ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លូនគឺមិនមានភាពងាយស្រួលនោះទេ ព្រោះអ្នកត្រូវមានបញ្ហាជាច្រើនដែលត្រូវគិតគូរពិចារណា និងត្រូវដោះស្រាយ ជាពិសេសចំពោះម្ចាស់អាជីវកម្មខ្នាតតូច ដែលទើបតែចូលប្រឡូកក្នុងវិស័យនេះ ហើយមានបទពិសោធន៍នៅតិចនៅឡើយ ដែលរហូតពេលខ្លះអាចធ្វើឲ្យពួកគាត់គិតថាបញ្ហាទាំងអស់នោះគឺមានហានិភ័យខ្ពស់ពេក និងមិនហ៊ានចាប់ផ្តើមអាជីវកម្មនោះឡើយ។
ដូច្នេះថ្ងៃនេះ គំនិត សូមធ្វើការចែករំលែកនូវចំនុច ទាំង០៥ យ៉ាងដែលអ្នកទាំងអស់គ្នាគួរគិតគូររៀបចំទុកជាមុន ដើម្បីជួយកាត់បន្ថយហានិភ័យ និងធ្វើឲ្យអាជីវកម្មរបស់អ្នកអាចប្រព្រឹត្តទៅមុខបានដោយរលូន។
ចំណុចទី១៖ ធ្វើការស្រាវជ្រាវ
មុនពេលដែលអ្នកសម្រេចចិត្តថាអ្នកគួរតែចាប់ផ្តើមអាជីវកម្មអ្វីមួយ អ្នកគួរតែធ្វើការស្រាវជ្រាវទៅលើធាតុសំខាន់ៗនៃអាជីវកម្មនោះដូចជា៖
- តើអាជីវកម្មនោះមានទំហំទីផ្សារប៉ុណ្ណាដែរ?
- តើអាជីវកម្មនោះពិតជាមានត្រូវការពីសំណាក់អតិថិជនមែនដែរឬទេ?
- តើនរណាខ្លះជាអតិថិជនគោលដៅរបស់អ្នក?
- តើនរណាខ្លះជាដៃគូរប្រកួតប្រជែងអាជីវកម្មរបស់អ្នក?
- តើអ្វីទៅជាចំណុចពិសេសរបស់អាជីវកម្មអ្នកដែលធ្វើឲ្យអ្នកខុសប្លែកពីអាជីវកម្មដទៃទៀត?
- តើប្រភពចំណូលរបស់អ្នកអាចបានពីអ្វីខ្លះ?
- តើនរណាជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមឲ្យអ្នក?
- តើនរណាខ្លះជាដៃគូរសហការរបស់អ្នក?
នៅពេលដែលអ្នកអាចឆ្លើយសំណួរខាងលើទាំងនោះហើយ ខ្ញុំជឿជាក់ថាអ្នកប្រាកដជាយល់ពីអាជីវកម្មដែលអ្នកចង់ ឬកំពុងដំណើរការបានច្រើនជាងមុន។
ចំណុចទី២៖ មានគោលដៅច្បាស់លាស់
ការដាក់ចេញនូវគោលដៅច្បាស់លាស់ ជួយឲ្យអ្នកយល់ច្បាស់ថាអ្នកគួរតែ ចាប់ផ្តើមអាជីវកម្មអ្នកពីចំណុចណា ហើយតើអ្នកគួរតែធ្វើអ្វី ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចដើរទៅមុខបានល្អ តើអ្វីដែលអ្នកចង់ ឬកំពុងធ្វើនោះត្រូវតាមអ្វីដែលអ្នកចង់សម្រេចនាថ្ងៃអនាគតដែរឬទេ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយឲ្យលោកអ្នកអាចដឹងពីភាពខ្លាំង និងខ្សោយនៃអាជីវកម្មរបស់អ្នក ដែលជាចំណុចដ៏សំខាន់មួយដែលអ្នកពុំគួរមើលរំលង។
ចំណុចទី៣៖ មានមនុស្សពូកែនៅជុំវិញខ្លួនអ្នក
