កំហុសតែងតែកើតមានចំពោះមនុស្សគ្រប់គ្នាទោះបីជាពួកគេមិនបានដឹងខ្លួនក្តី។ ជាក់ស្តែងនៅកន្លែងការងារនីមួយៗក៏ដូចជានិយោជកផ្ទាល់ក៏ធ្លាប់មានកំហុសនៅឯការិយាល័យរបស់គេផងដែរ។ ខាងក្រោមនេះជាចំណុចមិនសមគួរមួយចំនួនដែលនិយោជកបានធ្វើ ឬធ្លាប់បានធ្វើជាកំពុងតែប្រព្រឹត្តជារឿយៗ។
១. កង្វះការយកចិត្តទុកដាក់កំឡុងពេលប្រជុំ
តើអ្នកគិតថាការមិនយកចិត្តទុកដាក់ចំពោះមិត្តរួមការងារជារឿងសមរម្យឬទេ? ជាការពិតណាស់វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រមូលផ្តុំអារម្មណ៍របស់អ្នកឲ្យផ្តោតតែលើកិច្ចការណាមួយ។ យោងទៅតាមការសិក្សាមួយរបស់ Wolf Management Consultant, LLC បានឲ្យដឹងថា ៧៣% នៃអ្នកចូលរួមប្រជុំតែងធ្វើអ្វីផ្សេងដែលមិនពាក់ព័ន្ធនឹងការងារ ស្របពេលដែល ៣៩% ទៀតតែងតែងោកកំឡុងពេលប្រជុំ។
២. ការចាកចេញពីការិយាល័យយឺតយ៉ាវ
ផ្អែកតាមការស្រាវជ្រាវរបស់វេបសាយ www.inc.com បង្ហាញថាបុគ្គដែលធ្វើការលើសពី ៤០ម៉ោងក្នុងមួយសប្តាហ៍គឺមានប្រសិទ្ធភាពការងារតិចជាងអ្នកដែលបានចាកចេញពីកន្លែងការងារទាន់ពេល។ ផ្ទុយមកវិញបុគ្គលិកភាគច្រើនតែងតែធ្វើការលើសម៉ោងបើទោះបីជាការងារនោះពួកគេអាចបញ្ចប់នៅថ្ងៃស្អែកក៏ដោយ។
៣. អង្គុយនៅតែតុធ្វើការនិងមិនក្រោកធ្វើចលនាឲ្យបានច្រើន
អ្នកជំនាញលើកឡើងថាការងើបក្រោកចេញពីតុរៀងរាល់ ២០នាទីម្តងអាចឲ្យយើងអាចកាត់បន្ថយបញ្ហាសុខភាពជាច្រើន។ ជាការពិតណាស់ការក្រោកឈរឬងើបចេញពីតុ ២០នាទីម្តងហាក់ដូចជាឃ្លាសាមញ្ញប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាព។
៤. ការប្រើប្រាស់អ៊ីនធឺណែត (Internet) មិនចំគោលដៅ
ជាធម្មតានៅក្នុងការធ្វើការងារមិនថាបុគ្គលិកឬនិយោជកតែងប្រើប្រាស់ប្រព័ន្ធ Internet។ ស្របពេលដែលគេយក Internet មកធ្វើជាប្រយោជន៍ មនុស្សមួយចំនួនក៏ឆ្លៀតប្រើវាដើម្បីលេងបណ្តាញសង្គមសម្រាប់កំសាន្តដូចជា Facebook, Instagram, Youtube ជាដើម បើទោះបីជាពួកគេប្រាប់ខ្លួនឯងថាមិនត្រូវធ្វើវាក៏ដោយ។
៥. ការញ៉ាំនៅក្នុងការិយាល័យដោយគ្មានសណ្តាប់ធ្នាប់
យោងតាមវេបសាយ www.usatoday.com ដែលសិក្សាទៅលើ CareerBuilder Study លើកឡើងថា ៤១% នៃមនុស្សដែលធាត់លើសទម្ងន់កំឡុងពេលធ្វើការគឺមកពីពួកគេញ៉ាំអាហារពេលធ្វើការងារ ហើយគិតតែពីអង្គុយធ្វើការ និងមានអារម្មណ៍ស្មុគស្មាញ (ស្ត្រេស) ច្រើន។
ប្រភព៖ http://www.forbes.com