spot_img
spot_img
Homeធុរកិច្ចវិធីសាស្ត្រ៦យ៉ាងដើម្បីចៀសវាងពីការខាតបង់ក្នុងការវិនិយោគទុន

វិធីសាស្ត្រ៦យ៉ាងដើម្បីចៀសវាងពីការខាតបង់ក្នុងការវិនិយោគទុន

-

វិធីសាស្ត្រ៦យ៉ាងដើម្បីចៀសវាងពីការខាតបង់ក្នុងការវិនិយោគទុន

“អ្នកដែលមិនហ៊ានប្រថុយបានត្រឹមតែរង់ចាំឱកាសតែប៉ុណ្ណោះ ចំណែកឯអ្នកដែលហ៊ានប្រថុយនឹងក្លាយជាអ្នកសាងឱកាស តែបើមិនហ៊ានប្រថុយគ្រោះថ្នាក់ទេ អ្នកនឹងគ្មានថ្ងៃទទួលបានកម្រៃដ៏ច្រើនមហាសាលឡើយ”(ទស្សនៈរបស់ជនជាតិជីហ្វ)។

ជាការពិតណាស់មនុស្សគ្រប់គ្នាសុទ្ធតែរំពឹងឲ្យខ្លួនឯងទទួលបានកម្រៃពីការវិនិយោគទុនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ហើយចង់ចៀសវាងនូវបញ្ហាប្រឈមផ្សេងៗ និងការខាតបង់មួយចំនួនក្នុងការវិនិយោគ។ដោយយើងឃើញថានៅក្នុងខ្សែភ្នែករបស់ជនជាតិជីហ្វ​ ផលប្រយោជន៍នៃការវិនិយោគទុននិងការប្រថុយរមែងមានអត្រាប្រែប្រួលទៅតាមគ្នា។ជាក់ស្ដែងបើការវិនិយោគទុនមានផលតបស្នងខ្ពស់ នោះហានិភ័យក៏ខ្ពស់ទៅតាមហ្នឹងដែរ តែផ្ទុយទៅវិញបើសិនជាការវិនិយោគទុនមានហានិភ័យតិច នោះផលកម្រៃដែលយើងទទួលបានពីការវិនិយោគក៏តិចទៅតាមហ្នឹងដែរ។ដូចនេះតើយើងត្រូវធ្វើយ៉ាងណាដើម្បីអាចចៀសវាងរាល់បញ្ហានិងការខូតខាតក្នុងការវិនិយោគបានទៅ?ចំណុចទាំង៦ខាងក្រោមនេះនឹងជួយអ្នកឲ្យវិនិយោគទុនបានកម្រៃច្រើន៖

១. កុំដាក់លុយទាំងអស់នៅក្នុងកាបូបតែមួយ

ពេលដែលអ្នកដំណើរការទៅតាមផែនការវិនិយោគទុនរបស់អ្នក ចូរចាំទុកថាកុំចំណាយដើមទុនទាំងអស់ទៅលើផលិតផលតែមួយឬប្រភេទតែមួយជាដាច់ខាត ព្រោះបើហោប៉ៅមួយរហែក អ្នកនឹងមានហោប៉ៅមួយទៀតដែលមានលុយ។វិធីដែលល្អគឺ អ្នកគួរតែបំបែកដើមទុនដែលមានទៅវិនិយោគលើធុរកិច្ចផ្សេងៗគ្នា ព្រោះការធ្វើដូច្នេះអ្នកនឹងអាចកាត់បន្ថយហានិភ័យនិងការពារកុំឲ្យមានការខូតខាតធ្ងន់ធ្ងរពេករហូតដល់មិនអាចដោះស្រាយបាន។ដូចនេះការវិនិយោគបែបនេះគឺជាវិធីមួយដែលមានសុវត្ថិភាពបំផុត។

២. កុំធ្វើអ្វីទៅតាមអារម្មណ៍

   នៅក្នុងទីផ្សារភាគហ៊ុនតែងតែមាននិន្នាការក្នុងការនិយោគទុនទៅលើអ្វីមួយឲ្យកើតឡើងជានិច្ច ហើយពេលណាដែលកើតនិន្នាការនោះឡើង ប្រាកដជាមានដើមទុនជាច្រើនមកប្រមូលផ្ដុំគ្នាក្នុងរយៈពេលដ៏ខ្លី។ដូច្នេះពេលវេលានេះគឺជាពេលវេលាដែលវិនិយោគិនគួរតែហ៊ានចំណាយដើមទុន​រប​ស់ខ្លួនឲ្យពេញទំហឹង តែកុំធ្វើអ្វីដែលផ្ទុយពីនិន្នាការនិងធ្វើទៅតាមអារម្មណ៍របស់ខ្លួនឯងជាដាច់ខាត។

