កាលពីថ្ងៃច័ន្ទ ទី27 ឆ្នាំ2022នេះ ក្រុមហ៊ុន Twitter បានប្រកាសជាផ្លូវការថា ខ្លួនត្រូវបានចុះកិច្ចព្រមព្រៀងលក់ក្នុងតម្លៃ $44 ពាន់លានដុល្លារទៅឱ្យសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ ហើយនេះ ជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានខិតខំតស៊ូដើម្បីទទួលបានអ្នកប្រើប្រាស់ និងបង្កើនប្រាក់ចំណេញជាយូរណាស់មកហើយ។
សូមបញ្ជាក់ផងដែរថា បណ្តាញសង្គម Twitter មានអ្នកប្រើប្រាស់ ប្រហែល200លាននាក់ជារៀងរាល់ថ្ងៃ ហើយភាគច្រើនជាអ្នកនយោបាយល្បីៗ និងជាអ្នកមហាសេដ្ឋីនៅអ៊ឺរ៉ុបនិងអាមេរិច ដោយពួកគេបានប្រើប្រាស់ Twitter ជាផ្លូវការតែម្តង។
បន្ថែមពីនេះ ក្រោយពី Elon Musk បានចំណាយលុយទិញយក Twitter ដើម្បីមានសិទ្ធិគ្រប់គ្រងពេញលេញ ក៏មានមហាជនជាច្រើនក៏មានចម្ងល់មួយដែរថា ហេតុអ្វីបានជា Elon Musk ហ៊ានចំណាយលុយ ដើម្បីទិញយក Twitter? តើគាត់មានគោលបំណងអ្វី? ដូច្នេះហើយនៅខ្លឹមសារខាងក្រោមនឹងបង្ហាញហេតុផលដែល Elon Musk សម្រេចចិត្តទិញយក Twitter។
Elon Musk បានបង្ហាញថា លោកបានមើលឃើញអំពីអនាគតវែងឆ្ងាយរបស់ Twitter ហើយលោកក៏មានផែនការក្នុងការបម្លែងបណ្ដាញសង្គមនេះ ដូចជា៖
- ធ្វើឱ្យបណ្ដាញសង្គម Twitter ក្លាយជាបណ្ដាញសង្គមឌីជីថលដ៏មានសក្ដានុពលមួយដែលអាចធ្វើឱ្យមនុស្សជាតិអាចជជែក ការបញ្ចេញមតិយោបល់ និងពិភាក្សាគ្នាដោយសេរីនាថ្ងៃអនាគត។
- ធ្វើឱ្យ Twitter ប្រសើរជាងពេលណាៗទាំងអស់ ដោយបង្កើនផលិតផលជាមួយនឹងមុខងារថ្មីៗ ធ្វើឱ្យមានប្រភពបើកចំហដើម្បីបង្កើនការជឿទុកចិត្ត ដោយកម្ចាត់ Spam Bots និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវថាអ្នកប្រើប្រាស់ Twitter ទាំងអស់ សុទ្ធតែជាមនុស្សពិតប្រាកដ។ ដោយកន្លងមក Spam bots វាមានតួនាទីអាចបង្កើតគណនីក្លែងក្លាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីផ្ញើសារ ឬអ្នកផ្តល់សេវាបង្ហោះអ៊ីម៉ែលជាដើម។