ការធ្វើអាជីវកម្មទាំងអស់ មិនថាអាជីវកម្មនោះស្ថិតនៅក្នុងប្រភេទអាជីវកម្មទំហំប៉ុណ្ណានោះទេ គឺតែងតែអាចកើតមានហានិភ័យ គ្រាន់តែទំហំនៃហានិភ័យទាំងនោះមានលក្ខណៈខុសគ្នា។ ដូច្នេះដើម្បីចៀសវាងនូវហានិភ័យឱ្យកើតមានតិចបំផុត ម្ចាស់អាជីវកម្មត្រូវដឹងពីរបៀបគ្រប់គ្រងហានិភ័យ ពីព្រោះការគ្រប់គ្រងហានិភ័យ គឺជាវិធីមួយដែលអាចការពារធនធានធុរកិច្ច ប្រាក់ចំណូល និងអត្ថប្រយោជន៍ផ្សេងទៀតពីការខាតបង់។
ចំពោះអាជីវកម្មខ្នាតតូច ដើម្បីអាចគ្រប់គ្រងហានិភ័យក្រុមហ៊ុនបានល្អ ម្ចាស់អាជីវកម្មត្រូវតែ៖
1. កំណត់ហានិភ័យ
ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មត្រូវតែចាប់ផ្ដើមកំណត់ហានិភ័យដែលអាចកើតមានដែលទាក់ទងនឹងអាជីវកម្មរបស់ខ្លួន។ ប៉ុន្តែតើត្រូវធ្វើដូចម្ដេចដើម្បីអាចកំណត់ហានិភ័យបាន? គឺអ្នកត្រូវតែ៖
- ចាប់ផ្ដើមប្រជុំជាមួយសមាជិកក្រុម និងអ្នកពាក់ព័ន្ធដើម្បីស្វែងរកប្រភពនៃហានិភ័យ
- អាចគិតមើលពីហានិភ័យដែលធ្លាប់កើតមានពីមុន និងសង្កេតមើលពីស្ថានភាពបច្ចុប្បន្ន
- សិក្សាពីកត្តាផ្សេងៗនៅក្នុងអាជីវកម្មដែលអាចមានផលអវិជ្ជមាននៅក្នុងក្រុមហ៊ុន
- បន្ទាប់មកកំណត់ឈ្មោះហានិភ័យដែលក្រុមហ៊ុនអាចកើតមានឡើង
- ពិចារណាលើហានិភ័យខាងក្រៅផ្សេងទៀត ដែលនឹងអាចមានឥទ្ធិពលនៅក្នុងអាជីវកម្ម
ដើម្បីជាជំនួយបន្ថែម អ្នកទាំងអស់គ្នាអាចគិតពិចារណាលើសំណួរខាងក្រោម៖
- តើស្ថានភាពក្រុមហ៊ុនរបស់អ្នកបច្ចុប្បន្នយ៉ាងមិចដែរ?
- តើហិរញ្ញវត្ថុមានស្ថេរភាពឬទេ?
- តើប្រតិបត្តិការអាជីវកម្មល្អទេ?
- តើការដឹកនាំគ្រប់គ្រងចាត់ចែងផ្ទៃក្នុងយ៉ាងណាដែរ?
- តើអាចមានបញ្ហាខាងក្រៅ ដូចជាបញ្ហាសេដ្ឋកិច្ច ទីផ្សារ និងបញ្ហាខាងក្រៅផ្សេងទៀតដែលអាចជះឥទ្ធិពលនៅក្នុងក្រុមហ៊ុនរបស់អ្នកឬទេ?
