spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារអាជីវកម្មទើបតែចូលទីផ្សារដំបូង តើត្រូវប្រើយុទ្ធសាស្រ្តទីផ្សារអ្វីដើម្បីឱ្យគេស្គាល់?

អាជីវកម្មទើបតែចូលទីផ្សារដំបូង តើត្រូវប្រើយុទ្ធសាស្រ្តទីផ្សារអ្វីដើម្បីឱ្យគេស្គាល់?

-

អាជីវកម្មដែលទើបតែបង្កើតថ្មី ហើយមានផលិតផលឬសេវាកម្មថ្មីដែលមិនទាន់មាននៅក្នុងទីផ្សារ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនមិនទាន់បានស្គាល់ ដូច្នេះទាមទារឱ្យម្ចាស់អាជីវកម្មត្រូវតែធ្វើយុទ្ធសាស្រ្តទីផ្សារដើម្បីចូលទៅកាន់ទីផ្សារក្នុងការធ្វើឱ្យមនុស្សបានស្គាល់។

ជំហានដំបូងមុននឹងអ្នកចាប់ផ្ដើមដំណើរការអាជីវកម្ម ហើយអាចប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារមួយចំនួនដើម្បីចូលក្នុងទីផ្សារ អ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោមជាមុនសិន។

1. កំណត់អត្តសញ្ញាណអ្នកទិញរបស់អ្នក

ត្រង់ចំណុចនេះ សំដៅលើការកំណត់អត្តសញ្ញាណ ថាតើនរណាជាក្រុមអតិថិជនគោលដៅរបស់អ្នក? តើអ្វីជាបុគ្គលិកលក្ខណៈរបស់អតិថិជនរបស់អ្នក? ជាទូទៅ តើទំនោរនៃការសម្រេចចិត្តទិញរបស់ពួកគេយ៉ាងណាដែរ? ដើម្បីអាចដឹងបានយ៉ាងច្បាស់ អ្នកត្រូវតែបង្កើតក្រុមក្នុងការសិក្សាវិភាគអំពីក្រុមអតិថិជនរបស់អ្នកឱ្យបានច្បាស់។ ធ្វើបែបនេះ ទើបអ្នកងាយស្រួលក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សារត្រូវជាមួយនឹងតម្រូវការដែលអតិថិជនរបស់អ្នកចង់បាន។

2. កំណត់គុណតម្លៃដែលក្រុមហ៊ុនរបស់អ្នកផ្ដោតលើ

មានន័យថា អ្នកត្រូវតែបង្កើតគុណតម្លៃលើផលិតផលរបស់អ្នក បង្កើតសារខ្លីមួយដើម្បីទាក់ទាញចិត្តអតិថិជន និងធ្វើយ៉ាងណាឱ្យក្រុមអតិថិជនរបស់អ្នកស្គាល់អំពីអត្តសញ្ញាណរបស់អ្នក ហើយស្គាល់ពីអ្វីដែលក្រុមហ៊ុនរបស់អ្នកផ្ដោតលើ។ ឧទាហរណ៍៖ ក្រុមហ៊ុនស្បែកជើងប៉ាត់តា Nike គឺគេមានសារមួយដែលនិយាយថា “Just do it” ដែលជំរុញឱ្យមនុស្សស្គាល់ និងទាញចំណាប់របស់អតិថិជនបាន។ ម្យ៉ាងទៀត ក្រុមហ៊ុននេះ ក៏ផ្ដល់គុណតម្លៃលើស្បែកជើងរបស់ពួកគេ ដូចជាងាយស្រួលពាក់ និងរត់បានលឿន ហើយអតិថិជនគោលដៅរបស់ពួកគេគឺអ្នកចូលចិត្តលេងបាល់ ហាត់ប្រាណ ហើយពេញនិយមនឹងការពាក់ស្បែកជើងប៉ាត់តានេះ។ ជារួមមក អ្នកក៏ដូចគ្នា ត្រូវតែកំណត់គុណតម្លៃដែលក្រុមហ៊ុនផ្ដោតលើ តាមរយៈគុណតម្លៃដែលអ្នកបានកំណត់ដោយវាអាចដោះស្រាយបញ្ហារបស់ក្រុមអតិថិជនរបស់អ្នក និងមានភាពល្អជាងគូប្រកួតប្រជែង។

