មុខរបរជាកសិករធ្វើស្រែដាំស្រូវត្រូវបានប្រទេសជាច្រើនចាត់ទុកជា ឆ្អឹងខ្នងរបស់ប្រទេសជាតិ ជាឃ្លាំងអាហាររបស់ប្រជាជននៅលើពិភពលោក តែសម្រាប់ជីវភាពរបស់ពូកគាត់វិញ បែរជាមានខុសប្លែកគ្នាតាមប្រទេសនីមួយៗ ។នៅក្នុងអត្ថបទនេះយើងនឹងអធិប្បាយអំពីកសិករជាជនជាតិជប៉ុនដែលទទួលបានជោគជ័យនៅក្នុងការប្រកបអាជីពជាកសិករដាំស្រូវ ហើយមានជីវភាពធូរធារ។
តាមស្ថិតិមានកសិករជប៉ុនប្រមាណ ២៣លាននាក់ ស្មើនឹង ២២ភាគរយនៃចំនួនប្រជាជនសរុប ហើយមានចំនួនស្មើនឹងបុគ្គលិកដែលមានប្រាក់ខែមធ្យមដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗនៅក្នុងប្រទេសជប៉ុន។ការធ្វើស្រែក្នុងមួយឆ្នាំ ប្រជាកសិករម្នាក់អាចទទួលបានកម្រៃដល់ទៅ ៨លានយេន ឬប្រហែល ៧.៣ម៉ឺនដុល្លារអាមេរិក។
តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យកសិករជប៉ុនក្លាយជាអ្នកមានបាន?
១ ហេតុផលដែលធ្វើឲ្យប្រជាជនជប៉ុនមានចំណូលច្រើនដល់ថ្នាក់នេះគឺព្រោះតែពួកគេគេមើលមុខរបរធ្វើស្រែចំការជាការធ្វើពាណិជ្ជកម្ម ដូចនេះធ្វើឲ្យពួកគេមានភាពជាពាណិជ្ជករខ្ពស់ជាងមុន ។ពួកគេមានការចាត់ចែងការងារដើម្បីកាត់បន្ថយដើមទុន រួមជាមួយនឹងការកែច្នៃផលិតផល ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។ពួកគេចេះរៀបចំផែនការដើម្បីផលិតស្រូវឲ្យបានគ្រប់រដូវកាល មានការផលិតស្រូវតាមបែបទាន់សម័យដែលជាបច្ច័យមួយធ្វើឲ្យកសិករជប៉ុនកាត់បន្ថយថ្លៃដើមការផលិតបាន។ ដូចនេះ ការផ្តល់ចំណេះដឹងដល់កសិករឲ្យយល់ដឹងពីការចាត់ចែងដើមទុន និងចំណេះដឹងក្នុងការធ្វើស្រែបែបទាន់សម័យមានសារៈសំខាន់ណាស់អាចជួយឱ្យពួកគាត់បង្កើនចំណូលបានយ៉ាងច្រើន។
២ អ្នកស្រែនៅក្នុងប្រទេសជប៉ុនសម្លឹងមើលការបន្ថយដើមទុន និងបង្កើនទិន្នផលជាចម្បង ដូចជាការប្រមូលចម្បើងទុកនៅក្នុងស្រែ ដើម្បីបង្កើនជីនីត្រូសែននៅក្នុងដីដែលជាអាហារដ៏សំខាន់បំផុតឲ្យទៅកាន់ដី ។ យើងតែងតែសង្កេតឃើញថា កសិករជប៉ុនកប់ចម្បើងទៅក្នុងដីវិញ ជួយបន្ថែមជីនីត្រូសែនបានយ៉ាងតិច២០ភាគរយ ។វិធីនេះអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមក្នុងការទិញជីបានមួយផ្នែកដែរ។ដោយឡែក សម្រាប់កសិករក្នុងប្រទេសយើងវិញ បែរជាធ្វើការដុតចម្បើងនៅក្នុងស្រែ ដោយពូកគាត់ជឿថា កម្តៅបានធ្វើឲ្យស្មៅក្នុងស្រែ និងមេរោគក្នុងដីងាប់ ឬគិតថាការដុតចម្បើងធ្វើឲ្យស្រូវទទួលបានទិន្នផលច្រើន។ វាអាចជាការពិតនៅក្នុងពេលដំបូង តែវាមានប្រសិទ្ធិភាពក្នុងពេលខ្លីៗនេះតែប៉ុណ្ណោះ។
៣ កសិករជប៉ុនយកចិត្តទុកដាក់ក្នុងការឲ្យជីធម្មជាតិទៅក្នុងស្រែដើម្បីបង្កើនជីវជាតិនៅក្នុងដីនោះ ហើយពួកគេប្រើប្រាស់ជីគីមីនៅពេលដែលចាំបាច់ខ្លាំងតែប៉ុណ្ណោះ ។ ជាងនេះទៅទៀត កសិករជប៉ុនមានការរៀបចំប្រព័ន្ធទឹកបានល្អប្រសើរ ដោយពូកគេបង្ហូតទឺកចូលស្រែនៅក្នុងពេលដែលស្រូវត្រូវការទឹកតែប៉ុណ្ណោះ ដែលខុសប្លែកពីកសិករយើងដែលគិតថា ដើមស្រូវត្រូវការទឹកច្រើនគ្រប់ពេលវេលា។
៤ ចំនុចសំខាន់នៃការធ្វើស្រែរបស់ជនជាតិជប៉ុនគឺ ការប្រើប្រាស់បច្ចេកទេសស្ទើរតែគ្រប់ដំណាក់កាលនៃការធ្វើស្រូវ ដូចជាការប្រើប្រាស់ដ្រូនក្នុងការបាចជី បាចថ្នាំសម្លាប់សត្វល្អិត និងសិក្សាពីការលូតលាស់របស់ស្រូវ , ប្រើប្រាស់គ្រឿងចក្រក្នុងការរាស់,ស្ទូង,ច្រូតស្រូវជាងដើម។ជាងនេះទៅទៀត រដ្ឋាភិបាលផ្តល់ភាពសំខាន់និងជួយជំរុញក្នុងការដាំដំណាំស្រូវដូចជាការធ្វើការស្រាវជ្រាវអំពីបច្ចេកទេសដាំស្រូវ រៀបចំប្រព័ន្ធទឹកដែលត្រូវប្រើក្នុងការដាំស្រូវឲ្យមានបរិមាណតិចបំផុតហើយទទួលបានទិន្នផលខ្ពស់បំផុត ការផលិតគ្រាប់ស្រូវដែលធន់ជាមួយការប្រែប្រូលអាកាសធាតុ មានទិន្នផលខ្ពស់ជាដើម។