អ្នកវិទ្យាសាស្រ្តមិនទាន់បានបញ្ចាក់អោយបានច្បាស់នៅឡើយទេថា តើហេតុអ្វីបានជាមនុស្សយើងត្រូវការដេក។ ប៉ុន្តែពួកគេបានប្រាកដច្បាស់ថា មនុស្សរាល់គ្នាត្រូវការទទួលទានដំណេកជាដាច់ខាត។ មនុស្សអាចរស់រានមានជីវិតបានយូរជាងប្រសិនបើពួកគេមិនបានបរិភោគអាហារ បើប្រៀបធៀបនឹងអ្នកដែលមិនបានទទួលទានដំណេក។ ហើយមិនមែនតែមនុស្សទេដែលត្រូវការដំណេកនោះ ឋនិកសត្វ ល្មូន និងបក្សីទាំងអស់នៅលើលោកយើងនេះក៏ត្រូវការផងដែរ។
អ្នកវិទ្យាសាស្ត្របានលើកឡើងនូវទ្រឹស្តីជាច្រើនស្តីពីហេតុផលដែលមនុស្សយើងត្រូវការទទួលទានដំណេកដូចខាងក្រោមនេះ៖
– ខួរក្បាលរបស់មនុស្សយើងសម្រាកនៅពេលដែលយើងគេងលក់។ ពេលនេះគឺជាពេលដែលខួរក្បាលអាចឈប់ដំណើរការជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុលនូវកោសិកាប្រសាទ និងធ្វើអោយសកម្មឡើងនូវប្រព័ន្ធកោសិកាប្រសាទដែលសំខាន់ដែលអាចនឹងខូតខាតដោយសារតែកង្វះខាតនៃចលនា។
– ដំណេកធ្វើអោយខួរក្បាលមានឱកាសរៀបចំរាល់ទិន្នន័យឡើងវិញដើម្បីជួយស្វែងរកនូវដំណោះស្រាយ និងរៀបចំទុកដាក់រាល់ពត៌មានដែលយើងទើបតែទទួលបានទៅតាមផ្នែកក្នុងខួរក្បាលរបស់យើង។
– ដំណេកបានកាត់បន្ថយការប្រើប្រាស់ថាមពល និងល្បឿនមេតាប៉ូលីស(Metabolic rate)របស់មនុស្ស។
-ប្រព័ន្ធសរសៃឈាមនិង បេះដូងក៏បានសម្រាកផងដែរនៅពេលដែលយើងគេងលក់។ ការស្រាវជ្រាវបានរកឃើញថា សម្ពាធឈាមរបស់មនុស្សនឹងថយចុះពី២០%-៣០% ចំពោះមនុស្សដែលមានសម្ពាធឈាមធម្មតា និងសម្ពាធឈាមខ្ពស់ ហើយជាមួយគ្នានោះ ចង្វាក់លោតរបស់បេះដូងក៏មានការថយចុះពី១០%-២០% ផងដែរ នៅពេលដែលយើងគេងលក់។
– នៅពេលដែល គេងលក់ សារពាង្គកាយរបស់មនុស្សមានឱកាសធ្វើការផ្លាស់ប្តូរនូវសារធាតុគីមី និងធ្វើការជួសជុលរាល់សាច់ដុំ ជាលិកា និងកោសិកាណាដែលខូច និងងាប់។
-សម្រាប់ក្មេងៗ និងមនុស្សវ័យជំទង់ អ័រម៉ូនដែលចំបាច់សម្រាប់ការលូតលាស់នៃសារពាង្គកាយត្រូវបានបញ្ចេញនៅពេលដែលពួកគេគេងលក់។
ដូចដែលបានរៀបរាប់ខាងលើនេះ ដំណេកពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប។ ហើយពេលវេលានៃការចូលគេង និងការភ្ញាក់គឺអាស្រ័យទៅនឹងទម្លាប់របស់មនុស្សម្នាក់ៗ។ ការចូលគេងទៀងទាត់ពេលវេលា និងធ្វើអោយ ដំណេករបស់អ្នកមានគុណភាពកាន់តែប្រសើរព្រមទាំងមានសុខភាពល្អ។ ផ្ទុយទៅវិញ ការចូលគេងមិនទៀងទាត់ពេលវេលា ធ្វើអោយអ្នកប្រឈមមុខនឹងបញ្ហាសុខភាពផ្សេងៗ។ ដូចនេះ សូមរៀបចំពេលលាចូលគេងអោយបានទៀងទាត់ ដើម្បីជីវិតកាន់តែប្រសើរ។