នៅពេលដែលអ្នកជួបនឹងវិបត្តិណាមួយ តើអ្នកនឹងងើបឡើងប្រឆាំងនឹងវា ឬមួយក៏អ្នកសុខចិត្តឲ្យវិបត្តិទាំងនោះយកឈ្នះមកលើអ្នក?
ខណៈពេលដែលជួបនូវវិបត្តិណាមួយដោយយថាហេតុ អ្នកដឹកនាំត្រូវតែដឹកនាំនិងដោះស្រាយរាល់បញ្ហាទាំងនោះឲ្យបានរួចរាល់។ រាល់ពេលដែលមានភាពវឹកវរកើតឡើងដោយអចេតនា វាគឺជាឱកាសសម្រាប់អ្នកដឹកនាំបង្កើតអ្វីមួយដែលថ្មី ដែលប្លែកដើម្បីជួយមនុស្សឲ្យរួចផុតពីភាពគ្រោះថ្នាក់អស់ទាំងនោះ ដែលមើលទៅហាក់ដូចជាមិនអាចទៅរួច ដូចជាអ្នកពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ចូលទៅជួយមនុស្សដែលកំពុងតែឋិតនៅក្នុងភ្នក់ភ្លើងដ៏ក្ដៅដូច្នឹងដែរ។ ដូច្នេះហើយអ្នកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានឆាប់រហ័ស និង មានភាពត្រឹមត្រូវហើយសមហេតុផលមួយ ពីព្រោះ ទាំងជីវិត ទាំងការរកស៊ីរបស់អ្នក របស់ក្រុមហ៊ុន និងប្រទេសជាតិទាំងមូល គឺត្រូវពឹងផ្អែកទៅលើការសម្រេចចិត្តមួយនេះហើយ។ ខាងក្រោមនេះគឺជាវិធី១០យ៉ាងដែលអ្នកដឹកនាំអាចងើបឡើងដើម្បីប្រឆាំងតបតទៅវិញ៖
១. សម្រួចការរំពឹងទុក
នៅពេលដែលមានវិបត្តិណាមួយកើតឡើង អ្នកនឹងមិនមានចម្លើយសម្រាប់វាទាំងអស់នោះទេ ប៉ុន្តែអ្នកត្រូវដោះស្រាយនូវអ្វីដែលអ្នកមិនស្គាល់ ហើយ ត្រូវនិយាយដោយមានភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ទើបអាចគ្រប់គ្រងស្ថានភាពអាក្រក់ទាំងនោះបាន។ អ្នកគឺជាមនុស្សម្នាក់ដែលមនុស្សរាល់គ្នាបានដាក់ការរំពឹងទុក ថាអ្នកប្រាកដជាអាចធ្វើបាន អាចរំដោះខ្លួនឯង និង ពួកគេឲ្យរួចផុតពីបញ្ហាស្មុគស្មាញទាំងនេះបាន។ ការសម្រួចនូវការំពឹងទុក ឱ្យស្របនឹងភាពជាក់ស្ដែង គឺត្រូវការជំនាញយល់ដឹងនិងការអត់ធ្មត់ ដើម្បីឲ្យអ្វីៗគ្រប់យ៉ាងទៅតាមអ្វីដែលអ្នកកំណត់។
២. ភ្នែកទាំងអស់គឺកំពុងមើលមកអ្នក
