មានមនុស្សមិនតិចទេកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនចាប់អារម្មណ៍ធ្វើជាភ្នាក់ងារអចលនវត្ថុ ដោយសារតែ៖
- គិតថាអាចរកបានចំណូលច្រើនព្រោះតែបានប្រាក់កម្រៃជើងសារពីការលក់ផ្ទះនិងដីខ្ពស់
- មិនចាំបាច់មានដើមទុនវិនិយោគ ក៏អាចរកចំណូលពីវិស័យមួយនេះ
- ភាគច្រើនគិតថាវាជាវិស័យដែលងាយស្រួលរកលុយខ្លាំង និងឆាប់ក្លាយជាអ្នកមាន
គំនិតខាងលើនេះអាចនឹងត្រូវខ្លះដែរ ប៉ុន្តែជាក់ស្តែង ភាគច្រើនតាមអ្វីដែលខ្ញុំបានសង្កេតឃើញ អ្នកចូលក្នុងវិស័យនេះតិចតួចប៉ុណ្ណោះដែលអាចជោគជ័យ ហើយបើនិយាយជារួម មិនដល់១០%ផងដែលកាក់កប។ ការចូលក្នុងវិស័យអចលនវត្ថុមិនប្រាកដថាធ្វើឲ្យអ្នកគ្រប់គ្នាជោគជ័យ និងរកលុយបាននោះទេ។ អ្នកខ្លះរកបានមួយរយៈពេលដែលទីផ្សារកំពុងផ្ទុះខ្លាំង ងាយស្រួលទិញលក់ និងមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវ តែអ្វីដែលពួកគេរកបាន ក៏បាត់បង់ទៅវិញយ៉ាងឆាប់រហ័សដោយសារតែពួកគេគឺជាអ្នកដែលមិនមានចំណេះដឹងជំនាញ ហើយជាមនុស្សពឹងផ្អែកខ្លាំងលើព្រេងវាសនា។
នៅពេលដែលទីផ្សារមានភាពងាយស្រួល ម្នាក់ៗអាចនឹងគិតថា ពួកគេគឺជាភ្នាក់ងារដ៏អស្ចារ្យ ដោយសារតែគេអាចលក់ផ្ទះដីបាន ជួយលក់បងប្អូនបាន ជួយលក់អ្នកស្គាល់បាន ហើយអ្នកខ្លះក៏បានឈានទៅចាប់អាជីពនេះពេញម៉ោង ឬក៏បើកក្រុមហ៊ុនផ្តល់សេវាកម្មនេះដោយខ្លួនឯងដោយសារតែគេគិតថាវាងាយស្រួលណាស់។ តែសម្រាប់ខ្ញុំវិញ គ្រាន់តែចេះលក់ និងអាចលក់បានក្នុងពេលទីផ្សារកំពុងពុះកញ្ច្រោល មិនប្រាកដថាម្នាក់នោះគឺជាភ្នាក់ងារអចលនវត្ថុដ៏ចំណាននោះទេ។ ភ្នាក់ងារចំណាន និងអស្ចារ្យម្នាក់ គឺជាអ្នកដែលអាចដោះស្រាយការទិញលក់បានទោះក្នុងកាលទេសៈណាក៏ដោយ គឺជាអ្នករកដំណោះស្រាយនៅពេលដែលមានជួបបញ្ហាទោះជាស្មុគស្មាញកម្រិតណាក៏ដោយ ហើយគឺជាមនុស្សម្នាក់ដែលមានភាពបុរេសកម្ម ជារួម ម្នាក់នោះគឺជាអ្នកដែលមានជំនាញ មានចំណេះដឹងទូលំទូលាយក្នុងការជួយរកវិធីជួយអតិថិជនបែបជំនាញវិជ្ជាជីវៈ។ សរុបមកវិញ ភ្នាក់ងារដែលអស្ចារ្យ គឺ៖
- ដឹងពីដំណើរការទាំងមូលនៃការទិញលក់ ទាំងរូបភាពធំ និងកិច្ចការលម្អិត
- មានចំណេះដឹងជ្រៅជ្រះនៅក្នុងជំនាញរបស់គេ ហើយពូកែដោះស្រាយបញ្ហា
- មានចំណេះដឹងពីច្បាប់ដែលពាក់ព័ន្ធ និងដឹងពីហានិភ័យ
- ដឹងពីឥរិយាបថអតិថិជន
- ជាមនុស្សដែលតែងតែអភិវឌ្ឍខ្លួនឯងជានិច្ច
- ជាមនុស្សទាន់សម័យកាល និងតាមទំនោរនៃការរីកចម្រើនបច្ចេកវិទ្យា
- មានបេះដូង ចាត់ទុកអតិថិជន និងក្រុមការងារដូចជាបងប្អូន
- មានបទពិសោធន៍ក្រាស់ក្រែល ជាមនុស្សធន់ និងជាមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន
- ជាមនុស្សដែលមានក្រមសីលធម៌ ភាពស្មោះត្រង់ ហើយមានគុណតម្លៃ ដោយការពារផលប្រយោជន៍អតិថិជន ។ល។
ដោយសារតែការមានគុណសម្បត្តិទាំងប៉ុន្មានខាងលើនេះមិនមែនជារឿងងាយស្រួលនោះទេ ធ្វើឲ្យអ្នករកស៊ីក្នុងវិស័យនេះតិចតួចប៉ុណ្ណោះដែលអាចឈរជើងបានយូរឆ្នាំ និងអាចផលយូរអង្វែងពីអាជីពមួយនេះ។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលពិតជាស្រឡាញ់ មោះមុត និងខិតខំរៀន និងអភិវឌ្ឍជាប់ជានិច្ច អាជីពមួយនេះ គឺជាអាជីពមួយដែលអាចនាំឱកាសមកយើងបានយ៉ាងច្រើនផងដែរ។