ការសិក្សាលើជំនាញទីផ្សារឌីជីថលនៅកម្ពុជា វាអាចពិបាកក្នុងការស្វែងរកទីកន្លែងជាក់លាក់មួយដើម្បីសិក្សា ប៉ុន្តែប្រសិនបើបងប្អូនចេះភាសាអង់គ្លេសដែលអាចស្ដាប់យល់បាន វាជាការល្អសម្រាប់អ្នកក្នុងការសិក្សាបន្ថែមតាមអនឡាញដោយខ្លួនឯង តាមរយៈគេហទំព័រលំដាប់ថ្នាក់អន្តរជាតិមួយចំនួននូវខាងក្រោម ដែលផ្ដល់ជូននូវវគ្គសិក្សាលើជំនាញទីផ្សារឌីជីថល ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានវិញ្ញាបនប័ត្រទៀតផង។
1. Google Digital Garage គឺជាគេហទំព័រដែលផ្តល់ការបណ្តុះបណ្តាលលើជំនាញឌីជីថលដោយឥតគិតថ្លៃតាមរយៈវេទិកាសិក្សាតាមអ៊ីនធឺណិត។ វេទិកានេះក៏ផ្តល់ឱ្យបុគ្គលម្នាក់ៗនូវផែនការបណ្តុះបណ្តាលដែលសមស្របដើម្បីរៀនជំនាញឌីជីថលទាំងស្រុងដោយឥតគិតថ្លៃផងដែរ។
គួរបញ្ជាក់ផងដែរថា គេហទំព័រមួយនេះ គឺល្អបំផុតចំពោះអ្នកដែលចង់សិក្សាអំពីជំនាញទីផ្សារឌីជីថលជាលើកដំបូង ពីព្រោះវាក៏មានវគ្គបណ្ដុះបណ្ដាលចាប់ពីមូលដ្ឋាននៃជំនាញទីផ្សារឌីជីថលរហូតដល់កម្រិតខ្ពស់។ លើសពីនេះ ក្រោយពីបញ្ចប់វគ្គសិក្សា វាក៏មានការផ្ដល់នូវវិញ្ញាបនប័ត្រដែរ។
2. HubSpot Academy គឺជាគេហទំព័រដែលផ្ដល់ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតដោយឥតគិតថ្លៃសម្រាប់អ្នកជំនាញផ្នែកទីផ្សារ ការលក់ និងសេវាកម្មអតិថិជន។ លើសពីនេះ ចំពោះអ្នកដែលចាប់ផ្ដើមវគ្គសិក្សាលើជំនាញទីផ្សារឌីជីថល វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកផងដែរ ពីព្រោះវានឹងបង្ហាញផ្លូវអ្នកបន្ដិចម្ដងៗ ព្រមទាំងទទួលបានវិញ្ញាបនប័ត្រក្រោយពីបញ្ចប់វគ្គសិក្សា។
3. Future Learn គឺជាគេហទំព័រដែលផ្ដល់ការបណ្ដុះបណ្ដាលតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយប្រសិនបើអ្នកសិក្សាជំនាញទីផ្សារឌីជីថលនៅក្នុងគេហទំព័រមួយនេះ វានឹងបង្រៀនអ្នកឱ្យយល់ដឹងបន្ថែមទៀតអំពីយុទ្ធសាស្ត្រទីផ្សារឌីជីថលផ្សេងៗដែលអ្នកអាចប្រើដើម្បីពង្រីកអាជីវកម្ម ឬអាជីពការងាររបស់អ្នក ព្រមទាំងបង្ហាញអ្នកឱ្យឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវជាងមុន។ បន្ថែមពីនេះ ក្រោយពីបញ្ចប់ការសិក្សា អ្នកក៏ទទួលបានវិញ្ញាបនប័ត្រផងដែរ។
4. Facebook Blueprint គឺជាគេហទំព័រផ្លូវការរបស់ហ្វេសប៊ុក ដែលផ្ដល់ឱ្យមនុស្សទូទាំងពិភពលោកបានសិក្សាតាមអនឡាញដោយឥតគិតថ្លៃ លើជំនាញធ្វើទីផ្សារ ការកសាងម៉ាកយីហោ និងការផ្សាយពាណិជ្ជកម្មលើ Facebook និង Instagram បានយ៉ាងច្បាស់លាស់។ បន្ថែមពីនេះ ក្រោយពីបញ្ចប់ការសិក្សា អ្នកក៏ទទួលបានវិញ្ញាបនប័ត្រផងដែរ។