អ្នកដឹកនាំភាគច្រើនតែងតែភ្លេចថាភ្នែកទាំងអស់គឺតែងតែចោលមកលើពួកគេនេះឯង។ នេះជាការពិតជាពិសេសនៅពេលដែលកម្លាំងអាំតង់ស៊ីតេនៃស្ថានភាពមួយកើតឡើងដោយយថាហេតុ។ នៅក្នុងកាលទេសៈនេះដែរមនុស្សចាប់ផ្ដើមងាកទៅរកមើលពីសកម្មភាព ពាក្យសម្ដី និងភាសាកាយវិការ របស់អ្នកដឹកនាំ សម្រាប់ដោះស្រាយ និង ការណែនាំ។ នេះយើងអាចប្រៀបធៀបទៅនឹងភាពចលាចល និងភាពច្របូកច្របល់មួយដែលកំពុងកើតមាននៅលើជើងហោះហើរមួយ ហើយពេលនោះមនុស្សគ្រប់គ្នានឹងចាប់ផ្ដើមក្រឡេកទៅមើលក្រុមអ្នកបម្រើការលើយន្តហោះជាមិនខាន ព្រោះពួកគេគឺជាអ្នកបញ្ជា និង គ្រប់គ្រងនូវស្ថានភាពទាំងនោះ។ ម្យ៉ាងវិញទៀត អ្នកដឹកនាំតែងស្គាល់ច្បាស់ពីខ្លួនឯង ហើយអ្នកត្រូវតែបង្ហាញនូវភាពជាខ្លួនអ្នក ទាំងតម្លៃ គុណភាព ភាពប៉ិនប្រសប់ និង បទពិសោធន៍ផ្សេងៗទៀត ដែលមនុស្សរាល់គ្នាបានទទួលយកនូវអ្វីដែលពួកគេមាន។ ហើយការប្រកួតប្រជែងរបស់អ្នកគឺព្រោះតែចង់ឃើញពីរូបភាពខាងក្រៅដែលអ្នកមាន និង ដើម្បីស្វែងយល់ថាអ្នកដទៃមើលមកលើអ្នកនិងស្គាល់អ្នកឲ្យដូចជាអ្នកដឹកនាំម្នាក់។ដូចនេះអ្វីដែលអ្នកដឹកនាំត្រូវអភិវឌ្ឍគឺត្រូវស្គាល់និងដឹងពីខ្លួនឯងឲ្យបានច្បាស់។
៣. មានភាពវិជ្ជមានជានិច្ច
ភាពវិជ្ជមានតែងធ្វើឲ្យកិច្ចការរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូនហើយថែមទាំងទទួលបានជោគជ័យផងដែរ។ គំនិតបែបសុទិដ្ឋិនិយម និង សកម្មភាពដែលវិជ្ជមាន គឺផ្ដោតទៅលើភាពរឹងមាំ ភាពខ្លាំង ភាពជោគជ័យ ឱកាស និង ការសហការគ្នា។ អ្នកដឹកនាំត្រូវតែបញ្ចេញមកឲ្យឃើញពីភាពជឿជាក់ សេចក្ដីទុកចិត្ត ក្ដីសង្ឃឹម និង ការគិតបែបសុទិដ្ឋិនិយម ដែលធ្វើឲ្យមានថាមពល មានការតាំងចិត្តខ្ពស់ និងគោលបំណងមួយដែលច្បាស់លាស់ដើម្បីជួយជម្រុញក្នុងការដោះស្រាយនូវវិបត្តមួយនេះ។
៤ និយាយពីការពិត
ការប្រាស្រ័យទាក់ទងគ្នាគឺជាសរសរស្តម្ភមួយដ៏រឹងមាំសម្រាប់អ្នក។ ជារឿយៗវិបត្តិរួមបញ្ចូលនូវព័ត៌មានមិនពិត ដែលនាំឲ្យមនុស្សមានការយល់ច្រឡំនិង ភ័ន្តភាំងជាមួយនឹងបញ្ហាទាំងនោះ។ និយាយពីការពិតគឺអ្នកត្រូវពន្យល់ពីបញ្ហាណាមួយឲ្យបានត្រឹមត្រូវ ទៅកាន់នរណាម្នាក់ប្រកបដោយភាពសោ្មះត្រង់ និង អាចជឿទុកចិត្តបាន ដោយពឹងផ្អែកទៅលើភាពវិជ្ជមានដើម្បីសម្រេចវាបាន។ អ្នកត្រូវជ្រើសរើសពាក្យឲ្យបានទូលាយ និយាយឲ្យបានក្បោះក្បាយ និង ច្បាស់លាស់ដើម្បីឲ្យពួកគេងាយយល់។
