ការចេះគិតពិចារណាគឺជាសមត្ថភាពដែលមិនអាចខ្វះបាននៅក្នុង ជីវិតប្រចាំថ្ងៃ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ សិល្បៈច្នៃប្រឌិត និងនៅក្នុងកិច្ចការជាច្រើនទៀត។ ការគិតពិចារណា ឬក៏វិភាគគឺជាដំណើរទាញរកសេចក្តីសន្និដ្ឋានដោយផ្អែកលើភាពជាក់ស្តែងណាមួយ ឬក៏ព័ត៌មានណាមួយ ដើម្បីឲ្យអ្នកធ្វើការសម្រេចចិត្តថាតើត្រូវ ឬគួរធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនេះ។ ការគិតពិចារណាអាចយកទៅអនុវត្តទៅលើការអានអក្សរសិល្ប៍ ដោះស្រាយលំហាត់គណិត ឬក៏សិក្សាប្រវត្តិវិទ្យាជាដើម។ វាតម្រូវឲ្យមានការប្រមូលរាល់នូវភស្តុតាងដែលមានតាមរយៈការសង្កេត ដើម្បីអាចធ្វើការសម្រេចចិត្តធ្វើការសនិ្នដ្ឋានដ៏ត្រឹមត្រូវមួយ។ ការចេះគិតពិចារណាគឺមានប្រយោជន៍ណាស់សម្រាប់គ្រប់ជំហ៊ាននៃជីវិតទាំងអស់ ហើយវាជាគំនិតល្អមួយប្រសិនបើអ្នកចង់បង្កើនសមត្ថភាពផ្នែកនេះ។ ដូចនេះ ថ្ងៃនេះ «គំនិត»សូមលើកយកនូវវិធីសាស្ត្រមួយចំនួនក្នុងចំណោមវិធីសាស្ត្រជាច្រើនមកចែកជូនដល់ប្រិយមិត្តអ្នកអាន។
១-ប្រមូលអារម្មណ៍ឲ្យ បានមូល
ការដែលមានអារម្មណ៍ស្ងប់ និងមូលគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការគិតពិចារណានៅក្នុងគ្រប់ស្ថានការណ៍និងកាលៈទេសៈ។ អ្នកអាចរៀនធ្វើឲ្យ អារម្មណ៍ខ្លួនឯងមូលបានតាមរយៈវិធីជាច្រើន។ ក្នុងនោះមានដូចជាជ្រើសរើសសៀវភៅប្រលោមលោកដែលស្មុគស្មាញ ឬក៏រឿងអ្វីមួយដែលអ្នកមិនសូវចូលចិត្ត។ ប្រសិនបើអ្នកអាចយកឈ្នះ ដោយការចងចាំថាតើមានហេតុការណ៍សំខាន់ៗអ្វីខ្លះកើតមាននៅក្នុងសៀវភៅនោះ សមត្ថភាពការប្រមូលអារម្មណ៍របស់អ្នកនឹងមានការរីកចម្រើន។ ក្រៅពីនេះ ដើម្បីបង្កើនសមត្ថភាពនេះឲ្យកាន់តែល្អនោះ ត្រូវអនុវត្តវាឲ្យបានញឹកញាប់ ដាក់ចេញនៅគោលដៅមួយ ហើយព្យាយាមធ្វើវាឲ្យបានសម្រេចតាមកាលកំណត់។
២-ផ្អែកទៅលើភាពជាក់ស្តែង
ការគិតពិចារណាគឺផ្អែកទៅលើភាពជាក់ស្តែងជាជាងគំនិតផ្ទាល់ខ្លួនរបស់អ្នក។ វាទាក់ទងទៅនឹងការប្រមូលផ្តុំភាពជាក់ស្តែង ភស្តុតាង និងព័ត៌មានដែលអ្នកមាន ហើយប្រើប្រាស់វាក្នុងការធ្វើការសម្រេចចិត្ត។ ត្រូវប្រុងប្រយ័ត្ននៅក្នុងស្ថានការណ៍ដែលអ្នកកំពុងតែស្ថិតនៅ។ កត់ត្រារាល់ស្ថានភាព និងភស្តុតាងដែលគិតថាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធ។ នៅពេលខ្លះ ហេតុការណ៍ដែលអ្នកគិតថាមិនសូវជាសំខាន់អាចក្លាយទៅចំនុចមួយដែលចាំបាច់ទៅវិញ។
៣-គ្រប់គ្រងអារម្មណ៍
អារម្មណ៍របស់អ្នកមានចំពោះស្ថានការណ៍ណាមួយអាចធ្វើឲ្យប៉ះពាល់ដល់ការយល់ឃើញរបស់អ្នក។ ហើយទង្វើនេះអាចធ្វើឲ្យសមត្ថភាពការគិតពិចារណារបស់អ្នកទទួលរងនូវការប៉ះពាល់ផងដែរ។ ធ្វើការវិភាគទៅលើអារម្មណ៍របស់អ្នកដើម្បីឲ្យដឹងថា ហេតុអ្វីបានជាអ្នកមានអារម្មណ៍យ៉ាងនេះទៅលើស្ថានការណ៍នោះ ឬក៏បញ្ហានោះ? ប្រសិនបើអ្នកអាចទប់ស្កាត់ អារម្មណ៍ ដោយមិនឲ្យ ប៉ះពាល់ដល់ការសម្រេចចិត្តនោះនឹងធ្វើឲ្យសមត្ថភាពការគិតពិចារណារបស់អ្នកមានភាពកាន់តែប្រសើរ។
