spot_img
spot_img
Homeអនុវត្តន៍ហេតុអ្វីអ្នកគួរតែធ្វើការតិចហើយចំណាយពេលច្រើនទៅលើការគិតច្នៃប្រឌិត

ហេតុអ្វីអ្នកគួរតែធ្វើការតិចហើយចំណាយពេលច្រើនទៅលើការគិតច្នៃប្រឌិត

-

      ធ្វើការតិចនៅត្រង់នេះមិនមែ​នមានន័យថា ចង់ឲ្យអ្នកខ្ជិលធ្វើការ ចង់ឲ្យអ្នកអង្គុយលេងឥតប្រយោជន៍ ឬ ឲ្យអ្នកធ្វើការឲ្យតែរួចតែពីដៃនោះទេ ក៏ប៉ុន្តែចង់ឲ្យអ្នកចំណាយពេលវេលាណាមួយសមស្របបន្ទាប់ពីបញ្ចប់ការងាររបស់អ្នក ដើម្បីទៅធ្វើការងារច្នៃប្រឌិត ឬ គិតពីអ្វីដែលថ្មី ប្លែកមួយចំនួនដើម្បីជួយពង្រីកនូវចំណេះដឹងរបស់អ្នកឲ្យកាន់តែអស្ចារ្យ និងលេចធ្លោជាងមុន។ជាពិសសការច្នៃប្រឌិតនឹងជួយអ្នកឲ្យធ្វើការបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់។

ពេលខ្លះអ្នកបានចំណាយពេលយ៉ាងច្រើនទៅលើការអង្គុយធ្វើការនៅនឹងតុការិយាល័យ ប៉ុន្តែលទ្ធផលដែលទទួលបានគឺសឹងតែគ្មានតែម្ដង ព្រោះទី១ អាចមកពីអ្នកនៅពុំទាន់មានគំនិតផ្ដួចផ្ដើមនៅឡើយដោយសារតែអ្នកពុំមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកគំនិតថ្មីៗ ឬពិភាក្សាគ្នាជាមួយសមាជិកក្រុម ទី២អាចបណ្ដាលមកពីអ្នកពុំទាន់ចេះពីរបៀបចាត់ចែងពេលវេលាធ្វើការ។ ដូចនេះការធ្វើការងារតិចមិនមែនសុទ្ធតែមិនល្អនោះទេ ព្រោះយើងបានយកពេលវេលាដែលនៅសេសសល់នោះទៅធ្វើ និងគិតរឿងអ្វីដែលមានប្រយោជន៍ផ្សេងទៀត។ យើងធ្វើតិច តែខ្លឹម និងអាចទទួលបានលទ្ធផលល្អ។ ហើយខាងក្រោមនេះយើងនឹងប្រាប់អ្នកពីគុណប្រយោជន៍នៃការចំណាយពេលច្រើនទៅលើការច្នៃប្រឌិត៖

១. មានគំនិតច្នៃប្រឌិតខ្ពស់

      នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា សន្ទុះនៃការប្រកួតប្រជែងរបស់អាជីវកម្មនីមួយៗពិតជាមានការកើនឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យអាជីវកម្មនីមួយៗចង់បានមនុស្សដែលមានភាពប៉ិនប្រសប់ និង ឈ្លៀសវៃក្នុងការបំពេញការងារ ដូចនេះហើយទើបអាជីវកម្មនីមួយៗត្រូវការបុគ្គលិកដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានភាពវៃឆ្លាតដែលអាចបត់បែនពីស្ថានភាពអាក្រក់ទៅជាស្ថានភាពល្អ និង មានភាពរហ័សរហួន ដើម្បីជួយឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន និង មានអតិថិជនបានច្រើនជាងក្រុមហ៊ុនដទៃទៀត។

