ប្រសិនបើអ្នកគិតថា អ្នកពុំទាន់ជាអ្នកដឹកនាំខ្លាំងទេ អត្ថបទមួយនេះ អាចជួយអ្នកបាន។
នៅក្នុងការគ្រប់គ្រង មានអ្នកគ្រប់គ្រងចំនួន 2ប្រភេទ គឺទី1. បែបម៉ត់ចត់ ទី2. បែបប្រើមនោសចេតនាច្រើនជាមួយបុគ្គលិក។ តើអ្នកគ្រប់គ្រង 2ប្រភេទនេះ មួយណាល្អជាង?
ការគ្រប់គ្រងទាំង2ប្រភេទនេះ មានលក្ខណៈល្អដូចគ្នា វាអាស្រ័យលើអ្នកគ្រប់គ្រងផ្ទាល់ដែលជាអ្នកប្រើប្រាស់ឱ្យសមស្របជាមួយនឹងកាលៈទេសៈ។
តើធ្វើបែបណា ទើបចេះប្រើប្រាស់ឱ្យសមស្របជាមួយកាលៈទេសៈ?
យោងតាមសៀវភៅ មួយក្បាលមានចំណងជើងថា “One Minute Manager” បានរំលេចឱ្យឃើញថា អ្នកគ្រប់គ្រងទាំងអស់ ត្រូវតែចេះយុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រង។
ដើម្បីអាចប្រើយុទ្ធសាស្រ្តមួយនេះបាន យើងត្រូវតែយល់ឱ្យបានច្បាស់សិនថា តើអ្វីជា ការគ្រប់គ្រង? ការគ្រប់គ្រង មិនមែនជាការដែលបញ្ជាទៅកាន់មនុស្សក្រោមឱវាទឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាននោះទេ ប៉ុន្តែការគ្រប់គ្រងដ៏ល្អមួយ គឺជាការតម្រង់ទិសឱ្យមនុស្សក្រោមឱវាទអាចគ្រប់គ្រងខ្លួនឯងបាន។
នៅពេលយើង បានយល់ពីការគ្រប់គ្រងហើយ យើងអាចប្រើយុទ្ធសាស្រ្ត 1នាទីជាអ្នកគ្រប់គ្រងបាន ដោយនៅក្នុងយុទ្ធសាស្រ្តនេះ យើងគួរគប្បីតាមជំហានខាងក្រោម៖
ជំហានទី1. ប្រើយុទ្ធសាស្រ្ត 1នាទី ជាអ្នកកំណត់គោលដៅ
នៅពេលអ្នកចង់ឱ្យបុគ្គលិកធ្វើកិច្ចការងារមួយឱ្យទទួលបានលទ្ធផលល្អ ជំហានដំបូងអ្នកត្រូវកំណត់ជាគោលដៅសិនថា អ្នកចង់ឱ្យបុគ្គលិកសម្រេចកិច្ចការអ្វី បន្ទាប់មកប្រាប់ពីព័ត៌មានជាក់លាក់ទៅកាន់បុគ្គលិកទាំងគោលបំណង ពេលវេលាដែលនឹងសម្រេចជាដើម ហើយអាចសួរពីមតិយោបល់បុគ្គលិកបន្ថែមលើកិច្ចការងារមួយនោះ ចាំឱ្យគាត់ចាប់ផ្ដើមអនុវត្តន៍។
លើសពីនេះ ការកំណត់គោលដៅ អ្នកក៏អាចសរសេរពីគោលដៅសំខាន់ៗដែលជាអាទិភាព លើក្រដាសមួយសន្លឹក ដោយក្នុងនោះត្រូវរំលេចចេញពីព័ត៌មានលម្អិត គោលបំណង និងពេលវេលាដែលសម្រេចកិច្ចការងារនោះ។
ជំហានទី2. ប្រើយុទ្ធសាស្រ្ត 1នាទី សរសើរ
