាត់តែងតែខឹង ដូច្នេះបុគ្គលិកគ្រប់គ្នា តែងតែព្យាយាមធ្វើការងារ មានការប្រយ័ត្នប្រយែងខ្ពស់ និងមានការយកចិត្តទុកដាក់ផ្ដោតខ្លាំង ដើម្បីចៀសវាងនូវការសាងនូវកំហុសច្រើនលើលទ្ធផលការងារ និងឆាប់សម្រេចតាមផែនការកំណត់។
ហេតុផលនេះហើយ បុគ្គលិកម្នាក់ៗមានផ្នត់គំនិតធ្វើការឱ្យមានផលិតភាពខ្ពស់លើការងារ និងមានផ្នត់គំនិតធ្វើអ្វីដែលមានប្រយោជន៍ ថែមទាំងធ្វើអ្វីដែលជាជំនាញ ជាសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបង្កើតជាប្រយោជន៍ និងរីកចម្រើនទាំងនៅក្នុងអាជីពការងារ និងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា Andy Cunningham ដែលធ្លាប់ជាបុគ្គលិករបស់ Steve Jobs ដោយបច្ចុប្បន្ននេះ លោកស្រីអាចមានសមត្ថភាព បើកក្រុមហ៊ុនប្រឹក្សាផ្នែកទីផ្សារដោយខ្លួនឯង និងជាអ្នកតែងនិពន្ធផងដែរ។