ការណ៍ដែលអ្នកធ្វើការបានច្រើនឬតិច វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺថាការងារដែលអ្នកធ្វើនោះមានប្រសិទ្ធភាព និង មានអត្ថប្រយោជន៍ដែរឬអត់ ដែលអាចជួយរុញច្រានឲ្យក្រុមហ៊ុននោះទទួលបានជោគជ័យ និង មានឈ្មោះល្បីសុសសាយនៅក្នុងសង្គម។ ដូចនេះអ្នកគួរតែចំណាយពេលឲ្យច្រើនទៅលើការគិត ការវិភាគ ដើម្បីទទួលបាននូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ព្រោះពេលណាដែលមានភាពច្នៃប្រឌិតខ្ពស់ ការងាររបស់អ្នកក៏ខ្ពស់ទៅតាមហ្នឹងដែរ។

២. មានទស្សនវិស័យវែងឆ្ងាយ

      ជាការពិតណាស់ ភាពច្នៃប្រឌិតនឹងជួយអ្នកឲ្យមានគំនិតច្រើន យល់ដឹងបានច្រើន ឆ្លាត  រហ័សរហួន និង ធ្វើឲ្យអ្នកហ៊ានជាងមុន ជាពិសេសធ្វើឲ្យអ្នកអាចប្រមើលមើលពីអនាគតកាលបានមុន។ យ៉ាងណាមិញពេលដែលអ្នកចំណាយពេលច្រើនទៅលើភាពច្នៃប្រឌិត និងចំណាយពេលស្វែងរកចម្លើយនៃសំណួររបស់អ្នក នោះកោសិកាខួរក្បាលរបស់អ្នកនឹងមានដំណើរការល្អ គិតបានលឿន ហើយឆ្លាតវៀងវៃផងដែរ ដែលជួយអ្នកឲ្យចេះគិតគូរបានវែងឆ្ងាយ និងគិតវិភាគបានល្អិតល្អន់។

៣. មានភាពជឿជាក់

ដើម្បីមានភាពជឿជាក់លើខ្លួនឯង អ្នកគួរតែរក្សា ឬ បង្កើននូវសកម្មភាពច្នៃប្រឌិតរបស់អ្នកឲ្យមានភាពរស់រវើក ព្រោះពេលណាដែលអ្នកសកម្មជាមួយនឹងការងារច្នៃប្រឌិតទាំងនោះ អ្នកនឹងដឹងពីសមត្ថភាពការគិតរបស់ខ្លួនអ្នក កាត់បន្ថយភាពភ័យខ្លាច បង្កើនភាពក្លាហាន និង មានទំនុកចិត្តជឿជាក់លើខ្លួនឯងបានកាន់តែខ្ពស់។ជាឧទាហរណ៍ បើសិនជាអ្នករៀបចំការិយាល័យធ្វើការរបស់អ្នកឲ្យមានភាពស្រស់ស្អាត មានពន្លឺគ្រប់គ្រាន់ មានក្លិនក្រអូប និង មានផាសុកភាពល្អ នោះ អ្នកនឹងបំពេញការងារ និងធ្វើផែនការមួយបានយ៉ាងល្អឥតខ្ចោះ។ ដូច្នេះ នេះគឺជាភាពច្នៃប្រឌិតមួយដែលធ្វើឲ្យអ្នកមានភាពជឿជាក់ចំពោះខ្លួនឯងទៅកិច្ចការងារទាំងនោះ ដោយសារការតុបតែង ការច្នៃប្រឌិត នៅកន្លែងធ្វើការនេះឯង។

ជារួមមក អ្នកគួរតែយកពេលដែលនៅសេសសល់បន្ទាប់ពីធ្វើការ ទៅគិតពីអ្វីដែលជួយអភិវឌ្ឍគំនិតរបស់អ្នកឲ្យមានភាពច្នៃប្រឌិតខ្ពស់ មានភាពជឿជាក់ និងមានទស្សនវិស័យច្បាស់លាស់។ ម្យ៉ាងវិញទៀត នៅក្នុងអត្ថបទនេះមិនមែនចង់ឲ្យអ្នកធ្វើការឲ្យបានតិចនោះទេ ប៉ុន្តែចង់ឲ្យអ្នកចេះចំណាយពេលទៅគិតពីអ្វីដែលថ្មីៗ ដើម្បីជួយអភិវឌ្ឍការងាររបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះ។

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