បុគ្គលិកជាច្រើនតែងតែត្អូញត្អែរនៅពេលដែលថ្ងៃអាទិត្យឆ្លងចូលថ្ងៃច័ន្ទម្តងៗ។ ជួនកាលវាមិនមែនបណ្តាលមកពីពួកគេខ្ជិលទៅធ្វើការនោះទេតែមកពីក្រុមហ៊ុនរបស់គេមិនបានផ្តល់នូវផាសុកភាពគ្រប់គ្រាន់ឲ្យគេមានទឹកចិត្តទៅធ្វើការ។ យ៉ាងណាមិញបញ្ហាគ្រប់យ៉ាងគឺសុទ្ធតែមានផ្លូវដោះស្រាយជាពិសេសក្នុងនាមអ្នកជាអ្នកគ្រប់គ្រងឬម្ចាស់អាជីវកម្មអ្នកមានឱកាសក្នុងការកែប្រែស្ថាប័នរបស់អ្នកឲ្យក្លាយជាទីដែលបុគ្គលិកចង់ទៅធ្វើការបាននិងកាន់តែប្រសើរ។ កន្លែងការងារដែលបុគ្គលិកពេញចិត្តជាកន្លែងដែលមាននិយោជកដែលគេទុកចិត្ត មានមោទនភាពចំពោះការងារ និងមានភាពសប្បាយរីករាយជាមួយមិត្តរួមការងារជាដើម។ នៅពេលដែលបុគ្គលិកពេញចិត្តនឹងកន្លែងធ្វើការរបស់ខ្លួនពិតណាស់ថាអត្រានៃការលាឈប់ពីការងារមានការថយចុះ ផលិតភាពការងារកាន់តែកើនឡើង ហើយនិយោជកថែមទាំងអាចរក្សាបុគ្គលិកឆ្នើមបានថែមទៀតផងដែលទាំងនេះជាអ្វីដែលម្ចាស់អាជីវកម្មឬម្ចាស់ក្រុមហ៊ុនតែងរំពឹងចង់បាន។ ថ្ងៃនេះគំនិតនឹងណែនាំនូវគន្លឹះដែលមានប្រសិទ្ធភាពមួយចំនួនៗដែលជួយឲ្យបរិយាកាសការងារក្លាយជាកន្លែងដែលគួរឲ្យពេញចិត្តចំពោះបុគ្គលិករបស់អ្នក ៖
១. បង្ហាញបុគ្គលិកថាអ្នកព្រួយបារម្ភពីសុខទុក្ខរបស់គេ
ចំណុចនេះមិនសូវជាពិបាកប៉ុន្មានទេចំពោះនិយោជកមិនថាគាត់មានអត្តចរិករួសរាយស្រាប់ឬក៏អត់ក៏ដោយ។ សំខាន់និយោជកត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកឲ្យបានញឹកញាប់តែនៅក្នុងកម្រិតដែលមិនស៊ីជម្រៅពេកនោះទេ។ អ្នកគ្រប់គ្រងត្រូវបង្ហាញបុគ្គលិកថាពួកគេគឺមានតម្លៃណាស់សម្រាប់ក្រុមហ៊ុន។ ជាពិសេសនិយោជកត្រូវអនុវត្តទំនាក់ទំនងដោយក្តីគោរពនិងមានតម្លាភាពហើយមិនអាចបំពានលើសិទ្ធិបុគ្គលបានឡើយ។ រីឯការសម្រេចចិត្តមួយចំនួនក៏ត្រូគួរតែមានការចូលរួមពីបុគ្គលិកផងដែរ។ សំខាន់បំផុតនិយោជកត្រូវប្រាកដថាស្ថាប័នមានការផ្លាស់ប្តូរទៅរកភាពវិជ្ជមានជានិច្ចហើយម្នាក់ៗក៏មានការពេញចិត្តចំពោះការផ្លាស់ប្តូរនេះ។ ចូរចងចាំថាបើកាលណាអ្នកប្រព្រឹត្តចំពោះបុគ្គលិកបានល្អនោះពួកគេក៏ធ្វើទង្វើល្អៗទៅកាន់អតិថិជនរបស់អ្នកដូចគ្នាព្រោះថាពួកគេគឺជាចំណងដែលចងភ្ជាប់ក្រុមហ៊ុនអ្នកនឹងអតិថិជនរបស់អ្នកយ៉ាងជិតស្និទ្ធ។ បើអតិថិជនរបស់អ្នកពេញចិត្តនឹងបុគ្គលិករបស់អ្នកនោះគេវានឹងធ្វើឲ្យប្រាក់ចំណេញរបស់អ្នកកើនឡើង ក្រែងនេះជាអ្វីដែលអ្នកចង់បានមែនទេ?