៤-ធ្វើការវិភាគព័ត៌មានដែលអ្នកទទួលបាន
ប្រភពព័ត៌មានគឺមានសារៈសំខាន់ណាស់ក្នុងការសម្រេចចិត្តថាព័ត៌មានដែលអ្នកកំពុងតែអាននោះមានភាពត្រឹមត្រូវនោះ។ តើប្រភពព័ត៌មាននោះមកពីណា? តើស្ថាប័នដែលជាអ្នកបោះពុម្ភនោះគួរឲ្យទុកចិត្តបានដែរឬទេ? តើព័ត៌មាននោះបោះពុម្ភផ្សាយយូរហើយឬនៅ? តើអ្នកអាចរកព័ត៌មាននេះពីប្រភពផ្សេងដែរឬទេ? សំណួរទាំងនេះអ្នកគួរតែយកមកគិតពិចារណាមុននឹងធ្វើការវាយតម្លៃទៅលើព័ត៌មាន ឬក៏ឯកសារណាមួយ។ ត្រូវស្វែងរកព័ត៌មានដែលដូចគ្នា ឬស្រដៀងគ្នាពីប្រភពផ្សេងៗឲ្យបានច្រើន មុននឹងធ្វើការសម្រេចចិត្តវិនិច្ឆ័យទៅលើព័ត៌មានទាំងនោះ។
៥- គួរយល់ដឹងខ្លះៗទាក់ទងនឹងមូលដ្ឋានគ្រឹះស្ថិតិ
ប្រសិនបើអ្នកទទួលព័ត៌មានថានៅសប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍ចំនួន១០បានកើតឡើងនៅលើផ្លូវជាតិ។ តើនេះមានន័យយ៉ាងម៉េចទៅ? ដើម្បីឲ្យ ស្ថិតិនេះមានន័យ វាពិតជាសំខាន់ណាស់ដែលយើងត្រូវដឹងអំពីចំនួនគ្រោះថ្នាក់នៅលើផ្លូវនេះនៅក្នុងសប្តាហ៍នីមួយៗនៃខែមុន ឬក៏ឆ្នាំមុន ឬក៏ទស្សវត្សមុនដើម្បីឲ្យយើងដឹងថាតើអត្រានៃគ្រោះថ្នាក់បានថយចុះឬក៏អត់។ ក្រៅពីនោះ នៅពេលខ្លះ តួរលេខទាំងនេះអាចធ្វើឲ្យយើងមានការភ័ន្តច្រឡំផងដែរ ឧទាហរណ៍ក្នុងកំឡុងពេលរដូវបុណ្យទៀន អត្រានៃគ្រោះថ្នាក់អាចមានចំនួនកើនឡើង ដោយសារតែមានប្រជាជនធ្វើដំណើរច្រើន។ ដូចនេះអ្នកត្រូវតែគិតពិចារណាអំពីករណីនេះផងដែរដោយធ្វើការប្រៀបហេតុការណ៍មួយទៅនឹងហេតុការមួយទៀត។
៦- ព្យាយាមអនុវត្ត
អ្នកនយោបាយចក្រភពអង់គ្លេសមួយរូបបាននិយាយថា “គិត គិត គិត! វានឹងធ្វើឲ្យអ្នកធុញទ្រាន់យ៉ាងខ្លាំងនៅពេលចាប់ផ្តើម ប៉ុន្តែអ្នកនឹងទម្លាប់ធ្វើដូចនេះ”។
៧-កុំបារម្មណ៍ប្រសិនបើការគិតពិចារណាច្រើនធ្វើឲ្យអ្នកមានការភ័ន្តច្រឡំ
ជីវិតតែងជួបបញ្ហា។ អ្នកទស្សនៈវិទូរក្រិចសូក្រាតបាននិយាយថា “ការភ័ន្តច្រឡំគឺជាចំនុចចាប់ផ្តើមនៃភាពថ្កុំថ្កើន”។
៨-ហេតុអ្វី?
ចូរចាំថា ការគិតពិចារណាគឺបញ្ចប់ដោយសំណួរ “ហេតុអ្វី?”។ ពាក្យថា”ហេតុអ្វី” គឺជាពាក្យដែលមានឥទ្ធិពលបំផុត។ ត្រូវសួរសំណួរ “ហេតុអ្វី?”គ្រប់ពេលទាំងអស់ ។ ហេតុអ្វីបានជាគាត់សរសេររឿងនេះឡើងនៅក្នុងកាសែតមួយនេះ? ហេតុអ្វីបានជាអ្នកនយោបាយរូបនេះលើកឡើងពីឃ្លានេះ? ហេតុអ្វីបានជាអ្នកនិពន្ធរូបនេះប្រើប្រាស់ពាក្យស្លោកមួយនេះ មិនប្រើឃ្លាផ្សេង? ហេតុអ្វីបានជាគាត់សម្រេចចិត្តបែបនេះ? ហេតុអ្វីបានជាខ្ញុំសួរនូវសំណួរទាំងនេះ?
ឯកសារយោង៖
http://www.rogerdarlington.co.uk/thinking.html
http://www.ntlf.com/html/lib/suppmat/103chap7.pdf
http://www.criticalthinking.org/articles/sts-ct-everyday-life.cfm