វាហាក់មានភាពចម្រូងចម្រាស់គ្នារវាងថា តើយើងគួរចាប់ផ្តើមអាជីវកម្មតែម្នាក់ឯង ឬក៏ចាប់ផ្តើមជាមួយក្រុមការងារ។ សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ក៏ដូចជាស្ថាប័ន គំនិត ផ្ទាល់ ពួកយើងតែងតែមានគោលគំនិតរួមគ្នាមួយថា នៅពេលដែលយើងចង់បានផលចំណេញច្រើនក្នុងរយៈពេលខ្លី នោះយើងនឹងធ្វើការតែម្នាក់ឯង ប៉ុន្តែប្រសិនបើពួកយើងចង់ទៅឲ្យបានវែងឆ្ងាយ និងបានយូរអង្វែង យើងនឹងត្រូវធ្វើការជាក្រុមជាមួយគ្នា។ ដូច្នេះ ក្រុមការងារដែលពូកែគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មមួយអាចជោគជ័យទៅមុខបាន ព្រោះថា ថ្វីត្បិតតែយើងម្នាក់ៗមានសមត្ថភាពរៀងៗខ្លួន ប៉ុន្តែយើងគ្រប់គ្នាពុំអាចចេះបានគ្រប់យ៉ាងនោះទេ។ យើងគួរតែបែងចែកការងារទាំងអស់នោះ ទៅឲ្យក្រុមការងារដែលមានចំណេះដឹង និងជំនាញរបស់ពួកគេរៀងៗខ្លួន ទើបអាជីវកម្មរបស់យើងអាចទៅមុខបានល្អប្រសើរ។
ចំណុចទី៤៖ មានការតាំងចិត្ត និងត្រៀមខ្លួនច្បាស់លាស់
អ្នកត្រូវត្រៀមស្មារតីឲ្យបានខ្ពស់ ដើម្បីប្រឈមមុខទៅនឹងបញ្ហា ដែលនឹងអាចកើតមានឡើងនាពេលអនាគត។ អ្នកត្រូវចាំថា អាជីវកម្មភាគច្រើនសុទ្ធតែមិនអាចរកផលចំណេញភ្លាមៗចាប់ពីខែដំបូងនោះទេ។ អាជីវកម្មខ្លះត្រូវចំណាយពេលរហូតដល់ទៅរាប់ខែ ឬរាប់ឆ្នាំទម្រាំអាចរកផលចំណេញពីអាជីវកម្មនោះមកវិញបាន។ អ្នកត្រូវចាំថា ប្រសិនបើអ្នកចាប់ផ្តើមអាជីវកម្មហើយ រំពឹងថាអាចយកផលចំណេញពីវាភ្លាមៗ នោះអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមអាជីវកម្មឡើយ។ លើសពីនេះទៅទៀត អ្នកត្រូវមានទុនបម្រុងសម្រាប់ទប់ទល់ការចំណាយនានា នៅពេលអាជីវកម្មរបស់អ្នកមានបញ្ហា ឬមិនទាន់អាចរកប្រាក់ចំណេញមកវិញបាន។
ចំណុចទី៥៖ មានការស្រម៉ៃធំ ប៉ុន្តែចាប់ផ្តើមពីចំណុចតូចឡើង
អាជីវកម្មមួយចំនួនធំ ត្រូវបានបិទទ្វាទៅវិញជាបន្តបន្ទាប់ ក៏ព្រោះតែមូលហេតុរួមមួយនោះគឺ ការចាប់ផ្តើមធំលើសពីសមត្ថភាពពេក។ ពិតណាស់ការមានក្តីស្រម៉ៃធំ គឺពិតជាល្អ ប៉ុន្តែការចាប់ផ្តើមគ្រប់យ៉ាងពីចំនុចធំទៅ ប្រហែលជាមិនល្អដូចអ្វីដែលអ្នកគិតនោះទេ ពីព្រោះនៅពេលដែលអ្នកចាប់ផ្តើមធំ ការចំណាយផ្សេងៗ ក៏ដូចជាហានិភ័យក៏ធំទៅតាមនឹងដែរ។ អ្នកគួរគប្បីចាប់ផ្តើមពីចំណុចតូចឡើងទៅ ដោយអ្នកអាចកាត់បន្ថយការចំណាយ ហានិភ័យដែលធំៗ ហើយទន្ទឹមនឹងនោះអ្នកក៏អាចចំណាយពេលសិក្សាពីអាជីវកម្មរបស់អ្នកបន្ថែមផងដែរដើម្បីត្រៀមខ្លួនពង្រីកវាឲ្យកាន់តែធំ និងជោគជ័យជាងមុន៕