មនុស្សភាគច្រើន តែងតែបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ឬបង្ហាញថាខ្លួនចេះដឹងលើអ្វីមួយ នៅលើបណ្ដាញសង្គម និងពេលខ្លះនិយាយអួតប្រាប់គេលើរឿងល្អៗជាច្រើនអំពីខ្លួនឯង ដើម្បីធ្វើឱ្យអ្នកដទៃគិតថា ខ្លួនឯងខ្លាំង មានចំណេះជំនាញ និងរៀនបានជ្រៅជ្រះ ដែលអាចទុកចិត្តបាន។
ការបង្ហាញគេពីទេពកោសល្យផ្ទាល់ខ្លួនជារឿងល្អ ប៉ុន្តែអ្វីដែលមិនល្អ គឺវាមិនដូចអ្វីដែលបាននិយាយប្រាប់ ឬបង្ហាញនៅលើបណ្ដាញសង្គមទាំងស្រុងឡើយ ដែលយើងអាចហៅមនុស្សប្រភេទនោះថា មនុស្សប្រហោងក្នុង។ ហើយមនុស្សប្រភេទនេះ យើងពិបាកប៉ាន់ស្មានខ្លាំងណាស់ ដូច្នេះតើត្រូវធ្វើបែបណា ទើបដឹងថា បុគ្គលនោះ ជាបុគ្គលដែលមានជំនាញច្បាស់លាស់ និងអាចទុកចិត្តក្នុងការធ្វើការជាមួយគាត់បាន?
ខាងក្រោមនេះ ជាសញ្ញាដែលឆ្លើយតប ដែលអ្នកអាចរៀនសង្កេតដោយផ្ទាល់បាន។
1. បង្ហាញពីកង្វះការយល់ដឹងដោយខ្លួនឯង
- មិនស្គាល់ខ្លួនឯង ថាជានរណា?
- មិនទទួលស្គាល់ការពិត ក្រោយពីទទួលបានការវាយតម្លៃពីមនុស្សជុំវិញ
- ជាបុគ្គលដែលចូលចិត្តមើលងាយសមត្ថភាព និងបង្អាប់ ជាន់ពន្លិចអ្នកដទៃ
- មិនចេះគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ដោយមានអាកប្បកិរិយាមិនល្អ
- ចូលចិត្ត Drama ច្រើន នៅពេលនៅជាមួយអ្នកដទៃ ឬបង្ហាញអារម្មណ៍នៅលើបណ្ដាញសង្គមច្រើន
- ឆាប់ឆេវឆាវ និងឆ្លើយតបជាមួយអ្នកដទៃទាំងកំហឹង
- មិនងាយផ្លាស់ប្ដូរផ្នត់គំនិតចាស់កំរិលលើអ្វីមួយ
- មានអារម្មណ៍ចង់និយាយគ្រប់ពេលវេលា
- ជាមនុស្សសប្បាយរីករាយក្នុងរយៈពេលខ្លី
2. បង្ហាញពីកង្វះការយល់ដឹងពីអ្នកដទៃ
- មិនចេះយល់ពីអារម្មណ៍ តម្រូវការ និងទុកកង្វល់របស់អ្នកដទៃ
- ចូលចិត្តរំខាន ឬរញ៉ែរញ៉ៃជាមួយអ្នកដទៃ ដោយមិនចេះមើលពីស្ថានភាព
3. បង្ហាញពីទំនាក់ទំនងមិនល្អជាមួយមនុស្សជុំវិញ
- នៅពេលទំនាក់ទំនងជាមួយអ្នកដទៃ តែងតែប្រើប្រាស់ពាក្យពេចន៍ កាយវិការមិនសមរម្យ បង្ហាញទឹកមុខតាមតែអារម្មណ៍ និងសម្លេងលឺៗខ្លាំងជាដើម
- ធ្វើការជាក្រុមមិនបានល្អ ដោយមិនចុះសម្រុងជាមួយមនុស្សជុំវិញ
- មិនចេះស្ដាប់អ្នកដទៃ
4. បង្ហាញពីកង្វះការយល់ដឹងចំពោះសក្ដានុពលរបស់ក្រុម
- មិនផ្ដល់តម្លៃ និងមិនស្គាល់ពីសមត្ថភាពរបស់សមាជិកក្រុម
- មិនចេះបែងចែកតួនាទី មុខតំណែង និងទំនួលខុសត្រូវឱ្យស្របនឹងទេពកោសល្យ ចំណេះជំនាញ និងសក្ដានុពលរបស់សមាជិកក្រុមម្នាក់ៗ
- មិនចេះប្រើប្រាស់ធនធានមនុស្ស
5. បង្ហាញពីកង្វះការយល់ដឹងនៃភាពខុសប្លែកគ្នារបស់មនុស្ស
- គ្មានការយល់ដឹងបន្ថែមពីភាពខុសប្លែកគ្នារបស់មនុស្ស លើមុខវិជ្ជាវិជ្ជាជីវៈ និងវប្បធម៌ចម្រុះគ្នាជាដើម
- មានការប្រកាន់ច្រើន និងរើសអើង