ថ្ងៃនេះទំព័រវិទ្យាសាស្ត្ររីករាយនឹង ចែករំលែកចំណេះដឹងដល់ប្រិយមិត្តទៀតហើយ។ អ្វីដែលគេហទំព័រ«គំនិត»នឹងលើកយកមកបង្ហាញនៅថ្ងៃនេះ គឺការយកសំបកស៊ុតចេញដោយមិនធ្វើការបំបែក ឬក៏បកដោយដៃនោះទេ។ តើវាអាចទៅរួចដែរឬទេ? ប្រាកដជាអាច!
ឧបករណ៍ដែលត្រូវការ៖ កែវមួយ ស៊ុតមួយ (ឆៅក៏បាន ស្ងោរឆ្អិនក៏បាន) ទឹកខ្មេះ។
វិធី៖
១- ដាក់ស៊ុតទៅក្នុងកែវ
២- ចាក់ទឹកខ្មេះចូលឲ្យលិចស៊ុតនោះ (ប្រហែល២៥០ មីលីលីត្រ)
៣- ធ្វើការសង្កេតមើល។ ជាធម្មតាសំបកស៊ុតនឹងរលាយអស់ក្នុងរយៈពេល២៤ម៉ោង តែវាអាចប្រែប្រួលទៅតាមកម្រិតអាស៊ីតរបស់ទឹកខ្មេះរបស់អ្នក។
តើមានអ្វីកើតឡើង?
អ្នកនឹងឃើញមានពពុះនៅជុំវិញសំបកស៊ុត ហើយចំនួនពពុះនឹងមានការកើនឡើងជាលំដាប់។ ពពុះទាំងនោះគឺជាឧស្ម័នកាបូនឌីអុកស៊ីត ហើយសំបកស៊ុតនឹងរលាយបាត់ក្នុងរយៈពេល២៤ម៉ោង ដែលបន្សល់ទុកតែភ្នាសស៊ុតប៉ុណ្ណោះ។ ទឹកខ្មេះគឺជាសារធាតុគីមីម្យ៉ាងហៅថាអាស៊ីតអាសេទិច ហើយចំណែកឯសំបកស៊ុតវិញគឺផ្សំឡើងដោយសារធាតុកាល់ស្យូមកាបូណាត។ នៅពេលដែលអ្នកដាក់ស៊ុតចូលទៅក្នុងទឹកខ្មេះនោះ អ្នកនឹងបានឃើញប្រតិកម្មគីមីកើតឡើងរវាងទឹកខ្មេះ និងសំបកស៊ុត។ មូលហេតុនេះហើយទើបបង្កឲ្យមានពពុះលេចឡើងនៅពេលដែលស៊ុតប៉ះនឹងទឹកខ្មេះ ហើយក៏ជាមូលហេតុដែលធ្វើឲ្យសំបកស៊ុតរលាយផងដែរ។ តើអ្នកមានសាកល្បងធ្វើការពិសោធន៍ហើយឬនៅ? បើអ្នកធ្វើហើយ សូមកុំភ្លេចចែលរំលែកជាមួយ«គំនិត»ផងណា!