២. ផ្តល់ប្រាក់បៀវត្សរ៍សមរម្យនិងហានិភ័យនៃការបាត់បង់ការងារទាប
ថ្វីត្បិតតែកត្តាផ្សេងៗនៃការជ្រើសរើសយកការងារមួយសំខាន់អាចនិយាយបានថាពេលខ្លះវាសំខាន់ជាងប្រាក់ខែប៉ុន្តែទោះបីជាយ៉ាងណាអ្នកត្រូវប្រាកដថាអ្នកបានផ្តល់ប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់បុគ្គលិកដែលគេអាចដោះស្រាយជីវភាពរបស់គេបាន។ បើមិនបានលើសពីប្រាក់ខែនៅលើទីផ្សារទេយ៉ាងហោចណាស់ក៏គួរតែសមស្របជាមួយទីផ្សារដែរបូករួមជាមួយប្រាក់លើកទឹកចិត្តប្រាក់ថែមម៉ោង ថ្លៃសម្រាប់ព្យាបាលជម្ងឺ និងប្រាក់បន្ថែមប្រចាំឆ្នាំជាដើម។ មួយវិញទៀតចំពោះហានិភ័យនៃការបាត់បង់ការងារអ្នកត្រូវធ្វើឲ្យបុគ្គលិកយល់ថាវាមិនមែនជាទំនួលខុសត្រូវរបស់និយោជកតែម្នាក់ឯងឡើយតែវាជារឿងរបស់ទាំងអស់គ្នា។ បុគ្គលិកត្រូវដឹងថាកាលណាក្រុមហ៊ុនទទួលបានជោគជ័យនោះការងាររបស់គេកាន់តែប្រសើរហើយនិងមិនព្រួយបារម្ភពីបញ្ហាអត់ការងារធ្វើទេ។
៣. បែងចែកបេសកកម្មដែលត្រូវបំពេញ
ក្នុងការបំពេញការងារសំខាន់ណាស់ដែលបុគ្គលិកត្រូវដឹងពីគោលដៅរបស់ក្រុមហ៊ុននិងមានផែនការណ៍ច្បាស់លាស់។ និយោជិកសកម្មគឺមានគោលដៅជាអ្នកនាំមុខ។ រីឯនិយោជកឈ្លាសវៃវិញគឺមានវិធីសាស្រ្តធ្វើឲ្យបុគ្គលិកយល់បានយ៉ាងច្បាស់ពីគោលដៅ ទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនព្រមទាំងចេះបែងចែកការងារឲ្យសមស្របទៅតាមសមត្ថភាព ជំនាញ និងតាមទំហំនៃការងារបានត្រឹមត្រូវ។ អ្នកគ្រប់គ្រងពូកែចេះបញ្ជ្រាបពីភាពជោគជ័យនៅពេលអនាគតរបស់ស្ថាប័នដល់បុគ្គលិកនិងកំណត់ពីភាពជោគជ័យចំពោះការសម្រេចបានការងារណាមួយដែលបានដាក់ឲ្យបុគ្គលិកបំពេញ។ អ្នកត្រូវធ្វើឲ្យបុគ្គលិកមានការផ្តោតអារម្មណ៍និងយកចិត្តទុកដាក់ធ្វើការងារមិនរៀងរាល់ពេលមិនមែនត្រឹមតែពេលដែលអ្នកនៅក្នុងការិយាល័យនោះទេ។ ការចេះកែច្នៃគោលដៅរបស់ក្រុមហ៊ុនឲ្យក្លាយជាអ្នកតម្រង់ទិសឲ្យបុគ្គលិកគឺជាភាពជោគជ័យយ៉ាងធំរបស់និយោជក។
ក្នុងការបំពេញការងារសំខាន់ណាស់ដែលបុគ្គលិកត្រូវដឹងពីគោលដៅរបស់ក្រុមហ៊ុននិងមានផែនការណ៍ច្បាស់លាស់
៤. ផ្តល់ឱកាសរីកចម្រើន