Samuel, Smiley, Smiliy, Thumbs Down

៣​. ប្រើប្រាជ្ញានិងបទពិសោធន៍របស់អ្នកដទៃឲ្យក្លាយទៅជាប្រយោជន៍

ចំពោះវិនិយោគិនថ្មីដែលទើបតែចាប់ផ្ដើមធ្វើការវិនិយោគទុននៅក្នុងទីផ្សារភាគហ៊ុនអាចនឹងមានអារម្មណ៍ស្មុគស្មាញពេលដែលត្រូវជួបនឹងវិធីឬទិចនិចវិនិយោគទុនផ្សេងៗ ព្រោះនាពេលបច្ចុប្បន្ននេះមានផលិតផលថ្មីៗក៏កាន់តែកើនឡើងជាបន្តបន្ទាប់ ដូច្នេះល្បឿនក្នុងការផ្សព្វផ្សាយទិន្នន័យកាន់តែមិនមែនជារឿងងាយដែលវិនិយោគិនធម្មតាម្នាក់អាចធ្វើបាននោះឡើយ។ ហេតុដូចនេះ ការវិនិយោគទុនដោយអាស្រ័យលើកម្លាំងរបស់ខ្លួន​តែម្នាក់នោះ វាមិនមែនជារឿងងាយស្រួលឡើយ។តែវិធីដែលមានសុវត្ថិភាពនិងគួរឲ្យជឿជាក់ជាងការសម្រេចចិត្តដោយខ្លួនឯងនោះគឺ យើងគួរប្រគល់ដើមទុនឲ្យអ្នកជំនាញជួយសម្រេចចិត្តវិនិយោគទុនជំនួសវិញទើបជាការប្រសើរ។

៤. វិនិយោគទុនលើធុរកិច្ចអចលនទ្រព្យក្នុងទីតាំងដែលសមរម្យ

   អចលនទ្រព្យគឺជាវត្ថុដែលអាចវិនិយោគ អាចស្នាក់នៅឬអាចឲ្យអ្នកដទៃជួលក៏បាន។ដូច្នេះការជ្រើសរើសទីតាំងដ៏ល្អគ៏ជាគន្លឹះមួយដ៏សំខាន់ដែលធ្វើឲ្យវិនិយោគិនទទួលបាននូវផលតបស្នងយ៉ាងច្រើនមហាសាល ជាក់ស្ដែងដូចជា ទីតាំងដែលនៅកណ្ដាលក្រុងដែលមានផ្លូវគមនាគមន៍ងាយស្រួល មានតំបន់ពាណិជ្ជកម្មដែលមានមនុស្សទៅមកជាច្រើនឆ្លងកាត់ ជាតំបន់ទេសចរណ៍ដែលមានមនុស្សអ៊ូអរ ជាតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់ឧស្សាហកម្ម គឺសុទ្ធសឹងតែជាទីតាំងដែលសក្តិសមបំផុតក្នុងការវិនិយោគទុនទៅលើអចលនទ្រព្យទាំងអស់នោះ។

Tokyo, Bill, Sky, Night, Landmark

      ៥.មានចំណេះដឹង

ចំណេះដឹងគឺជាផ្លាកសញ្ញាប្រាប់ផ្លូវ និងប្រាប់ពីទិសដៅដែលអ្នកចង់ទៅ។យើងឃើញថាពេលដែលនិន្នាការមួយនៅក្នុងទីផ្សារចាប់ផ្ដើមស្ងប់នោះ អ្នកខ្លះអាចនឹងប្រញាប់ធ្វើការសម្រេចចិត្តវិនិយោគម្ដងទៀតដើម្បីឆ្លៀតឱកាសយកចំណេញមុននឹងឱកាសនោះកន្លងផុតទៅ ព្រោះទោះបីជាផលកម្រៃដែលទទួលបានមានកំណត់ក៏ដោយ តែត្រូវចាត់ទុកថាវាជាឱកាសមួយដែលកម្រមានណាស់។ដូចនេះបើចង់រកផលកម្រៃឲ្យបានច្រើន យើងត្រូវចេះប៉ាន់ស្មាននិន្នាការទីផ្សារឲ្យបាន មុនពេលដែលនិន្នាការនោះកើតឡើង ។ដោយសារតែហេតុផលបែបនេះហើយទើបយើងនិយាយបានថា ចំណេះដឹងប្រៀបដូចជាផ្លាកសញ្ញាប្រាប់ផ្លូវ។

Image result for knowledgeable

      ៦. ធ្វើទៅតាមកម្លាំងរបស់ខ្លួន

   នៅពីក្រោយផលកម្រៃដ៏ច្រើនមហាសាលរមែងមានហានិភ័យខ្ពស់ដែលមិនអាចចៀសវាងបានឡើយ ប៉ុន្តែការវិនិយោគទុនដែលមានហានិភ័យខ្ពស់ក៏ធ្វើឲ្យយើងទទួលបានផលកម្រៃខ្ពស់ដែរ។ដូច្នេះចំពោះវិនិយោគិនដែលមានដើមទុនសមល្មម ឬមានដើមទុនកំណត់មួយ ពួកគេមិនគួរជ្រើសរើសយកការវិនិយោគដែលមានហានិភ័យខ្ពស់ពេកនោះទេ ព្រោះវានឹងធ្វើឲ្យពួកគេខាតបង់ ឬក្ស័យធនជាដើម។

ជារួម មិនថាអ្នកបម្រុងនឹងវិនិយោគឬកំពុងតែវិនិយោគនៅក្នុងទីផ្សារភាគហ៊ុននោះទេ កុំភ្លេចពិចារណាផងថា តើខ្លួនឯងមានកម្លាំងគ្រប់គ្រាន់ក្នុងការវិនិយោគទុននោះដែរឬទេ? កុំបណ្ដោយខ្លួនឲ្យធ្លាក់ចុះជ្រៅរហូតដល់មិនអាចកែប្រែបានឲ្យសោះ ព្រោះបម្រាមដែលសំខាន់បំផុតក្នុងការវិនិយោគទុននោះគឺការធ្វើអ្វីដោយមិនគិតពីផលដែលអាចនឹងកើតឡើងនាពេលអនាគត។ដូច្នេះវិនិយោគិនរាល់គ្នាគួរតែរៀបចំផែនការ និងកំណត់គោលដៅទុកជាមុនទើបអាចក្លាយជាវិនិយោគិនដ៏ជោគជ័យម្នាក់។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