ដំណើរការអាជីវកម្មរបស់អ្នកប្រសើរគឺជារឿងមួយដែលល្អជាពិសេសនៅពេលដែលអ្នកមានចំណូលផ្ទាល់ខ្លួននិងអាចសម្រេចចិត្តដោយខ្លួនឯង ។ ប៉ុន្តែភាគច្រើន ម្ចាស់អាជីវកម្មតែងតែត្រូវបំពេញការងាររហូតដល់ភ្លេចពេលវេលាផ្ទាល់ខ្លួនដើម្បីចំណាយពេលនៅជាមួយគ្រួសារឬជាមួយដៃគូស្នេហាជាដើម។ ហេតុដូចនេះហើយ បើសិនជាអ្នកនៅតែរវល់នឹងអាជីវកម្មរបស់អ្នកខ្លាំងពេកនោះទំនាក់ទំនងស្នេហារបស់អ្នកនឹងត្រូវបែកបាក់។ ខាងក្រោមនេះគឺជាសញ្ញាបម្រាមទាំង៥ដែលកំពុងបំផ្លាញស្នេហារបស់អ្នក៖
១. គ្មានពេលវេលាសម្រាប់គ្នា
ការមិនចេះបែងចែកពេលវេលាខ្លះសម្រាប់ដៃគូស្នេហារបស់អ្នកគឺជារឿងមួយដែលគ្រប់គ្នាតែងតែប្រឈមមុខនឹងការទាស់ទែងគ្នា។ នៅពេលដែលអ្នកគិតតែរវល់នឹងកិច្ចការអាជីវកម្មរបស់អ្នកគ្រប់ពេលពេកហើយសូម្បីតែពេលជួបគ្នានៅថ្ងៃចុងសប្តាហ៍ឬពេលដែលនៅផ្ទះហើយអ្នកនៅតែមុខកុំព្យូទ័ររាល់ពេលនោះមិនមែនជាសញ្ញាល្អប៉ុន្មានឡើយ។ កត្តាទាំងនេះអាចនាំឲ្យស្នេហាអ្នកឃ្លាតឆ្ងាយពីគ្នាម្តងតិចៗដោយមិនដឹងខ្លួន។ ដូចនេះ ទាន់អ្នកនៅមានពេលវេលាដែលអាចកែប្រែបាន ចូរអ្នកចំណាយបន្តិចបន្តួចជាមួយដៃគូរបស់អ្នក។
២. ការងារច្រើនពេកអាចដាក់សម្ពាធលើស្នេហារបស់អ្នក
ការធ្វើការងារហួសកម្រិតអាចនាំឲ្យអ្នកមានបញ្ហាផ្លូវចិត្ត ខួរក្បាល និងរាងកាយជាដើមដោយបង្កទៅជាអារម្មណ៍តានតឹង តប់ប្រមល់ ធុញទ្រាន់ ខឹង មិនសុខចិត្ត មិនសប្បាយចិត្ត និងទៅជាមានជម្ងឺ ចុះខ្សោយកម្លាំងជាដើម។ លើសពីនេះទៅទៀតការធ្វើការងារច្រើនហួសកម្រិតក៏អាចធ្វើឲ្យអ្នកស្រ្តេសហើយអ្នកនឹងមានអារម្មណ៍បាត់បង់ការលើកទឹកចិត្តឬអាចឈឺក្បាលជាប្រចាំ។ ដូចនេះ វាក៏អាចនាំឲ្យអ្នកមានអារម្មណ៍មួរម៉ៅនិងធុញថប់ពេលដែលជួបជាមួយដៃគូរបស់អ្នកនិងនាំឲ្យងាយប៉ះទង្គិចនៅពេលជួបគ្នាម្តងៗ។ ដូចនេះ អ្នកត្រូវមានពេលវេលាសម្រាកពីការងារមិនថាអ្នកមមាញឹកយ៉ាងណាក៏ដោយ។
៣. ការសន្ទនារវាងអ្នកនិងដៃគូរបស់អ្នកមានការអន់ថយ
អ្នកត្រូវចេះបែងចែកថារាល់ពេលដែលអ្នកជួបមុខដៃគូរបស់អ្នក អ្នកមិនគិតតែនិយាយពីរឿងអាជីវកម្មគ្រប់ពេលនោះទេព្រោះពេលខ្លះដៃគូរបស់អ្នកមិនមែនជាអ្នកជំនួញដូចអ្នកឡើយ។ ដូចនេះគាត់អាចនឹងធុញចំពោះការសន្ទនានោះ។ អ្នកគួរដឹងថាពេលណាគួរនិយាយពីរឿងអាជីវកម្មហើយពេលណាមួយចំនួនសួរនាំពីសុខទុក្ខរបស់គាត់ សន្ទនាជាមួយគាត់ពីផែនការអនាគតរបស់អ្នកទាំងពីរ ឬនិយាយរឿងណាដែលអ្នកនិងគាត់ចូលចិត្ត។