ជំហាននេះ ប្រើនៅពេលបុគ្គលិកក្រោមបង្គាប់បំពេញកិច្ចការងារបានល្អ ប៉ុន្តែក្នុងការនិយាយសរសើរ ក៏មានវិធីដើម្បីសរសើរដែរ។ ដើម្បីប្រើយុទ្ធសាស្រ្តនេះឱ្យមានប្រសិទ្ធភាពខ្ពស់ អ្នកគ្រប់គ្រងគ្រប់រូប គួរតែប្រើការសរសើរតាមជំហានខាងក្រោម៖
- កន្លះនាទីដំបូង៖ សរសើរបុគ្គលិកឱ្យទាន់ពេលវេលា នៅពេលគាត់បានធ្វើកិច្ចការងារណាមួយបានល្អ ដោយសរសើរត្រង់ចំណុចណាដែលគាត់ធ្វើបានល្អបំផុត ហើយអ្នកត្រូវនិយាយពីអារម្មណ៍របស់អ្នកប្រាប់ឱ្យគាត់បានដឹងថាអ្នកមានអារម្មណ៍សប្បាយរីករាយប៉ុណ្ណាដែលគាត់ធ្វើបានល្អបែបនេះ ហើយលទ្ធផលការងាររបស់គាត់អាចជួយដល់ក្រុមហ៊ុន និងមិត្តរួមការងាររបស់គាត់ជាច្រើន។
- ស្ងាត់ប៉ុន្មានវិនាទី៖ ៖ ធ្វើបែបនេះ គឺដើម្បីឱ្យគាត់មានពេលទទួលយកនូវអារម្មណ៍ដែលយើងបានសរសើរគាត់។ ការស្ងាត់ពីរបីវិនាទីនេះ ពីព្រោះបន្តិចទៀតយើងនឹងឈានដល់ការសំណូមពរ និងបំពេញចំណុចខ្វះខាត ដើម្បីផ្ដល់ឱកាសឱ្យគាត់ធ្វើបានកាន់តែល្អ។
ជំហានទី3. ប្រើយុទ្ធសាស្រ្ត 1នាទី កែតម្រូវ
អ្នកដឹកនាំមួយចំនួន មានបញ្ហាត្រង់ចំណុចនេះ ដោយភាគច្រើន នៅពេលឃើញនូវកំហុសរបស់បុគ្គលិក គឺតែងតែមិនហ៊ានកែតម្រូវ ឬពេលកែតម្រូវហើយធ្វើឱ្យបុគ្គលិកខឹង និងគ្មានចិត្តចង់ធ្វើកិច្ចការងារនោះបន្ត។ ហេតុអ្វី? ពីព្រោះអ្នកដឹកនាំ មិនចេះវិធីនិយាយកែតម្រូវបុគ្គលិក។
ដើម្បីអាចកែតម្រូវបុគ្គលិកបានល្អ អ្នកគ្រប់គ្រង គួរគប្បី៖
- កន្លះនាទីដំបូង៖ រិះគន់ពីរឿងដែលបានកើតឡើង មិនមែនរិះគន់មនុស្ស ធ្វើបែបនេះ ដើម្បីឱ្យមនុស្សមានអារម្មណ៍ថា គាត់ក៏ចូលរួមចំណែកក្នុងការបង្កើតកំហុសនោះដែរ (ទទួលស្គាល់ខ្លួនឯង)។
- ស្ងាត់ប៉ុន្មានវិនាទី៖ ដើម្បីឱ្យគាត់ទទួលបាននូវអារម្មណ៍នេះ និងប្រមើលមើលពីកំហុសរបស់ខ្លួន
- បន្ទាប់មក រិះគន់ពីមនុស្សម្ដង៖ យើងត្រូវប្រាប់ឱ្យត្រង់ថា គាត់ពិតជាមានកំហុសពិតមែន ហើយនិយាយលួងលោមថា គ្មាននរណាល្អឥតខ្ចោះទេ ដូច្នេះតែងតែមានកំហុស ហើយយើងនៅតែជឿលើសមត្ថភាពរបស់គាត់ ថាគាត់នឹងអាចកែកំហុសនេះ និងធ្វើឱ្យមានភាពប្រសើរឡើង ដោយមិនឱ្យមានកំហុសលើកទីពីរឡើយ។
ជារួមមក អ្នកគ្រប់គ្រងខ្លាំង គឺចេះវិធីក្នុងការគ្រប់គ្រង ចេះលើកសរសើរ ចេះកែតម្រូវ និងចេះដឹកនាំមនុស្សឱ្យធ្វើកិច្ចការប្រព្រឹត្តទៅបានយ៉ាងរលូនស្របជាមួយនឹងគោលដៅ។