អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា បច្ចុប្បន្ននេះចំនួនមនុស្សបាក់ទឹកចិត្ត និងអស់សង្ឃឹមនោះគឺមានច្រើន ដែលភាគច្រើនគឺសុទ្ធតែយុវវ័យ។ ដោយសារតែយុវវ័យគឺជាវ័យមួយដែលឆាប់ទោរទន់ ឆាប់រឹងមាំហើយក៏ឆាប់ទន់ជ្រាយហើយពួកគេនៅត្រូវប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនទៀត មិនថាការសិក្សា ការងារ គ្រួសារ ស្នេហា ឬមួយក៏នៅក្នុងសង្គមនោះទេ គឺពួកគេត្រូវទទួលរ៉ាប់រងស្ទើរតែទាំងអស់ ដែលនេះជាមូលហេតុធ្វើឲ្យពួកគេម្ដងមានកម្លាំងចិត្ត ម្ដងបាក់ទឹកចិត្ត ម្ដងអស់សង្ឃឹមនៅក្នុងជីវិតរបស់ពួកគេ។
ខណៈពេលដែលកំពុងតែជួបបញ្ហាណាមួយពួកគេមិនត្រូវការអ្វីច្រើននោះទេ ពួកគេសុំត្រឹមកម្លាំងចិត្ត ការគាំទ្រនិងការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនតែប៉ុណ្ណោះ ដើម្បីជួយឲ្យពួកគេមានកម្លាំងចិត្តខិតខំប្រឹងប្រែងបន្តទៀត ជាពិសេសគឺជួយឲ្យពួកគេមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងគឺវានឹងមិនអី វានឹងល្អឡើងវិញនាបន្តិចទៀតនេះ អ្វីៗគ្រប់យ៉ាងវានឹងអាចដោះស្រាយបានម្ដងបន្តិចៗ ហើយពួកគេអាចធ្វើវាបានជោគជ័យនាពេលខាងមុខ។
នៅក្នុងភាពជាយុវវ័យគឺពួកគេពោរពេញទៅដោយកម្លាំងហានក្លា ហ៊ានប្រថុយ ហ៊ានសាកល្បង ដើម្បីចង់ដឹងចង់ឮពីអ្វីដែលថ្មីៗ ប៉ុន្តែបើនិយាយពីសមត្ថភាពនៃការគ្រប់គ្រងអារម្មណ៍របស់ពួកគេវិញគឺនៅមានកម្រិតទាបនៅឡើយទេ។ភាគច្រើនយុវវ័យ ពេលដែលជួបជាមួយនឹងបញ្ហាឬការបរាជ័យម្ដងជាពីរដង ពួកគេក៏ចាប់ផ្ដើមរៀងចាល ឬបាក់ស្បាតលែងហ៊ានធ្វើ ជាពិសេសនោះអាចឈានទៅរកការធ្លាក់ទឹកចិត្ត ការរស់នៅជាមួយនឹងភាពហ្មងសៅ រស់នៅជាមួយនឹងអតីតកាល ដោយសារតែកំហុសខ្លួននិងការបរាជ័យបន្តិចបន្តួចនោះ។ ដូចនេះអ្វីដែលអាចជួយពួកគេឲ្យមានភាពក្លាហាន និងភាពស្រស់ស្រាយដូចមុនបានគឺ ពាក្យលើកទឹកចិត្តរបស់អ្នកនេះឯង កុំកំណាច់នឹងពាក្យលើកទឹកចិត្ត ហើយក៏កុំនិយាយពាក្យដែលមិនសមគួរ ពាក្យគំរោះគំរើយខណៈពេលដែលពួកគេបាក់ទឹកចិត្តដែរ ព្រោះពួកគេអាចនឹងគិតថា ពាក្យអវិជ្ជមានដែលអ្នកបាននិយាយនោះ អាចជាពាក្យមួយដែលសមហេតុផលនឹងធ្វើទៅវិញ។
ដូចនេះការលើកទឹកចិត្តវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងគ្រប់គ្នា ព្រោះវាអាចជួយយើងឲ្យមានកម្លាំងចិត្តក្នុងការបន្តដំណើរឆ្ពោះទៅរកគោលដៅ និងក្ដីសុបិនរបស់យើង។កុំភ្លេចចែករំលែកពាក្យលើកទឹកចិត្តទៅកាន់មនុស្សជុំវិញខ្លួនផងណា៎!