៥. ដឹងពីគោលពីជំហររបស់ខ្លួន
នៅពេលដែលមាននរណាម្នាក់សួរអ្នកថា ក្នុ្ងងនាមអ្នកជាអ្នកដឹកនាំម្នាក់ តើអ្នកត្រូវឈរតំណាងឲ្យអ្វី? តើអ្នកត្រូវនិយាយបែបណា? តើគោលបំណង បេសកកម្ម និង គុណតម្លៃរបស់អ្នកជាអ្វី?ទាំងនេះគឺជាសកម្មភាពមួយដែលអ្នកគួរតែឆ្លុះបញ្ចាំង។ វាមិនមែនជាការដែលអ្នកត្រូវឈរតំណាងអ្វីមួយនោះទេ ប៉ុន្តែគឺ ត្រូវឈរតំណាងឲ្យភាពខុសគ្នាដែលអ្នកបានបង្កើតនៅក្នុងពិភពលោក ហើយបោះជំហាន ចេញទៅក្រៅដើម្បីចែករំលែកពីគោលជំហររបស់អ្នក ដើម្បីលើកទឹកចិត្តមនុស្សទាំងអស់អាចធ្វើបានដូចៗគ្នា។ដូចនេះ ក្នុងនាមជាអ្នកដឹកនាំដែលពូកែម្នាក់ ត្រូវតែដឹងថា អ្នកឈរឈ្មោះតំណាងឲ្យអ្វី ហើយមានទំនួលខុសត្រូវអ្វីខ្លះ។ មេដឹកនាំគឺធ្វើការផ្អែកលើគោលដៅ ហើយអ្វីដែលជាបេសកម្មពិសេសរបស់អ្នកដឹកនាំគឺជម្រុញទឹកចិត្តឱ្យកូនក្រុមមានសកម្មភាពដើម្បីសម្រេចកិច្ចការ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកគឺជាម៉ាកយីហោមួយ ហើយកុំឱ្យឱកាសនេះបាត់បង់ឱ្យសោះដើម្បីកសាងម៉ាកយីហោរបស់អ្នកឱ្យរឹងមាំក្នុងស្ថានការណ៍ចលាចល។
៦ បង្ហាញពីការយល់ចិត្ត
អ្នកត្រូវស្ដាប់ដើម្បីចង់ដឹងនិងស្វែងយល់ពីមូលហេតុរបស់នរណាម្នាក់ដែលចង់ឲ្យអ្នកដឹង។ អ្នកគួរតែបង្ហាញទៅកាន់អ្នកដទៃពីការបារម្ភដ៏ពិតប្រាកដមួយតាមរយៈការគិតរបស់គេ ព្រោះពេលណាដែលអ្នកនិងអ្នកដទៃមានការគិតដូចគ្នា គឺពេលនោះហើយជាពេលដែលអ្នកទាំងសងខាងមានការយល់ចិត្តគ្នា។អ្នកត្រូវចាំថា ការយល់ចិត្តនរណាម្នាក់ គឺមិនមែនជាអ្វីដែលអ្នកខ្លួនឯងចង់បាននិងត្រូវការនោះទេ ប៉ុន្តែវាគឺជាអ្វីដែលអ្នកដទៃត្រូវការ។ដូចនេះហើយ សកម្មភាពរបស់អ្នកអាចធ្វើឲ្យពួកគេបានប្រសើរ និង មានថាមពលខ្ពស់បាន។
៧. មើលឃើញរូបភាពធំ
អ្នកដឹកនាំអាចមើលឃើញពីរូបភាពធំ និង អាចមើលឃើញពីផលប៉ះពាល់ដែលអាចកើតមានជាយូរមកហើយ មុនពេលដែលអ្នកដទៃធ្វើទៅទៀត។វាពិតជាចាំបាច់ណាស់ក្នុងការបោះជំហានទៅមុខ ដើម្បីស្វែងយល់និងសង្កេតពីស្ថានភាពដែលកំពុងតែកើតឡើង។ អ្វីដែលលំបាកបំផុតដែលត្រូវធ្វើនៅពេលមានវិបត្តិ គឺ ការបោះជំហានថយក្រោយពីការគ្រប់គ្រងបញ្ហាដែលទើបតែកើតមានឡើងថ្មីៗ ខណៈពេលដែលអ្នកឃើញមានបញ្ហាធំនៅចំពោះមុខ។
