១. មិនបានកំណត់អត្តសញ្ញាណរបស់អតិថិជនគោលដៅបានត្រឹមត្រូវ
ការកំណត់អត្តសញ្ញាណរបស់អតិថិជន គឺតម្រូវឲ្យអ្នកចំណាយពេលវេលាជាច្រើនដើម្បីធ្វើការស្រាវជ្រាវ អំពីចំណង់ចំណូលចិត្តក៏ដូចជាទំនោរនៃការប្រើប្រាស់របស់ពួកគេ។ ជាងនេះទៅទៀត អ្នកក៏ត្រូវពិចារណាទៅលើកត្តាមួយចំនួនទៀតផងដែរ រួមមាន តើនរណាគឺជាអតិថិជនគោលដៅរបស់អ្នក”? តើនរណាដែលអាចមើលឃើញការផ្សព្វផ្សាយនៃផលិតផលអ្នក? តើផលិតផលរបស់អ្នកនឹងជួយ ឬអាចដោះស្រាយអ្វីបានខ្លះ ដល់អតថិជន?តើទំហំនៃការប្រកួតប្រជែងនៅលើទីផ្សារបច្ចុប្បន្ននេះស្ថិតក្នុងកម្រិតណា?ជាដើម។
នៅពេលដែលអ្នកបានកំណត់ អត្តសញ្ញាណរបស់អតថិជនរួច និងមានគំនិតក្នុងការធ្វើទីផ្សារបែបនេះហើយ អ្នកត្រូវចាប់ផ្ដើមបង្កើតជារឿងរ៉ាវ ការស្ទង់មតិ ឬវីដេអូផ្សេងៗ ដើម្បីវាស់ស្ទង់មើល ពីចំណាប់អារម្មណ៍ ទម្លាប់ និងការសម្រេចចិត្តទិញរបស់អតិថិជន។ ដូចនេះ ការយល់ដឹងច្បាស់អំពីអតិថិជនគោលដៅ និងទំនោររបស់អ្នកប្រើប្រាស់ នឹងធ្វើឲ្យការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកទទួលបានជោគជ័យ។
២. ការកំណត់ទីតាំងពុំបានច្បាស់លាស់(Unclear Positioning)
ប្រសិនបើអ្នកមិនបានដឹងច្បាស់ថាអ្នកចង់ផ្ដល់អ្វីទៅកាន់អតិថិជនទេនោះ តើធ្វើយ៉ាងណាទើបអ្នកអាចបង្ហាញពីគុណតម្លៃ និងលក្ខណៈពិសេសនៃអាជីវកម្មរបស់អ្នកបានទៅ? ព្រោះអតិថិជនមិនមែនសុខៗគាត់ចុចចូលមើលទំព័រហ្វេសបុក ឬគេហទំព័ររបស់អ្នកនោះទេ ទាល់តែពួកគេដឹងអំពីអាជីវកម្ម ថាតើអាជីវកម្មរបស់អ្នកនេះអាចជួយ និងអាចដោះស្រាយអ្វីដល់ពួកគេបានខ្លះ ទើបពួកគេព្យាយាមស្វែងរកអ្នក។ ហើយពេលខ្លះទៀតគឺមានភាគតិចណាស់ដែលអតិថិជនដែលមានសក្ដានុពលរបស់អ្នកចង់ចុចមើលលើការផ្សព្វផ្សាយរបស់អ្នក តែភាគច្រើនអាចនឹងចេញពីគេហទំព័ររបស់អ្នកច្រើនជាង ដោយសារតែពួកគេមិនបានដឹងច្បាស់អំពីអ្វីដែលអ្នកនឹងផ្ដល់ឲ្យនោះឯង។ ដូចនេះ អ្នកគប្បីកំណត់ទីតាំងអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់ ទាំងគោលបំណង ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ ក៏ដូចជាដៃគូប្រកួតប្រជែងរបស់អ្នកជាដើម។
៣. ពុំមានកញ្ចប់ថវិកាគ្រប់គ្រាន់
ពេលខ្លះបើទោះបីជាអ្នកមានគំនិតអស្ចារ្យ បានរៀបចំលំហូរការងារនៃការចាប់ផ្ដើមយុទ្ធនាការទីផ្សារនោះហើយក៏ដោយ ប្រសិនបើអ្នកកញ្ចប់ថវិកាតិចពេក នោះការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកប្រាកដជាបរាជ័យដដែល៖
- ការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកនឹងមានវត្តមានបានតែមួយរយៈពេលខ្លី ឬអាចនឹងបញ្ឈប់ពាក់កណ្ដាលទី ដោយសារតែខ្វះខាតថវិកាក្នុងការធ្វើបន្តទៀត។ជាហេតុធ្វើយុទ្ធនាការរបស់អ្នកនេះមិនត្រឹមតែខាតពេលវេលា ថែមទាំងមិនអាចរករកចំណូលត្រឡប់មកវិញបាននោះទេ។
ដូចនេះ ប្រសិនបើអ្នកចង់ធ្វើឲ្យយុទ្ធនាការទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគប្បីថ្លឹងថ្លែងឲ្យវាមានភាពស្មើរគ្នា រវាងគោលដៅយុទ្ធនាការដែលអ្នកចង់ធ្វើ និងថវិកាដែលអ្នកកំពុងតែមានកាន់នៅនឹងដៃនេះ ចៀសវាងធ្វើលើសហួសមាឌ វាអាចបណ្ដាលឲ្យអ្នកបរាជ័យ។
៤. បង្កើតសារខុស ទៅកាន់ Audience របស់អ្នក (You Create the wrong messages of your audience)
យុទ្ធនាការទីផ្សាររបស់អ្នកបរាជ័យអាចបណ្ដាលមកពី សារដែលអ្នកបង្កើត នោះធ្វើឲ្យមនុស្សមិនចាប់អារម្មណ៍ អានមិនយល់ថាអ្នកចង់លក់អ្វី ចង់ផ្សាយពីអ្វី ឬជាប្រភេទសារធម្មតាៗ ដែលអាជីវកម្មណាក៏ប្រើជាដើម (unclear Call to action)។ ដូចនេះអ្នកគួរតែបង្កើតសារបែបណាឲ្យមានភាពទាក់ទាញ ងាយអាន ងាយយល់ និងមានខុសប្លែកពីគេ ដើម្បីធ្វើឲ្យមនុស្សពេលបានឃើញឬអានសារនេះហើយចង់ទិញ ឬចង់ដឹងបន្ថែមពីផលិតផលរបស់អ្នក។ ហើយដើម្បីអាចធ្វើបែបនេះបាន រាល់ពេលដែលអ្នកធ្វើយុទ្ធនាការទីផ្សារនេះ អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកបានដឹងច្បាស់អំពីអត្តសញ្ញាណនិងបុគ្គលិកលក្ខណៈរបស់អតិថិជនគោលដៅរបស់អ្នក។
៥. មិនមានភាពលេចធ្លោ
ដើម្បីអាចធ្វើឲ្យយុទ្ធនាការទីផ្សាររបស់អ្នកអាចទៅមុនបានរលូនបាននោះគឺ បង្កើតនូវយុទ្ធនាការមួយដែលប្លែក គួរឲ្យចាប់អារម្មណ៍ និងបង្កប់នូវសារនៃអាជីវកម្មរបស់អ្នកនៅក្នុងនោះដែរ។ ចៀសវាងការបង្កើតយុទ្ធនាការដដែលៗ វិធីសាស្ត្រដដែលៗ ឬជាយុទ្ធនាការដែលក្រុមហ៊ុនជាច្រើនបានប្រើរួចហើយជាដើម។ ភាពដដែលៗនឹងធ្វើឲ្យមនុស្សឆាប់ណាយចិត្ត និងអូសរំលងចោលនូវការផ្សព្វផ្សាយរបស់អ្នក។
៦. ពឹងផ្អែកតែទៅលើច្រកផ្សព្វផ្សាយតែមួយ
យើងមិនអាចដាក់ពងមាន់នៅក្នុងកន្រ្តកតែមួយបាននោះទេ ចំណែកឯការធ្វើទីផ្សារនោះទៀតសោតក៏ដូច្នឹងដែរ យើងគប្បីបង្កើតច្រកផ្សព្វផ្សាយឲ្យបានច្រើន មិនថានៅលើបណ្ដាញសង្គម Tik Tok, Youtube, Facebook ឬ Instagram ដើម្បីអាចឲ្យមនុស្សបានឃើញ និងស្គាល់នូវផលិតផលរបស់អ្នកឲ្យកាន់តែច្រើន។ ម្យ៉ាងវិញទៀត ដោយសារតែនៅក្នុងច្រកផ្សព្វផ្សាយនីមួយៗសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ទើបជាមូលហេតុដែលតម្រូវឲ្យអ្នកត្រូវមានច្រកផ្សព្វផ្សាយច្រើន។ចៀសវាងករណីដែលច្រកផ្សព្វផ្សាយណាមួយមិនដំណើរការ គឺអ្នកអាចនៅសល់ច្រកផ្សព្វផ្សាយផ្សេងទៀតដែលអាចជួយយឹតយោងគ្នាបាន។