បញ្ហាអាចកើតមានឡើងនៅគ្រប់ទីកន្លែង។ ក្នុងនាមអ្នកជាម្ចាស់អាជីវកម្មឬជាបុគ្គលិកក្រុមហ៊ុនក៏ដោយក៏អ្នកត្រូវតែដឹងថាតើមានបញ្ហាប្រឈមអ្វីខ្លះដែលគេជួបប្រទះនៅក្នុងទីផ្សារសព្វថ្ងៃ។ មិនថាម្ចាស់អាជីវកម្មដែលបើកអាជីវកម្មយូរហើយឬម្ចាស់អាជីវកម្មថ្មីដែលទើបតែចូលប្រឡូកក្នុងវិស័យធុរកិច្ចនោះទេគឺសុទ្ធតែត្រូវស្វែងយល់ដើម្បីរកដំណោះស្រាយចំពោះបញ្ហាទាំងអស់នោះព្រោះថាបរិយាកាសសង្គមតែងមានភាពបត់បែនរីឯបញ្ហាក៏ប្លែកទៅតាមនោះដូចគ្នាដែរ។
ខាងក្រោមនេះគំនិតនឹងលើកយកបញ្ហាជួបប្រទះដែលគេសង្កេតឃើញថាកើតមានឡើងជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តងជាពិសេសចំពោះការសម្រេចចិត្តវិនិយោគទៅលើវិស័យឯកជន ៖
- ហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់គ្រប់គ្រាន់ ៖ ដោយសារតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍនិងទើបតែងើបពីសង្រ្គាមមិនទាន់បានប៉ុន្មានទើបធ្វើឲ្យថវិកាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន ថ្នល់ អគារជាដើមមិនទាន់គ្រប់គ្រាន់។
- អំពើពុករលួយ ៖ វាកើតឡើងមានយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាមិនថាវិស័យរដ្ឋឬវិស័យឯកជននោះទេ។ ប៉ុន្តែសម័យកាលបានផ្លាស់ប្តូរ ហើយអំពើពុករលួយក៏ថយចុះខ្លះដែរ។ ប៉ុន្តែ ទោះជាមានការថយចុះយ៉ាងណាក៏ដោយ ក៏ខ្ទង់ចំណាយក្រៅផ្លូវការសម្រាប់រត់ការឯកសារ ឬការធ្វើនិតិវិធីផ្សេងៗនៅមានកម្រិតខ្ពស់ ដែលជាបញ្ហាមួយត្រូវដែលដោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីជម្រុញ និងលើកទឹកចិត្តអ្នកវិនិយោគ។
- ភាពទន់ខ្សោយនៃច្បាប់ ៖ ថ្វីត្បិតតែមានច្បាប់ត្រឹមត្រូវប្រាកដមែន ប៉ុន្តែចំពោះការអនុវត្តគឺនៅមានភាពធូររលុងនៅឡើយ។
- តម្លៃថាមពលថ្លៃ ៖ បច្ចេកវិទ្យានៅមិនទាន់រីកចម្រើន ខ្វះខាតថវិកា បូករួមនឹងធនធានមនុស្សនៅមិនទាន់គ្រប់គ្រាន់ជាហេតុនាំឲ្យកម្ពុជាមិនទាន់អាចផលិតថាមពលប្រើប្រាស់ដោយខ្លួនឯងបានគ្រប់គ្រាន់នៅឡើយ និងត្រូវទិញថាមពលពីប្រទេសជិតខាងសម្រាប់ឲ្យប្រជាជនក្នុងប្រទេសយកមកប្រើប្រាស់។
- ធនធានមនុស្សនៅមានកម្រិត ៖ ដោយសារតែប្រទេសកម្ពុជានៅជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ សាលារៀនកម្រិតមធ្យមនិងខ្ពស់នៅមិនទាន់អាចពង្រីកខ្លួនទៅកាន់តំបន់ដាច់ស្រយាលបាន ហើយប្រជាជនមានចំនួនតិចទៀតផងនោះ នាំឲ្យប្រទេសកម្ពុជាខ្វះខាតកម្មករជំនាញជាច្រើននាក់។
- ថ្ងៃឈប់សម្រាកច្រើន៖ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេ ដែលជាកត្តាធ្វើឱ្យអ្នកវិនិយោគមួយចំនួនស្ទាក់ស្ទើរក្នុងការវិនិយោគ។
- ប្រសិទ្ធផលការងារទាប៖ ប្រសិនបើយើងនិយាយពីផលិតភាព និងប្រសិទ្ធផលការងារវិញ និយោជិកភាគច្រើនគឺនៅមានកម្រិតទាបនៅឡើយបើធៀបទៅនឹងប្រទេសជិតខាងរបស់យើង។
ទោះជាមានបញ្ហាមួយចំនួនដូចដែលបានលើកឡើងខាងលើក្តី ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយដែលពោរពេញទៅដោយឱកាសដោយសារតែអ្វីៗស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍ។ នៅពេលដែលយើងដឹងពីបញ្ហាដែលអាចជួបប្រទះ យើងនឹងអាចរកដំណោះស្រាយ ឬត្រៀមខ្លួនជាមុន ដើម្បីប្រឈមមុខនឹងបញ្ហាផ្សេងៗ ហើយនៅពេលដែលយើងអាចជំនះរាល់ឧបសគ្គនិងបញ្ហា យើងនឹងទទួលបានជោគជ័យជាមិនខាន។