នៅពេលដែលក្រុមហ៊ុនទទួលបានភាពជោគជ័យដោយប្រការណាមួយអ្នកត្រូវចេះបែងចែកទៅឲ្យបុគ្គលិកគ្រប់ៗគ្នានិងមានភាពស្មើៗគ្នាដើម្បីឲ្យពួកគេមានទឹកចិត្តខិតខំប្រឹងប្រែងធ្វើការបន្តទៀតដូចជាការបែងចែកប្រាក់ចំណេញ កម្រៃបន្ថែមពីលើប្រាក់ខែ មានពិធីជប់លៀង ឬដំណើរកម្សាន្តជាដើម។ ម្យ៉ាងទៀតអ្នកត្រូវបញ្ចូលការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញរបស់គេដូចជាផ្តល់វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាជាដើម។ មួយវិញទៀតការលើកទឹកចិត្តឲ្យបុគ្គលិករៀនសូត្រជំនាញផ្សេងដែលជួយអភិវឌ្ឍសមត្ថភាពរបស់គេដូចជាការទៅរៀនឬផ្លាស់ប្តូរបទពិសោធន៍នៅក្រៅប្រទេស ហ្វឹកហាត់ការងារនៅក្រុមហ៊ុនដែលជាដៃគូសហការ ការប្តូរឬតម្លើងដំណែង ឬដាក់ការងារខុសពីមុនក៏ជាវិធីដែលមានប្រសិទ្ធភាពដែរ។
៥. វប្បធម៌នៅក្នុងក្រុមហ៊ុន
វប្បធម៌នៅក្នុងក្រុមហ៊ុនក៏ជាកត្តាចាំបាច់មួយដែលធ្វើឲ្យបុគ្គលិកពេញចិត្តឬមិនពេញចិត្តចំពោះកន្លែងធ្វើការរបស់គេដែរ។ បរិយាកាសក្នុងក្រុមហ៊ុនអាប់អួរកើតចេញពីមនុស្សនៅក្នុងក្រុមហ៊ុនមួយចំណែកនិងកើតចេញពីក្រុមហ៊ុននោះផ្ទាល់មួយចំណែកផងដែរ។ ការអនុវត្តដដែលៗរបស់មនុស្សចាប់តាំងពីថ្នាក់ដឹកនាំរហូតដល់បុគ្គលិកមកនាំឲ្យកើតទៅជាវប្បធម៌ដែលគេយកទៅអនុវត្តតៗគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកដឹកនាំគឺជាគម្រូរបស់បុគ្គលិកហេតុនេះហើយទង្វើរបស់អ្នកគឺក្នុងនាមជាអ្នកគ្រប់គ្រងសំខាន់ជាងគេ។ ដូចនេះអ្នកគួរបង្កើតវប្បធម៌ដែលវិជ្ជមានដល់ក្រុមហ៊ុនទុកជាគម្រូឲ្យគេគោរពតាមដូចជាការជួយបង្រៀននិងរៀនសូត្រពីគ្នា ការមិនបង្កជម្លោះ ការចេះអធ្យាស្រ័យ ការប្រាស្រ័យទាក់ទងទូលំទូលាយ និងការចេះឯករាជ្យម្ចាស់ការលើខ្លួនឯងជាដើម។
ក្រៅពីកត្តាសំខាន់ៗខាងលើអ្នកក៏ត្រូវរៀបចំក្រុមហ៊ុនរបស់អ្នកឲ្យមានផាសុកភាព សុវត្ថិភាព មានគ្រឿងបរិក្ខាបរិបូរណ៌ឲ្យបុគ្គលិកប្រើប្រាស់ មានភេសជ្ជៈនិងម្ហូបអាហារដែលមានអនាម័យជាដើម។ ជាចុងក្រោយមុនពេលដែលអ្នកឈានជើងចេញមកធ្វើការអ្នកត្រូវរកនឹកមើលថាតើអ្វីដែលវាធ្វើឲ្យអ្នកសប្បាយចិត្តជាងគេនៅក្នុងថ្ងៃធ្វើការដំបូងរបស់អ្នកនោះ!