ការបង្កើតអាជីវកម្មជាចំណុចចាប់ផ្ដើមមួយដ៏អស្ចារ្យ បន្ទាប់មកអ្វីដែលកាន់តែអស្ចារ្យជាងនេះ គឺការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែមានភាពល្បីល្បាញ និងមានទីផ្សារធំទូលាយជាងមុន។ ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវចាំថា ការធ្វើសកម្មភាពរបស់អ្នក រួមផ្សំជាមួយនឹងអ្វីដែលមនុស្សចងចាំនិងនិយាយបន្តគ្នាអំពីក្រុមហ៊ុនរបស់អ្នក នោះស្មើនឹងអ្នកបានកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នក។ ហើយសូមបញ្ជាក់ផងដែរថា ការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក ត្រូវតែមានភាពល្អ មានគុណតម្លៃខ្លាំង និងមានប្រយោជន៍ដល់អតិថិជនរបស់អ្នក។
ប៉ុន្តែ! សំណួរសួរថា មុននឹងអាចកសាងកេរ្តិ៍ឈ្មោះអាជីវកម្មបាន តើត្រូវចាប់ផ្ដើមពីចំណុចណា? ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មអាចគិតពិចារណាលើចំណុចសំខាន់ៗដូចខាងក្រោម៖
- ធ្វើអ្វីដែលអ្នកនិយាយថាអ្នកនឹងធ្វើ
- ពង្រឹងគុណភាពផលិតផលឱ្យមានភាពល្អនិងមិនប៉ះពាល់ខ្លាំង
- វប្បធម៌ក្រុមហ៊ុន & គុណតម្លៃក្រុមហ៊ុន
- រៀបចំប្រព័ន្ធនៃការផ្ដល់សេវាកម្មដ៏ល្អ
- បណ្ដុះគំនិតខ្លួនឯងក្នុងការជួយអ្នកដទៃឱ្យរីកចម្រើន
- ធ្វើអ្វីដែលអ្នកដទៃមើលឃើញថាល្អ
- ធ្វើសកម្មភាពនៃការផ្ដល់ជូនអ្វីមួយលើសពីការរំពឹងទុកទៅកាន់អ្នកពាក់ព័ន្ធ
- ចូលរួមជាមួយសមាគមន៍របស់អ្នក
- ពង្រីកបណ្ដាញឱ្យបានច្រើន
ក្រៅពីអ្នកបានគិតពិចារណាលើចំណុចសំខាន់ខាងលើនេះហើយ ជំហានបន្ទាប់អ្នកអាចចាប់ផ្ដើមរៀបចំផែនការសកម្មភាពដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក ដោយរួមបញ្ចូលនូវចំណុចមួយចំនួនដូចខាងក្រោមបន្ថែមទៀត៖
1. បុព្វហេតុនៃការចាប់ផ្ដើមអាជីវកម្ម
- តើមានកត្តាសំខាន់អ្វីខ្លះដែលនាំឱ្យអ្នកចាប់ផ្ដើមអាជីវកម្មឬបង្កើតផលិតផលមួយនេះ?
- តើមានហេតុការណ៍សំខាន់ៗអ្វីខ្លះ ដែលអាចផ្លាស់ប្ដូរការគិត ក៏ដូចជាលើកទឹកចិត្តអ្នក?
- តើមេរៀនជីវិតអ្វីខ្លះ ដែលជះឥទ្ធិពលដល់អាជីវកម្មរបស់អ្នក?
- តើអ្វីជាកត្តាជំរុញទឹកចិត្តអ្នក ឱ្យខិតខំធ្វើការនៅក្នុងអាជីវកម្មរបស់អ្នកដោយគ្មានភាពនឿយហត់?
- តើផលិតផលនិងសេវាកម្មរបស់អ្នកនឹងជួយដោះស្រាយអ្វីខ្លះ?
លើសពីនេះ អ្នកក៏អាចបង្កើតសំណួរជាច្រើនផ្សេងទៀត បន្ទាប់មកអាចឆ្លើយតបតាមរយៈធ្វើជាវីដេអូរៀបរាប់ ដើម្បីទាក់ទាញចិត្តអ្នកទស្សនា។ ធ្វើបែបនេះ មនុស្សកាន់តែចាប់អារម្មណ៍ និងស្គាល់ម៉ាកយីហោរបស់អ្នកកាន់តែច្រើន ហើយកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកនឹងល្បីរន្ទឺគ្រប់ទិសទីមិនខាន។
2. បង្កើតយុទ្ធនាការផ្សព្វផ្សាយ ដើម្បីសួរអតិថិជនសម្រាប់មតិកែលម្អដោយស្មោះត្រង់
ការធ្វើបែបនេះ ជាវិធីជោគជ័យបំផុតក្នុងការផ្សព្វផ្សាយរូបភាពម៉ាកយីហោរបស់អ្នកនៅលើប្រព័ន្ធអ៊ីនធឺណេត ហើយនឹងទទួលបានភាពជឿជាក់កាន់តែខ្លាំងពីអតិថិជនគោលដៅ និងអនាគតអតិថិជនរបស់អ្នក ពីព្រោះមនុស្សជឿជាក់ជាង 70% លើការពិនិត្យតាមដាននៅតាមអ៊ីនធឺណេត។
នៅពេលដែលអ្នកអាចធ្វើឱ្យអតិថិជនរបស់អ្នក មានភាពជឿទុកចិត្តបានកាន់តែច្រើន អាជីវកម្មរបស់អ្នកក៏កាន់តែមានកេរ្តិ៍ឈ្មោះល្អ និងមានទីផ្សារកាន់តែធំជាងមុន តាមរយៈមនុស្សគ្រប់គ្នាបានទទួលស្គាល់ថា ម៉ាកយីហោរបស់អ្នកមានភាពល្អដែលអាចទុកចិត្តបាន។
3. ធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពពេញនិយម
ម្ចាស់អាជីវកម្មត្រូវតែស្វែងរកជំនួយ ដូចជាអ្នកពូកែធ្វើទីផ្សារនៅលើបណ្ដាញសង្គម រកInfluencer រកContent writer រកContent Marketing រកContent Creator និងបង្កើតកម្មវិធីផ្សេងទៀត។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពសកម្មខ្លាំង និងពេញនិយមសម្រាប់ក្រុមមនុស្សដែលជាអតិថិជនគោលដៅរបស់អ្នក។
4. បង្ហាញគុណតម្លៃនៅក្នុងផលិតផល
នៅក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែនាំមកនូវគុណតម្លៃពិតប្រាកដ ដើម្បីទទួលបានការចាប់អារម្មណ៍ និងអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះឱ្យកាន់តែខ្លាំងនៅក្នុងអាជីវកម្មរបស់ខ្លួន។ ហេតុនេះ អ្នកត្រូវតែបង្ហាញឱ្យឃើញពីគុណតម្លៃរបស់អ្នកនៅក្នុងផលិតផលរបស់អ្នក តាមរយៈការបង្កើតទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងសម្ភារៈផ្សេងៗដែលអ្នកកំពុងលក់ ដើម្បីគូសបញ្ជាក់ឱ្យបានលម្អិតពីរបៀបដែលផលិតផលរបស់នឹងផ្ដល់ជូនដល់អតិថិជនរបស់អ្នក។