អ្នកដឹកនាំមិនមែនគ្រាន់តែជាងារដែលអ្នកទទួលបាននៅពេលដែលអ្នកត្រូវបានគេឡើងដំណែងឲ្យនោះទេ។ ខាងក្រោមនេះគឺជាបុក្គលិកលក្ខណៈដែលអ្នកដឹកនាំពិតប្រាកដតែងតែមាន ៖
១.អ្នកដឹកនាំពិតប្រាកដស្ដាប់មុនធ្វើសកម្មភាពក្រោយ
ដើម្បីដឹកនាំអ្នកណាម្នាក់យ៉ាងមានប្រសិទ្ធភាព អ្នកត្រូវចំណាយពេលស្ដាប់និងយល់ឲ្យបានច្បាស់ពីស្ថានភាពរបស់អ្នកនៅក្រោមបង្គាប់ជាមុនសិន មុននឹងអ្នកដោះស្រាយបញ្ហាឲ្យគេឬចង់ដឹកនាំគេ។
២.អ្នកដឹកនាំពិតប្រាកដមិនធ្វើការសម្រេចចិត្តនៅក្នុងស្ថានភាពតឹងតែងនោះទេ
អ្នកដឹកនាំម្នាក់រង់ចាំទាល់តែស្ថានការណ៍បានធូរស្បើយទៅវិញឬកំហឹងបានស្រកចុះខ្លះ មុនពេលដែលពួកគាត់ផ្តល់នូវដំណោះស្រាយដើម្បីឈានដល់ការសម្រេចចិត្ត។
៣.អ្នកដឹកនាំពិតប្រាកដដឹងអ្វីដែលគេមិនដឹង
ក្នុងនាមអ្នកជាអ្នកដឹកនាំពិតប្រាកដអ្នកត្រូវដឹងពីកិច្ចការទាំងអស់បើទោះបីជារឿងនោះអ្នកផ្សេងទៀតមិនដឹងក៏ដោយ។ អ្នកដឹកនាំគឺស្វែងរកគន្លឹះឬវិធីសាស្ត្រផ្សេងៗដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុនឲ្យបាន។
៣.អ្នកដឹកនាំពិតប្រាកដមិនចង់ក្លាយជាអ្នកដែលឆ្លាតជាងគេបំផុតនៅក្នុងបន្ទប់ប្រជុំនោះទេ
បើអ្នកជាអ្នកគ្រប់គ្រងគេហើយអ្នកជួលបុគ្គលិកមកធ្វើការឲ្យអ្នកដែលពួកគេមានកម្រិតចំណេះដឹងទាបជាងអ្នក ហើយនៅពេលប្រជុំអ្នកតម្លើងខ្លួនឯងឲ្យខ្ពស់ទៀតនោះអ្នកឯទៀតនឹងបាក់ទឹកចិត្ត។ គេនឹងមិនហ៊ានបញ្ចេញយោបល់ឬបង្ហាញសមត្ថភាពឲ្យអស់ទេ។ អ្នកដឹកនាំពិតម្នាក់ដឹងពីរឿងនេះច្បាស់។ ហេតុនេះហើយ គេអាចធ្វើខ្លួនឲ្យទាបដូចអ្នកដទៃដើម្បីឲ្យបុគ្គលិកមានអារម្មណ៍ថាគេក៏មានសិទ្ធិគេដែរ។
៥.អ្នកដឹកនាំពិតប្រាកដធ្វើឲ្យដំណើរការបានល្អបំផុត
អ្នកដឹកនាំពិតដឹងថាភាពអស្ចារ្យមិនមែនជាអ្វីដែលកើតឡើងភ្លាមៗទេ។ វាជាលទ្ធផលដែលបានមកពីការសន្សំអស់ពេលជាច្រើនម៉ោង ច្រើនថ្ងៃ ច្រើនខែ និងច្រើនឆ្នាំនៃការអនុវត្តន៍និងការប្រើប្រាស់ឥទ្ធិពលយ៉ាងយកចិត្តទុកដាក់។
៦.អ្នកដឹកនាំពិតប្រាកដផ្តល់មតិកែតម្រូវបែបស្ថាបនានិងវិជ្ជមាន
អ្នកដឹកនាំដ៏អស្ចារ្យរកវិធីសាស្ត្រដែលពួកគេអាចកែតម្រូវអ្នកដទៃ ព្រមទាំងអាចជួយនិងអភិវឌ្ឍសមត្ថភាពរបស់ពួកគេបាន ហើយវាមិនមែនជាការទាញទម្លាក់អ្នកដទៃទេ។
៧.អ្នកដឹកនាំពិតប្រាកដធ្វើអ្វីដែលគួរធ្វើ
អ្នកដែលនិយាយថា “នោះគឺមិនមែនជាការងាររបស់ខ្ញុំទេ” គឺមិនមែនជាអ្នកដឹកនាំទេ។ ជាការពិតមនុស្សត្រូវមានទំនួលខុសត្រូវចំពោះការងាររបស់ពួកគេ តែបើអ្នកចង់ធ្វើជាអ្នកដឹកនាំគេអ្នកមិនត្រូវខ្វល់ខ្វាយតែការងាររបស់ខ្លួនឯងឡើយ។
៨.អ្នកដឹកនាំពិតប្រាកដជ្រោមជ្រែងឲ្យមានវប្បធម៌វិជ្ជមាននៅក្នុងក្រុមហ៊ុន
អ្នកដឹកនាំដ៏ល្អដឹងថាអ្វីដែលសំខាន់គឺការបង្កើតបរិយាកាសមួយដែលធ្វើឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនមានអារម្មណ៍ថាក្រុមហ៊ុនរបស់គេជាកន្លែងដែលជួយជម្រុញឲ្យមានភាពជោគជ័យ អាចនាំគំនិតមកកាន់អង្គប្រជុំ និងយកចិត្តទុកដាក់ពីបុគ្គលិកគ្រប់គ្នា។
៩.អ្នកដឹកនាំពិតប្រាកដតែងតែមានផ្លូវដោះស្រាយបញ្ហា
អ្នកដឹកនាំមិនដែលនិយាយថាវាមិនអាចទៅរួចនោះទេ។ គេតែងតែគិតថាយ៉ាងហោចណាស់ក៏មានផ្លូវមួយដែរ។ ពួកគេធ្វើអ្វីក៏ដោយដើម្បីទទួលបានដំណោះស្រាយចំពោះបញ្ហានៅខាងមុខ។
ប្រភព៖ www.entrepreneur.com