ហេតុអ្វីបានជាត្រូវសរសេរផែនការធុរកិច្ច?
បច្ចុប្បន្ននេះពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបការធ្វើធុរកិច្ចមានការប្រឈមយ៉ាងខ្លាំង។បើធុរកិច្ចមិនអាចកែប្រែឲ្យមានប្រសិទ្ធភាពនិងឲ្យស្របទៅនឹងស្ថានការណ៍ដែលកើតឡើងទាំងនៅក្នុងនិងក្រៅប្រទេសបានទេ នោះឱកាសដែលធ្វើឲ្យធុរកិច្ចអាចដំណើរការបានរហូតដល់ត្រើយដើម្បីសម្រេចគោលដៅដែលបានកំណត់នោះក៏មិនមែនជារឿងងាយស្រួលដែរ។ដូច្នេះរឿងដែលសំខាន់បំផុតក្នុងការធ្វើធុរកិច្ចនោះគឺ ការរៀបគម្រោងឲ្យបានគ្រប់គ្រាន់និងមានការវាយតម្លៃដើម្បីមើលថាតើអ្វីដែលបានដំណើរការទៅនោះវាស្របទៅនឹងគម្រោងដែរឬទេ?តើវាកំពុងឆ្ពោះទៅកាន់ទិសដៅដែលយើងចង់បានហើយឬនៅ?បើធុរកិច្ចណាមិនបានធ្វើផែនការឲ្យបានល្អទេ ឬគ្មានការគ្រប់គ្រង ឬមិនបានកំណត់ការវាយតម្លៃលទ្ធផលនៃដំណើរការប្រកបដោយប្រសិទ្ធភាពទេនោះ ទីបំផុតធុរកិច្ចនោះនឹងមិនអាចដំណើរការបានជាបន្តទៀតបានឡើយ។
ដើម្បីការពារកុំឲ្យរឿងមិនល្អទាំងនេះកើតឡើងក្នុងការធ្វើធុរកិច្ចនោះ អ្នកធុរកិច្ចឬអ្នកដែលបម្រុងនឹងធ្វើធុរកិច្ចចាំបាច់ត្រូវតែយកគំនិតដែលបានរៀបចំជាប្រព័ន្ធយ៉ាងល្អ និងទិន្នន័យផ្សេងៗដែលបានស្រាវជ្រាវមកដាក់បញ្ចូលគ្នាដែលយើងហៅថា“ផែនការធុរកិច្ច Business Plan”ដើម្បីធ្វើជាវិធីឬផែនទីដើម្បីឲ្យធុរកិច្ចនាពេលអនាគតអាចឈរជើងបានយូរ។
មនុស្សជាច្រើនអាចនឹងឆ្ងល់ថា ហេតុអ្វីទើបយើងត្រូវសរសេរផែនការធុរកិច្ច?ចម្លើយដែលងាយតែមានន័យដែលអ្នកជំនាញផ្នែកសរសេរផែនការធុរកិច្ចភាគច្រើនបាននិយាយគឺថា ការសរសេរផែនការធុរកិច្ចជា ការបង្ហាញនូវទិន្នន័យសំខាន់ៗដែលបានប្រមូលមកពីការស្រាវជ្រាវ ការវិភាគ និងការប៉ាន់ស្មានស្ថានការណ៍ដើម្បីប្រើជាវិធីក្នុងការធ្វើធុរកិច្ច។ រឿងដែលសំខាន់បំផុតនៃការសរសេរផែនការធុរកិច្ចគឺ បង្ហាញឲ្យឃើញពីសក្តានុពលរបស់ធុរកិច្ចដែលកំពុងដំណើរការ ដើម្បីរកដើមទុនមកធ្វើធុរកិច្ចបន្ថែម។
បើចង់ឲ្យនិយាយពីវត្ថុបំណងនៃការសរសេរផែនការធុរកិច្ចឲ្យចំៗនោះ យើងអាចសរុបបានថា៖
១. យើងត្រូវសរសេរផែនការធុរកិច្ចដើម្បីប្រាប់អំពីគោលដៅនិងដំណាក់កាលដែលត្រូវធ្វើដើម្បីសម្រេចគោលដៅទាំងនោះ។
២. យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយអភិវឌ្ឍសមត្ថភាពផ្នែកគ្រប់គ្រងដោយឲ្យអ្នកធុរកិច្ចបានហ្វឹកហាត់ពីវិធីគិត និងវិធីកែប្រែស្ថានការណ៍ល្អនិងមិនល្អដែលកើតឡើងចំពោះធុរកិច្ចរបស់ខ្លួន។
៣. យើងត្រូវមានផែនការធុរកិច្ចដើម្បីឲ្យអ្នកធុរកិច្ចធ្វើធុរកិច្ចដែលមានបែបផែននិងមានភាពជាអ្នកជំនាញ។
៤. យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយរកឧបសគ្គដែលវិនិយោគិនអាចនឹងជួបក្នុងកំឡុងពេលធ្វើធុរកិច្ច និងជួយឲ្យអ្នកវិនិយោគអាចត្រៀមខ្លួនទប់ស្កាត់ជាមួយនឹងបញ្ហាទាំងនោះបានយ៉ាងល្អ។ក្រៅពីនេះការសរសេរផែនការធុរកិច្ចអាចជួយឲ្យវិនយោគិនមានទំនាក់ទំនងល្អជាមួយនឹងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកច្បាប់ គណនេយ្យករ អ្នកត្រួតពិនិត្យបញ្ជី ទីប្រឹក្សាធុរកិច្ច និងក្រុមបុគ្គលផ្សេងៗទៀត។
ជារួមការសរសេរផែនការធុរកិច្ចមុនពេលនឹងចាប់ផ្ដើមចូលប្រឡូកអាជីវកម្មដោយខ្លួនឯង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះការធ្វើបែបនេះអាចធ្វើឲ្យយើងដឹងថាធុរកិច្ចដែលយើងបានជ្រើសរើសនោះពិតជាល្អមែនឬអត់ មានភាពរីកចម្រើនឬអត់។ហើយចំពោះគំនិតនៃការសរសេរនេះបានដកស្រង់ចេញពីសៀវភៅវិធីសរសេរផែនការធុរកិច្ច។