spot_img
spot_img
Homeហិរញ្ញវត្ថុហេតុអ្វីអ្នកត្រូវតែបង្កើត Passive Income សម្រាប់ខ្លួនឯង?

ហេតុអ្វីអ្នកត្រូវតែបង្កើត Passive Income សម្រាប់ខ្លួនឯង?

-

មុននឹងស៊ីជម្រៅលើហេតុផលសំខាន់ៗមួយចំនួន អ្នកត្រូវយល់ពីអត្ថន័យនៃពាក្យ Passive Income ជាមុនសិន។ Passive Income បកជាភាសាខ្មែរ គឺ “ប្រាក់ចំណូលអកម្ម” ហើយវាសំដៅលើការរកប្រាក់ចំណូលអំឡុងពេលអ្នកគេងលក់ មានន័យថា អ្នកមិនធ្វើសកម្មភាពប្រចាំថ្ងៃក៏បាន ក៏អ្នកមានប្រាក់ចំណូលជានិច្ចសម្រាប់ខ្លួនឯងផងដែរ។ ទោះបីជាយ៉ាងនេះក្ដី មុននឹងអាចទទួលបានប្រាក់ចំណូលអកម្មនេះបាន គឺវាទាមទារឱ្យអ្នកខិតខំប្រឹងប្រែងរយៈពេលខ្លីជាមុនសិន បន្ទាប់មកទើបអ្នកអាចបញ្ឈប់ការធ្វើសកម្មភាព និងរងចាំតែទទួលបានប្រាក់ចំណេញ។ ឧទាហរណ៍ដ៏សាមញ្ញ គឺអ្នកសរសេរសៀវភៅដើម្បីលក់ ដូច្នេះអ្នកត្រូវតែចំណាយពេលវេលា និងការខិតខំប្រឹងប្រែងរហូតដល់ដំណាក់កាលសៀវភៅចាប់ផ្ដើមបោះពុម្ពលក់ជាផ្លូវការ បន្ទាប់មកអ្នករងចាំតែទទួលបានប្រាក់ចំណូលពីការលក់សៀវភៅប៉ុណ្ណោះ។

Passive Income

តើអ្នកឆ្ងល់ឬទេ ហេតុអ្វីអ្នកត្រូវតែបង្កើត Passive Income សម្រាប់ខ្លួនឯង? ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផលសំខាន់ៗមួយចំនួនដល់អ្នក។

1. ជួយអ្នកឱ្យមានពេលវេលាធ្វើរឿងច្រើន

ការបង្កើត Passive Income (ប្រាក់ចំណូលអកម្ម) សម្រាប់ខ្លួនឯង ជារឿងមានសារៈសំខាន់ខ្លាំងណាស់ ទោះបីជាវាទាមទារឱ្យអ្នកមានការខិតខំ និងនឿយហត់នៅពេលចាប់ផ្ដើមដំបូងក៏ដោយ ប៉ុន្តែអ្នកនឹងទទួលបានផលត្រឡប់មកវិញក្នុងរយៈពេលវែង ព្រមទាំងអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពលើគោលដៅបន្ទាប់ទៀតបានយ៉ាងរលូន។

2. ជួយកាត់បន្ថយក្ដីបារម្ភចំពោះអនាគតរបស់អ្នក

ជាទូទៅមនុស្សម្នាក់ៗតែងតែខ្វល់ខ្វាយអំពីផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនឯង ដូចជាការផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ការគ្រោងលុយទុកនៅពេលមានអាសន្នណាមួយ និងជាច្រើនទៀត។ លើសពីនេះ ពួកគេអាចគិតខ្វល់ច្រើនថា ប្រសិនបើថ្ងៃនេះក្រុមហ៊ុនរបស់ពួកគេមានបញ្ហា តើពួកគេនឹងមានលុយមកពីណាដើម្បីជួយជ្រោមជ្រែង ឬអាចបង្វិលបាន? ចុះប្រសិនបើពួកគេបាត់បង់ការងារនៅថ្ងៃខាងមុខ តើពួកគេមានប្រាក់ចំណូលសម្រាប់ខ្លួនឯងបែបណា? ។ល។ ទាំងនេះហើយ ដែលជាហេតុផលមួយដែលអ្នកត្រូវគិតគូរក្នុងការបង្កើតប្រាក់ចំណូលអកម្មសម្រាប់ខ្លួនឯង ដើម្បីការពារទុក្ខកង្វល់នានាផ្នែកហិរញ្ញវត្ថុ និងមានប្រាក់ចំណូលជាប្រចាំសម្រាប់ខ្លួនឯងក្នុងការផ្គត់ផ្គង់លើភាពចាំបាច់ណាមួយ ដែលអាចនឹងកើតឡើងនាថ្ងៃខាងមុខ។

