អាជីវកម្មខ្នាតតូចនិងអាជីវកម្មដែលទើបនឹងបើក តែងតែបើកដំណើរការរកស៊ីក្រោមសភាពមិនប្រាកដប្រជា មិនបានត្រួតពិនិត្យអំពីស្ថានភាពសង្គមជាក់ស្ដែង ជាហេតុធ្វើឲ្យពួកគេខាតឡុងចុងយ៉ាងខ្លាំង។យ៉ាងណាមិញ ថ្មីៗនេះ វីរុសកូរូណាដែលបាននឹងកំពុងតែរាតត្បាតពិភពលោកទាំងមូលនេះ មិនត្រឹមតែធ្វើឲ្យមនុស្សឆ្លង និង មនុស្សស្លាប់ តែប៉ុណ្ណោះទេ តែវាបានផ្ដល់នូវផលប៉ះពាល់យ៉ាងខ្លាំងទៅដល់អាជីវកម្មគ្រប់ខ្នាតទាំងអស់។ ហាងជាច្រើនមិនមានសូម្បីតែអ្នកទៅញាំអាហារ ព្រោះតែពួកគេខ្លាចការប៉ះពាល់ផ្ទាល់ជាមួយនឹងសម្ភារៈនៅក្នុងហាង ជាពិសេសការជួបជុំគ្នាដែលអាចធ្វើឲ្យមានការឆ្លងជម្ងឺនេះតែម្ដង។ មិនថាការបើកអាជីវកម្មលក់រាយ អាជីវកម្មផលិតកម្ម ឬ ក្រុមហ៊ុនបច្ចេកវិទ្យានោះទេ គឺ ការផ្ទុះឡើងនូវវីរុសកូវីដ១៩នឹងផ្លាស់ប្ដូរសមត្ថភាពនៃការទទួលបានហិរញ្ញប្បទានដែលល្មមនឹងចំណាយបាន។ ដូចនេះហើយបើសិនជាអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នោះទេ អ្នកប្រាកដជាជួបនឹងបញ្ហាសាច់ប្រាក់ភា្លមៗជាក់ជាមិនខាន។ខាងក្រោមនេះគឺជាចំណុចដែលអ្នកត្រូវដឹង និង ត្រូវធ្វើដើម្បីបានដឹងពីស្ថានអាក្រក់បែបនេះឲ្យបានមុន ហើយក៏ដើម្បីបង្កាពីការជួបនឹងវិបត្តិសាច់ប្រាក់ភ្លាមៗផងដែរ៖
១. ដកចោលរាល់ការចំណាយទៅលើរបស់ដែលមិនចាំបាច់
ឥឡូវនេះមិនមែនជាពេលវេលាដើម្បីយកប្រាក់របស់អ្នកទៅវិនិយោគនោះទេ អ្នកត្រូវតែមានលុយកាន់នៅក្នុងដៃខ្លួនឯងឲ្យបានល្អ ហើយអ្នកក៏ត្រូវតែដកចោលនូវការចំណាយទៅលើអ្វីដែលអត់ប្រយោជន៍ផងដែរដើម្បីយកលុយទាំងនោះទៅទប់ទល់នឹងបញ្ហាដែលអ្នកកំពុងតែជួប។ ទាំងការចំណាយទៅលើការធ្វើដំណើរចេញទៅក្រៅ ទាំងការចំណាយទៅលើការធ្វើទីផ្សារជាដើម។នេះជាការពិតជាពិសេសសម្រាប់អាជីវកម្មលក់រាយ ដូចជាហាងភោជនីយដ្ឋាន និងបារ។ ដូចនេះអ្នកត្រូវតែសន្សំប្រាក់ទុកដើម្បីឲ្យអាជីវកម្មរបស់អ្នកនៅតែបន្តទៅមុខទៀត។
២. ការផ្ដល់ប្រាក់កម្ចីផ្អែកលើទ្រព្យសម្បត្តិនឹងត្រូវបានគេចង់បាន
បើសិនជាអាជីវកម្មរបស់អ្នកកំពុងតែជួបវិបត្តិត្រូវការលុយភ្លាមៗ ហើយអ្នកចង់ស្វែងរកនូវអ្នកផ្ដល់កម្ចី នោះអ្នកត្រូវតែមានទ្រព្យសម្បត្តិដើម្បីបញ្ចាំក្នុងការដោះដូរ។ ការផ្ដល់ប្រាក់កម្ចីផ្អែកលើទ្រព្យសកម្មដូចជាហិរញ្ញប្បទាន គ្រឿងបរិក្ខា និងក្លាយជាជម្រើសផ្ដល់ប្រាក់កម្ចីមួយដ៏ពេញចិត្ត។ការផ្ដល់ប្រាក់កម្ចីនឹងមិនបញ្ឈប់ទាំងស្រុងនោះទេ ប៉ុន្តែវានឹងផ្លាស់ប្ដូរឲ្យក្លាយទៅជាអាជីវកម្មដោយមានហានិភ័យទាបបំផុត។