3. កំណត់យុទ្ធសាស្ត្រទីផ្សារ

ក្រោយពីបានកំណត់អត្តសញ្ញាណអតិថិជន និងបានសិក្សាស៊ីជម្រៅអំពីអតិថិជនជានរណា អតិថិជនមានទំនោរក្នុងការប្រើប្រាស់ និងសម្រេចចិត្តទិញបែបណាហើយ ជំហានបន្ទាប់អ្នកត្រូវកំណត់នូវយុទ្ធសាស្រ្តទីផ្សារសំខាន់ៗមួយចំនួន រួមមាន៖​

  • កំណត់តម្លៃ៖ ដោយធ្វើយ៉ាងណាឱ្យតម្លៃមានលក្ខណៈស្ដង់ដារត្រូវជាមួយនឹងលទ្ធភាពដែលក្រុមអតិថិជនរបស់អ្នកហ៊ានចំណាយ។ ម្យ៉ាងទៀតត្រូវកំណត់តម្លៃដែលមានលក្ខណៈពិសេសខុសពីគូប្រកួតប្រជែង។
  • កំណត់ទីតាំង៖ ត្រូវកំណត់ទីកន្លែងណាដែលផលិតផលរបស់អ្នកសក្តិសមនឹងទីផ្សារ និងសម្បូរដោយក្រុមអតិថិជនគោលដៅតាំងនៅច្រើន ជាពិសេសជាទីតាំងដែលងាយស្រួលរក ហើយមានផាសុកភាពល្អ។
  • ការផ្ញើសារ៖ ជ្រើសរើសពាក្យពេចន៍ចំនួន 3ពាក្យ ឬច្រើន ប៉ុន្តែរក្សាភាពសាមញ្ញ ខ្លីខ្លឹម ដែលអាចធ្វើឱ្យមនុស្សចងចាំ មនុស្សចង់បាន និងអាចដោះស្រាយទុក្ខកង្វល់របស់អតិថិជន។ ឧទាហរណ៍ មនុស្សចង់បានសុវត្ថិភាពនៅពេលជិះឡានតាក់ស៊ី ដូច្នេះក្រុមហ៊ុន LM Car បានប្រកាន់ភ្ជាប់នូវសារមួយគឺ “សុវត្ថិភាពរបស់អ្នកធ្វើដំណើរ គឺជាការយកចិត្តទុកដាក់បំផុតរបស់ LM CAR”។
  • សម្ភារៈជំនួយការលក់៖ អ្នកត្រូវកំណត់ថា តើមានសម្ភារៈ ឬឧបករណ៍អ្វីដែលជួយគាំទ្រដើម្បីជួយឱ្យការលក់ដំណើរការបានល្អ។
  • ដំណើរការទិញរបស់អតិថិជន៖ កំណត់អាកប្បកិរិយារបស់អ្នកទិញ​ ទាំងមុនពេលសម្រេចទិញ និងក្រោយពេលទិញរួច។
  • ស្គាល់អតិថិជនជាលក្ខណៈបុគ្គល៖ ការដឹងថានរណាប្រើប្រាស់ផលិតផលរបស់អ្នក ហើយក៏ត្រូវស្គាល់ពីអាកប្បកិរិយា និងលក្ខណៈជាក់លាក់របស់ពួកគេម្នាក់ៗផងដែរ។
4. បង្កើតផែនការទីផ្សារ

ផ្នែកនេះ សំដៅលើការប្រើយុទ្ធសាស្រ្តទីផ្សារ និងមានផែនការដើម្បីជំរុញផលិតផលសេវាកម្មថ្មីរបស់អ្នកចូលទៅកាន់ទីផ្សារជាសាធារណៈដើម្បីធ្វើយុទ្ធនាការណ៍ឱ្យមនុស្សបានស្គាល់។ ការបង្កើតផែនការទីផ្សារនេះ អ្នកអាចផ្ដោតលើ៖