៤. ជម្លោះលើវិបត្តិហិរញ្ញវត្ថុ
ការធ្វើអាជីវកម្មមិនថាជាការបើកដំបូងឬពេលកំពុងដំណើរការឡើយ អ្នកនឹងមិនអាចចៀសផុតពីការជួបប្រទះកង្វះខាតដើមទុនគ្រប់គ្រាន់បានទេ។ ប្រការនេះអាចបង្កឲ្យអ្នកទាំងពីរងាយនឹងមានជម្លោះជាមួយគ្នា។ ប៉ុន្តែការមិនស្តីបន្ទោសឲ្យគ្នានៅពេលដែលដៃគូម្ខាងទៀតជួបវិបត្តិហិរញ្ញវត្ថុគឺជាទង្វើមួយដ៏ប្រសើរ។ យ៉ាងណាមិញអ្នកគួរពិភាក្សាជាមួយដៃគូរបស់អ្នកនៅពេលដែលអ្នកទើបនឹងចាប់ផ្តើមធ្វើអាជីវកម្មរបស់អ្នកជាពិសេសទាក់ទងនឹងការចំណាយផ្ទាល់តែម្តង។ ទោះបីជាពេលខ្លះអ្នកពិបាកពិភាក្សាជាមួយគ្នាក៏ដោយក៏អ្នកត្រូវតែពន្យល់គាត់ពីបញ្ហានេះឲ្យបានជាក់លាក់។ បើពុំដូចច្នោះទេ អ្នកនឹងមិនអាចបញ្ចៀសបញ្ហាទាក់ទងនឹងលុយកាក់នៅថ្ងៃក្រោយបានឡើយដែលអាចឈានទៅដល់ការលែងលះឬបែកបាក់គ្នាបាន។
៥. ខ្វះការលើកទឹកចិត្តពីដៃគូ
ការលើកទឹកចិត្តសម្រាប់ដៃគូស្នេហារបស់អ្នកគឺជារឿងសំខាន់ក្នុងការធ្វើអាជីវកម្មព្រោះគាត់ជាមនុស្សដែលអ្នកអាចពិភាក្សាជាមួយ រៀបរាប់ទុក្ខកង្វល់ ផ្តល់មតិយោបល់ សម្រេចចិត្តជាមួយគ្នាជាពិសេសនៅពេលដែលដៃគូរបស់អ្នកជួបប្រទះបញ្ហានៅក្នុងអាជីវកម្មរបស់គាត់។ ដូចនេះ អ្នកគួរតែចេះស្វែងយល់ពីសេចក្តីព្រួយបារម្ភរបស់ដៃគូអ្នកចំពោះអាជីវកម្មរបស់គាត់ក្នុងគោលបំណងធ្វើឲ្យស្នេហារបស់អ្នកកាន់តែរឹងមាំមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ អ្នកអាចបង្ហាញថាអ្នកនឹងប្រឈមមុខជាមួយគាត់ជានិច្ច។
ទោះបីជាការបើកអាជីវកម្មជួនកាលអាចបំផ្លាញស្នេហារបស់អ្នកក៏ដោយ ប៉ុន្តែអ្នកនៅតែមានដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទាំងនោះ។ វាស្ថិតនៅលើអ្នកថាតើអ្នកចង់ដោះស្រាយបញ្ហាទាំងនោះដែរឬទេ។ ម្យ៉ាងទៀតនៅក្នុងស្ថានភាពលំបាកបែបនេះ វាក៏ជួយឲ្យស្នេហារបស់អ្នកកាន់តែរឹងមាំស្ថិតស្ថេរដែរនៅពេលដែលអ្នកទាំងពីរអាចឆ្លងកាត់បញ្ហារួមគ្នាបាន។ ដូចនេះ អ្នកត្រូវចេះបែងចែកពេលវេលារវាងការងារនិងដៃគូរបស់អ្នកឲ្យមានតុល្យភាព។