៣. រក្សានូវទំនាក់ទំនងដ៏រឹងមាំរបស់អ្នក
ប្រសិនបើអ្នកមានប្រាក់កម្ចីរួចហើយជាមួយអ្នកឲ្យខ្ចីចូរចងចាំថាៈ វាតែងតែស្ថិតនៅក្នុងអត្រាការប្រាក់មួយដ៏ល្អបំផុតរបស់ពួកគេដែលអ្នកមិនអាចកំណត់លើប្រាក់កម្ចីរបស់អ្នក ហើយស្ថានភាពនេះដែរនឹងមិនមានករណីលើកលែងនោះទេ។អ្នកគួរតែចំណាយពេលវេលាមួយចំនួនដើម្បីទាក់ទងជាមួយអ្នកឲ្យកម្ចីរបស់អ្នក ហើយពន្យល់ពីស្ថានភាពរបស់អ្នក និងមើលថាតើការពន្យាពេលនិងការលើកលែងប្រភេទណាដែលពួកគេអាចផ្ដល់ឲ្យ។អ្នកឲ្យកម្ចី នឹងដឹងអំពីកាលៈទេសៈដ៏ពិបាកនេះ ហើយអាចធ្វើការជាមួយអ្នកប្រសិនបើអ្នកមានគំនិតចាប់ផ្ដើមជាងរង់ចាំការខកខានការបង់ប្រាក់។
៤. គិតទុកមុន និងត្រៀមការផ្លាស់ប្តូរលក្ខខណ្ឌកម្ចីនៅពេលណាមានវិបត្តិ
ប្រសិនបើអ្នកបានស្រាវជ្រាវ ហើយ មានគម្រោងផែនការសម្រាប់ប្រភេទប្រាក់កម្ចីណាមួយជាក់លាក់ពីមុនមកដើម្បីយកមកទ្រទ្រង់អាជីវកម្ម នោះវាគឺជាពេលដែលអ្នកត្រូវវាយតម្លៃឡើងវិនញ ហើយរំពឹងថានឹងមានអត្រាការប្រាក់ខ្ពស់ ចំនួនប្រាក់តិច មានរយៈពេលខ្លី និងមានការពិបាកខ្ចីជាងមុន។ ប៉ុន្តែ ក្រៅពីកន្លែងដែលអ្នកអាចធ្លាប់ខ្ចីពីមុន អ្នកអាចទៅស្វែងរកហិរញ្ញប្បទានដែលសហការជាមួយនឹងរដ្ឋាភិបាលដើម្បីជួយទ្រទ្រង់សហគ្រាសក្នុងពេលមានវិបត្តិដោយមានការប្រាក់ទាបដែលថ្មីៗនេះ រដ្ឋាភិបាលបានទម្លាក់កម្ចីតាមធនាគារអភិវឌ្ឍន៍ជនបទនៃកម្ពុជា (RDB) ដើម្បីផ្តល់កម្ចី (ទំហំសរុប៥០លានដុល្លារ) ដល់សហគ្រាសធុនតូច និងមធ្យម ជាមួយនឹងការប្រាក់ទាបសម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម និងធនាគារមួយទៀតដែលនឹងចាប់បើកដំណើរការឆាប់ៗខាងមុខដែលប្រកាសឡើងដោយរដ្ឋាភិបាលមានហរិញ្ញប្បទានចំនួន១០០លានដុល្លារសម្រាប់ទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលអាចកើតមានឡើងសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
ដូច្នេះអ្នកត្រូវតែមានផែនការទុកជាមុនដើម្បីការពារនៅពេលដែលមានបញ្ហាទាំងនេះកើតមានឡើង គឺកាត់បន្ថយរាល់ការចំណាយឥតប្រយោជន៍ ស្វែងរកហិរញ្ញប្បទានជំនួស និងរក្សា ឬ កសាងនូវទំនាក់ទំនងឲ្យបានរឹងមាំជាមួយនឹង អ្នកផ្ដល់កម្ចីឲ្យអ្នកខ្ចី។