  • Branding៖ ផ្សព្វផ្សាយឱ្យមនុស្សស្គាល់ក្រុមហ៊ុនរបស់អ្នកជានរណា ផ្ដោតលើអ្វី និងធ្វើយ៉ាងណាផ្សព្វផ្សាយអំពីខ្លួនឯងក្នុងគោលបំណងឱ្យមនុស្សចាប់ផ្ដើមឈ្វេងយល់និងស្គាល់អំពីអ្នក។
  • បង្កើតមាតិការដែលពាក់ព័ន្ធនឹងផលិតផលសេវាកម្មរបស់អ្នកដើម្បីធ្វើការផ្សព្វផ្សាយ
  • ជ្រើសរើសទីកន្លែងដើម្បីធ្វើការផ្សព្វផ្សាយឱ្យត្រូវជាមួយនឹងអតិថិជនគោលដៅ
  • ធ្វើកម្មវិធីផ្សេងៗដើម្បីជំរុញឱ្យមនុស្សចាប់ផ្ដើមស្គាល់បន្តិចម្ដងៗ និងធ្វើឱ្យមនុស្សនិយាយពីមាត់មួយទៅមាត់មួយអំពីក្រុមហ៊ុនរបស់អ្នក

បន្ទាប់ពីអ្នកបានអនុវត្តន៍ជំហាននេះរួចហើយ អ្នកអាចចាប់ផ្ដើមជ្រើសរើសយុទ្ធសាស្រ្តណាមួយដែលអ្នកពេញចិត្តដើម្បីធ្វើឱ្យផលិតផលសេវាកម្មរបស់អ្នកចូលទៅកាន់ទីផ្សារ។

1. យុទ្ធសាស្រ្តប្រម៉ូសិន

អ្នកអាចប្រើប្រាស់យុទ្ធសាស្រ្តនេះនៅពេលហាងរបស់អ្នកទើបតែចាប់ផ្ដើមសម្ពោធថ្មីៗ ដោយកំណត់ពេលវេលាជាក់លាក់ក្នុងការប្រម៉ូសិន ដោយក្នុងនោះអ្នកអាចបង្ហាញថា ហាងសម្ពោធថ្មី ដូច្នេះយើងមានការផ្ដល់ជូននូវការប្រើប្រាស់សាកល្បងដោយចែក free។ មួយទៀត អាចប្រម៉ូសិនតាមរយៈទិញមួយថែមមួយ ។ល។

2. យុទ្ធសាស្រ្តរុញ-ទាញ

យុទ្ធសាស្រ្តនេះសំដៅលើការលេងហ្គេមបានរង្វាន់ និងការចែកចាយនៅតាមអ្នកចែកចាយខ្នាតតូចៗ (អ្នកលក់ចាប់ហួយ) នៅតាមតំបន់ដែលមានសក្ដានុពលសម្រាប់ផលិតផលសេវាកម្មរបស់អ្នក ដើម្បីឱ្យអ្នកចែកចាយទាំងនោះណែនាំបន្តឱ្យអ្នកផ្សេងចាប់ផ្ដើមសាកល្បងប្រើប្រាស់ និងទិញ។​ ហើយចំពោះអ្នកតំណាងចែកចាយតូចណាមួយលក់ដាច់ខ្លាំង ខាងក្រុមហ៊ុនមានអ្វីពិសេសផ្ដល់ជូន។

3. យុទ្ធសាស្រ្តធ្វើឱ្យមានភាពពេញនិយម

យុទ្ធសាស្រ្តនេះ អាចរៀងត្រូវចំណាយលុយច្រើនបន្តិច ប៉ុន្តែទទួលបានផលច្រើន ដោយម្ចាស់អាជីវកម្មអាចចំណាយលុយលើការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមណាដែលអតិថិជនគោលដៅពេញនិយមទស្សនា និងចំណាយពេលវេលាលើ។ យុទ្ធសាស្រ្តនេះ គឺឱ្យកម្មវិធីល្បីៗ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម និងតារាល្បីៗ ក្នុងការផ្សព្វផ្សាយឱ្យបានច្រើន។ ធ្វើបែបនេះ មនុស្សចាប់ផ្ដើមចង់សាក និងស្គាល់លឿនអំពីអ្នក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