- និងមានសំណួរផ្សេងទៀត ដែលអ្នកអាចចោទសួរបន្ថែម ដើម្បីស្វែងរកប្រភពនៃហានិភ័យដែលនឹងអាចកើតមានឡើង។
2. វាយតម្លៃហានិភ័យ
អ្នកអាចវាយតម្លៃហានិភ័យនីមួយៗដែលបានកំណត់ពីខាងលើមក ដោយអាចវាយតម្លៃតាមវិធីដូចខាងក្រោម៖
- លទ្ធភាពនៃការកើតឡើង៖ អ្នកត្រូវតែគិតវិភាគមើលថា នៅតាមឈ្មោះហានិភ័យនីមួយៗ តើនឹងអាចកើតមានកម្រិតណា ដោយអ្នកអាចកំណត់តួលេខពី1-5 ក៏បាន ដោយបើកើតត្រឹមកម្រិតលេខមួយយ៉ាងមិចដែរ ឬបើវាអាចកើតមានខ្លាំង អាចដល់លេខ 4 ឬ5 ជាដើម។
- ប្រសិនបើវាកើតឡើង តើមានផលវិបាកអ្វី?៖ បន្ទាប់មក អ្នកត្រូវកត់ចំណុចសំខាន់ៗ ថាតើបើបញ្ហានោះពិតជាកើតមែន នោះនឹងមានផលវិបាកអ្វីខ្លះមកលើក្រុមហ៊ុនរបស់អ្នក?
3. គ្រប់គ្រងហានិភ័យ
ការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការបង្កើតជម្រើសដែលមានប្រសិទ្ធភាពក្នុងការចំណាយ ដូច្នេះដើម្បីដោះស្រាយជាមួយបញ្ហាដែលអាចកើតមាន អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖
- ការជៀសវាងហានិភ័យ៖ ដោយផ្លាស់ប្តូរដំណើរការអាជីវកម្ម ឧបករណ៍ ឬសម្ភារៈរបស់អ្នក ដើម្បីសម្រេចបានលទ្ធផលស្រដៀងគ្នា ប៉ុន្តែមានហានិភ័យតិចជាង។ ជារួមមក ផ្លាស់ប្ដូររបៀបធ្វើសកម្មភាព និងអនុវត្តន៍សកម្មភាពណាដែលទទួលបានលទ្ធផលដែលក្រុមហ៊ុនចង់បាន ហើយអាចមានហានិភ័យកើតឡើងតិចបំផុត។
- កាត់បន្ថយហានិភ័យ៖ ប្រសិនបើហានិភ័យមិនអាចជៀសវាងបាន ដូច្នេះអាចស្វែងរកវិធីថ្មីដើម្បីកាត់បន្ថយលទ្ធភាពដែលហានិភ័យអាចកើតមាន និងមិនសូវរងផលវិបាកធ្ងន់ធ្ងរ។ លើសពីនេះ ដើម្បីកាត់បន្ថយហានិភ័យបាន ម្ចាស់អាជីវកម្មអាចរួមបញ្ចូលការបណ្តុះបណ្តាលបុគ្គលិក នីតិវិធី និងគោលនយោបាយ ការអនុលោមតាមច្បាប់ ការថែរក្សាឧបករណ៍ ការអនុវត្តនីតិវិធីសង្គ្រោះបន្ទាន់ ការរក្សាកំណត់ត្រាប្រកបដោយសុវត្ថិភាព និងការធ្វើផែនការបន្ទាន់ជាដើម។
- ផ្ទេរហានិភ័យ៖ ផ្ទេរហានិភ័យខ្លះ ឬទាំងអស់ទៅភាគីផ្សេងទៀតតាមរយៈកិច្ចសន្យា ការធានារ៉ាប់រង ភាពជាដៃគូ ឬការបណ្តាក់ទុនរួមគ្នា។
- ទទួលយកហានិភ័យ៖ ត្រង់ចំណុចនេះ គឺអ្នកត្រូវតែទទួលស្គាល់ និងទទួលយកការពិតថាហានិភ័យនោះនឹងកើតមាន បន្ទាប់មកស្វែងរកដំណោះស្រាយ និងអាចស្វែងរកមើលឱកាសដើម្បីទាញយកប្រយោជន៍ពីហានិភ័យទាំងនោះ។
4. ត្រួតពិនិត្យ និងតាមដាន
អ្នកគួរតែត្រួតពិនិត្យ និងតាមដានមើលផែនការគ្រប់គ្រងហានិភ័យរបស់អ្នកឱ្យបានទៀងទាត់ ហើយធានាថាវិធានការត្រួតពិនិត្យ និងការធានារ៉ាប់រង គឺគ្រប់គ្រាន់ ហើយត្រឹមត្រូវ។ លើសពីនេះ ពិភាក្សាអំពីផែនការគ្រប់គ្រងហានិភ័យរបស់អ្នកជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ដើម្បីពិនិត្យមើលការធានារ៉ាប់រងរបស់អ្នក។