3. ជួយអ្នកឱ្យមានសេរីភាពហិរញ្ញវត្ថុកាន់តែច្រើន

ជាធម្មតាទេ នៅពេលអ្នកបានខិតខំបង្កើតប្រាក់ចំណូលអកម្មសម្រាប់ខ្លួនឯងហើយ នោះអ្នកនឹងមានប្រភពចំណូលគោលមួយសម្រាប់ខ្លួនឯង បន្ទាប់មកអ្នកអាចបង្កើតប្រភពចំណូលផ្សេងទៀតបានយ៉ាងច្រើន ដោយអ្នកខិតខំព្យាយាមតែពីដំបូង និងមានភាពសុខស្រួលដើម្បីទទួលប្រាក់ចំណូលបានយ៉ាងច្រើនក្នុងរយៈពេលវែង ដោយអ្នកគ្រាន់តែធ្វើសកម្មភាពជំរុញបន្ដិចបន្តួច ឬពេលខ្លះមិនចាំបាច់ធ្វើសកម្មភាព ក៏អ្នកមានប្រាក់ចំណូលដែរ។ ទាំងនេះហើយ ជាហេតុធ្វើឱ្យអ្នកនឹងមានលុយច្រើន និងអាចឈានដល់កម្រិតមួយដែលហៅថា សេរីភាពផ្នែកហិរញ្ញវត្ថុ ព្រមទាំងអ្នកអាចយកចំណូលដែលអ្នកទទួលបាន ទៅបង្កើត ឬចំណាយលើអ្វីដែលអ្នកត្រូវការបន្ទាប់ទៀតបានយ៉ាងងាយស្រួល។

4. ជួយអ្នកឱ្យមានសមត្ថភាពផ្គត់ផ្គង់សម្រាប់គ្រួសារ

នៅពេលអ្នកមានប្រាក់ចំណូលច្រើនប្រភព ជាពិសេសមានប្រាក់ចំណូលអកម្មសម្រាប់ខ្លួនឯង នោះអ្នកនឹងមានប្រាក់ចំណូលច្រើនដូចគ្នា ជាហេតុធ្វើឱ្យអ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីជួយជាចំណែកក្នុងការផ្គត់ផ្គត់ជីវភាពសម្រាប់គ្រួសាររបស់អ្នកឱ្យកាន់តែមានស្ថានភាពល្អប្រសើរ។ ចំពោះការដែលមានសមត្ថភាពជួយផ្គត់ផ្គង់សម្រាប់គ្រួសារនេះ វាជាគោលបំណងធំសម្រាប់មនុស្សស្ទើរគ្រប់គ្នា ដូច្នេះប្រសិនបើអ្នកអាចបង្កើតប្រាក់ចំណូលអកម្មសម្រាប់ខ្លួនឯង នោះវាជារឿងដ៏ល្អបំផុត។

5. ជួយអ្នកឱ្យរក្សាបាននូវកម្លាំងចិត្ត

កម្លាំងចិត្តជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះកម្លាំងចិត្តអាចជួយស្រង់អ្នកចេញពីទុក្ខកង្វល់ និងអាចឆ្លងផុតនូវបញ្ហានានាបានល្អ ព្រមទាំងជួយជំរុញចិត្តអ្នកឱ្យបន្តសកម្មភាពដើម្បីសម្រេចនូវក្ដីស្រមៃផ្ទាល់ខ្លួន។ ហេតុដូចនេះ ការមានប្រាក់ចំណូលអកម្មផ្ទាល់ខ្លួន វាក៏ជាផ្នែកមួយដែលជួយអ្នកឱ្យរក្សានូវកម្លាំងចិត្តដើម្បីធ្វើរឿងរ៉ាវជាច្រើនទៀតសម្រាប់ខ្លួនឯង។

អ្នកត្រូវដឹងថា មនុស្សម្នាក់ដែលមានប្រភពចំណូលល្អ ហើយមិនរវល់ច្រើនជាប្រចាំជាមួយការបង្កើតប្រភពចំណូលនោះ ច្បាស់ណាស់អារម្មណ៍ពួកគេក៏មានការផ្ដោត និងស្រស់ស្រាយ ជាងអ្នកដែលខិតខំធ្វើការ ឬធ្វើសកម្មភាពជាប្រចាំថ្ងៃ ដើម្បីទទួលបានប្រាក់ចំណូល ពីព្រោះបើពួកគេឈប់ធ្វើសកម្មភាពនោះពួកគេក៏គ្មានប្រាក់ចំណូលដែរ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