៨ ធ្វើម្ដងមួយដំណាក់កាលៗ និង ចេះអត់ធ្មត់
រក្សាស្មារតីអ្នកឲ្យបានល្អ រួចបន្តដំណើរទៅមុខទៀត ព្រោះមនុស្សចង់បានតែអារម្មណ៍មួយដែលស្ងប់ ហើយមានសុវត្ថិភាពតែប៉ុណ្ណោះ។ម្យ៉ាងវិញទៀត ការគ្រប់គ្រងរបស់អ្នកដឹកនាំគឺត្រូវតែមានភាពរហ័សរហួន និង ការអត់ធ្មត់ខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពមិនច្បាស់លាស់។ ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ថែរក្សាការពារខ្លួនឯងឲ្យបានល្អ ទាំងសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត ព្រោះវាធ្វើឲ្យអ្នកអាចអាចដោះស្រាយបញ្ហាផ្សេងៗទៀតបានល្អ និង គ្មានភាពរអាក់រអួល។
៩. មានគម្រោង
ភាពចាំបាច់ដែលអ្នកដឹកនាំត្រូវតែមានគឺត្រូវមានចក្ខុវិស័យខ្ពស់ និង គម្រោងច្បាស់លាស់។ ជាក់ស្ដែងបើសិនជាអ្នកមិនមានគោលដៅ មិនដឹងថាអ្នកចង់ទៅណា ហើយក៏មិនដឹងថាកំពុងទៅណា នោះអ្នកប្រាកដជាមិនអាចទៅដល់កន្លែងនោះឡើយ ទោះបីជាអ្នកទៅដល់ទីនោះក៏ដោយក៏វានៅតែអត់ប្រយោជន៍ដែរ ព្រោះអ្នកមិនដឹងថាអ្នកទៅកន្លែងនោះដើម្បីអ្វី។ដូច្នេះអ្នកត្រូវតែមានការផ្ដោតអារម្មណ៍ខ្ពស់ និង មានច្បាប់វិន័យឲ្យបានតឹងរឹងដើម្បីបញ្ចាក់ថាអ្នកមានគោលដៅច្បាស់លាស់ក្នុងការធ្វើវា។
១០. ដឹកនាំ
ការងារដែលដឹកនាំធ្វើគឺដឹកនាំ។ ពួកគេធ្វើការចេញពីចិត្តខ្លួនឯង ធ្វើដោយភាពក្លាហាន ដោយមានបញ្ញាស្មារតី និងភាពស្មោះត្រង់ដើម្បីស្វែងរកនូវវិធីដោះស្រាយវិបត្តទាំងនោះ។ អ្នកដឹកនាំតែងតែត្រៀមខ្លួន តែមិនភ័យខ្លាច ហើយតែងតែយកចិត្តទុកដាក់ដល់អ្នកដទៃ។ អ្នកដឹកនាំគឺជាមនុស្សធម្មតាដែលធ្វើការមិនធម្មតា។ ពួកគេគឺជាមនុស្សដែលអាចស្វែងរកឱកាសក្នុងវិបត្តិដើម្បីអាចកែប្រែស្ថានការណ៍របស់គេបាន។អាស្រ័យហេតុនេះហើយអ្នកមិនគួរខកខានឱកាសដ៏កម្រមួយនេះ ក្នុងការជួយប្រទេសជាតិ ឬជួយក្រុមហ៊ុន ឲ្យងើបឡើងវិញនោះទេ ព្រោះពិភពលោកទាំងមូលត្រូវការអ្នកដើម្បីស្រោចស្រង់។