ជាការពិតណាស់ ការធ្វើទីផ្សារគឺពិតមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់បណ្តារអាជីវកម្ម និងក្រុមហ៊ុននានាគ្រប់ស្ថាប័ន ក៏ព្រោះតែវាធ្វើឲ្យផលិតផល ឬសេវាកម្មរបស់យើងអាចជ្រាបទៅដល់ស្រទាប់មនុស្សជាច្រើននៅក្នុងសង្គម។ ការធ្វើទីផ្សារត្រឹមត្រូវ និងមានប្រសិទ្ធភាព ពិតជាអាចជួយឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានការជឿទុកចិត្តពីអតិថិជនតាមរយៈការផ្សព្វផ្សាយពីព័ត៌មាននៃផលិតផល ឬសេវាកម្មរបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើទីផ្សារក៏អាចជួយរក្សាកិត្តិនាមឲ្យម៉ាកសញ្ញានៃអាជីវកម្ម ឬក្រុមហ៊ុនរបស់លោកអ្នកផងដែរ។
ថ្ងៃនេះ គំនិត សូមធ្វើការលើកយកនូវសារៈសំខាន់ចំនួន០៤ នៃការធ្វើទីផ្សារសម្រាប់អាជីវកម្មរបស់លោកអ្នក។
១. មូលហេតុទី១៖ ការធ្វើទីផ្សារគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន
នៅក្នុងការធ្វើអាជីវកម្ម វាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់លោកអ្នក ដែលវាប្រៀបដូចជាការសន្ទនារវាងមនុស្សម្នាក់ ទៅម្នាក់ទៀតអ៊ីចឹងដែរ។ ពោលគឺនៅពេលដែលភាគីទាំងសងខាងបានធ្វើការសន្ទនា ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានសំខាន់ៗជាមួយគ្នា នោះទំនុកចិត្តរវាងភាគីទាំងសងខាងក៏រីកចម្រើនទៅតាមនឹងដែរ។ ដូច្នេះមធ្យោបាយដែលល្អបំផុតសម្រាប់ធ្វើការសន្ទនា និងផ្លាស់ប្តូរព័ត៌មានជាមួយអតិថិជនអ្នកនោះគឺការធ្វើទីផ្សារនេះឯង។ លោកអ្នកគួរតែផ្តល់ដល់អតិថិជនរបស់លោកអ្នកនូវព័ត៌មានអំពីផលិតផល ឬសេវាកម្មដែលពួកគេពុំធ្លាប់ដឹងពីមុន ហើយលោកអ្នកត្រូវប្រាកដថាព័ត៌មានទាំងនោះជាអ្វីដែលពួកគេចង់ដឹង ចង់ឮ ហើយសាកសមទៅហ្នឹងពេលវេលាដ៏មានតម្លៃរបស់ពួកគេ។
២. មូលហេតុទី២៖ ការធ្វើទីផ្សារជួយកសាង និងរក្សាកេរ្តិ៍ឈ្មោះជូនស្ថាប័ន ឬអាជីវកម្មរបស់លោកអ្នក
កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន ឬអាជីវកម្មរបស់អ្នកគឺជារឿងដែលសំខាន់បំផុតមួយដែលលោកអ្នកពុំគួរមើលរំលង។ ការសម្រេចចិត្តរបស់ដៃគូរសហការ ក៏ដូចជាអតិថិជនរបស់លោកអ្នកមួយភាគធំគឺបានមកពីកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃរបស់លោកអ្នកនោះឯង ព្រោះថាប្រសិនបើស្ថាប័ន ឬអាជីវកម្មរបស់លោកអ្នកពុំមានកេរ្តិ៍ឈ្មោះនោះទេ ដៃគូរសហការរបស់លោកអ្នកក៏ពុំមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មដែលលោកអ្នកផ្តល់ឲ្យដូចគ្នា។ ដូច្នេះ ដើម្បីធ្វើឲ្យកេរ្តិ៍ឈ្មោះនៃស្ថាប័ន និងអាជីវកម្មរបស់អ្នកមានភាពល្អប្រសើរ លោកអ្នកគួរតែព្យាយាមផ្សព្វផ្សាយពីការផ្គត់ផ្គង់ផលិតផលដែលត្រូវតាមអ្វីដែលអតិថិជនរបស់អ្នកចង់បាន ឬក៏ពីការបំពេញសេវាកម្មដ៏ល្អលើសពីការរំពឹងទុករបស់អតិថិជន ដោយលោកអ្នកអាចទទួលបានព័ត៌មានទាំងនោះបានពីអតិថិជន ដែលបានជាវ និងប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់លោកអ្នករួច។
៣. មូលហេតុទី៣៖ ការធ្វើទីផ្សារជួយកសាងទំនាក់ទំនងរវាងអតិថិជន និងអាជីវកម្មរបស់លោកអ្នក
ជាការពិតណាស់ ប្រសិនបើលោកអ្នកខកខានក្នុងការធ្វើទីផ្សារផ្សព្វផ្សាយពីអាជីវកម្មរបស់លោកអ្នកនោះ មិនយូរទេ អតិថិជនទាំងចាស់ទាំងថ្មីរបស់លោកអ្នកប្រាកដជាភ្លេចពីស្ថាប័ន ឬអាជីវកម្មរបស់លោកអ្នកជាក់ជាពុំខាន។ បន្ថែមពីនេះទៀត លោកអ្នកក៏អាចប្រើប្រាស់ការធ្វើទីផ្សារជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការជូនដំណឹងទៅកាន់អតិថិជនរបស់លោកអ្នកអំពីផលិតផល ឬសេវាកម្មថ្មីរបស់លោកអ្នក ប្រូម៉ូសិនពិសេស ដែលអាជីវកម្មលោកអ្នកកំពុងមាន ឬក៏កម្មវិធីពិសេសណាមួយ ដែលលោកអ្នកគ្រោងនឹងប្រារព្ធនាពេលខាងមុខជាដើម។
៤. មូលហេតុទី៤៖ ការធ្វើទីផ្សារ ជួយជម្រុញដល់ការលក់របស់លោកអ្នក
គុណតម្លៃដែលលោកអ្នកពុំគួរមើលរំលងពីការធ្វើទីផ្សារនោះគឺ វានឹងជួយជម្រុញដល់ការលក់របស់លោកអ្នកឲ្យមានកំណើនជាងមុន។ ជាក់ស្តែងនៅពេលដែលអតិថិជនរបស់អ្នកបានទទួលនូវព័ត៌មានសំខាន់ៗពីផលិតផល ឬសេវាកម្មរបស់អាជីវកម្មលោកអ្នកហើយ ពួកគេនឹងមានរារែកក្នុងការជាវ និងប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់លោកអ្នកឡើយ។ លើសពីនេះទៅទៀត ពួកគេក៏អាចក្លាយជាមធ្យោបាយក្នុងការផ្សព្វផ្សាយឲ្យអាជីវកម្មរបស់លោកអ្នកផងដែរ តាមរយៈការជជែក និងណែនាំពីមាត់មួយទៅមាត់មួយ (Words of Mouth) ទៅកាន់ក្រុមមនុស្សផ្សេងទៀតដែលពួកគេស្គាល់៕